កីឡាអន្តរជាតិ
អន្តរជាតិ
Rossi កំពូល​អ្នក​ប្រណាំង​ម៉ូតូ​ពិភពលោក ឆ្លង COVID-19
16, Oct 2020 , 5:30 pm        
រូបភាព
Valentino Rossi កំពូល​អ្នក​ប្រណាំង​ម៉ូតូ MotoGP ពិភពលោក ប្រកាសថា រូបគេ​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ OCOVID-19 ហើយ​អាច​នឹង​ខកខាន​ការប្រកួត​ពីរលើក​បន្ទាប់​ក្នុង​រដូវ​កាល​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​


 
​កីឡាករ​សញ្ជាតិ​អ៊ីតាលី​វ័យ ៤១ ឆ្នាំ និង​ជា​ម្ចាស់​ជើងឯក​ពិភពលោក ៩ សម័យកាល កំពុង​ឈរ​នៅ​លេខ​រៀង​ទី​១៣ ក្នុង​តារាង​ចំណាត់ថ្នាក់​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០២០​នេះ​។​
​ការប្រណាំង​បន្ទាប់​នឹងធ្វើ​នៅ Aragon ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី​១៨ ខែតុលា ខណៈ​ទីលាន​បន្ទាប់​នឹងធ្វើ​ឡើង​នៅ​មួយ​សប្តាហ៍​បន្ទាប់​។ ការប្រណាំង​ទាំង​ពីរលើក​បន្ទាប់​នេះ Rossi មាន​ភាគរយ​តិច​បំផុត​ក្នុងការ​បង្ហាញខ្លួន​លើ​ទីលាន​។​
 
Rossi បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់ខ្លួន​ថា​៖ «​ជា​សំណាងអាក្រក់​ព្រឹក​នេះ​ខ្ញុំ​បាន​ភ្ញាក់​ពី​គេង​ហើយ​ខ្ញុំ​មិនមាន​អារម្មណ៍ល្អ​ទេ​។ ឆ្អឹង​របស់ខ្ញុំ​ឈឺ​ហើយ​ខ្ញុំ​ក្តៅខ្លួន​បន្តិច​ដូច្នេះ​ខ្ញុំ​ក៏​ទូរ​សព្ទ​ទៅ​វេជ្ជបណ្ឌិត​ដែល​បានធ្វើ​តេស្ត​ខ្ញុំ​ដល់​ទៅ​ពីរដង​ភ្លាមៗ​។ ការធ្វើ​តេស្ត​ដំបូង​ចេញ​លទ្ធ​ផ​អវិជ្ជមាន តែ​តេស្ត​លើក​ទី​២​គឺ​វិជ្ជមាន​»​។​
 
​កំពូល​អ្នក​ប្រណាំង​ម៉ូតូ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​លទ្ធផល​តេស្ត​នេះ ខណៈ​រូបគេ​នឹងត្រូវ​ខកខាន​ការប្រណាំង​នៅ Aragon ឬ​អវត្តមាន​នៅ​ជំនួប​បន្ទាប់​ទៀតផង​។ Rossi អះអាងថា ការប្រណាំង​នៅ Aragon រូបគេ​នឹង​ទទួល​ជ័យជម្នះ​៕
 

Tag:
 MotoGP
  COVID-19
  Valentino Rossi
© រក្សាសិទ្ធិដោយ thmeythmey.com