អង្គការសុខភាពពិភពលោក(WHO) អះអាងនៅថ្ងៃទី១៤ តុលាថា យុវជន និងមនុស្សដែលមានសុខភាពល្អ អាចនឹងត្រូវចាំរហូតដល់ឆ្នាំ២០២២ ទើបទទួលបានវ៉ាក់សាំងបង្ការជំងឺCOVID-19។ អង្គការនេះអះអាងថា អាទិភាពក្នុងការទទួលបានវ៉ាក់សាំងត្រូវបានទៅមនុស្សងាយរងគ្រោះ និងបុគ្គលិកសុខាភិបាល។
បើទោះបីជាក្រុមហ៊ុនផលិតឱសថកំពុងស្វះស្វែងធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 និងសង្ឃឹមថាអាចនឹងប្រើប្រាស់បាននៅឆ្នាំ២០២១ក្តី អង្គការសុខភាពពិភពលោកអះអាងថា ការទទួលបានវ៉ាក់សាំងយ៉ាងរហ័ស និងក្នុងទ្រង់ទ្រាយធំទំនងជាមិនអាចធ្វើឡើងភ្លាមៗឡើយ។
លោកស្រីវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ WHO អះអាងថា ការផលិតវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាពរាប់ពាន់លានដូស ជាបញ្ហាប្រឈមដ៏ចម្បងមួយ។ លោកស្រីបន្តថា ប្រទេសនីមួយៗត្រូវមានការសម្រចចិត្តដ៏លំបាកមួយ ថា តើក្រុមមនុស្សណាដែលនឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេ ដោយសារតែលទ្ធភាពក្នុងការផលិតវ៉ាក់សាំងមានកម្រិត។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
«វានឹងមានការណែនាំច្រើនទៀត ប៉ុន្តែខ្ញុំគិតថាមនុស្សវ័យកណ្តាល និងបុគ្គលដែលមានសុខភាពល្អត្រូវចាំរហូតដល់ឆ្នាំ២០២២ ទើបទទួលបានវ៉ាក់សាំង»។ លោកស្រី Swaminathan បញ្ជាក់បែបនេះ ហើយបន្តថា ប្រទេសជាច្រើនយល់ស្របថា ក្រុមមនុស្សដែលនឹងទទួលបានវ៉ាក់សាំងដំបូងគេគឺបុគ្គលិកព្យាបាល និងអ្នកនៅជួរមុខ។ បន្ទាប់មក គេត្រូវកំណត់មនុស្សដែលមានហានិភ័យខ្ពស់ដូចជាមនុស្សវ័យចំណាស់ជាដើម។
ស្របពេលជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ដើម្បីលែងឲ្យមានការចម្លងថ្មី គេចាំបាច់ត្រូវផ្តល់វ៉ាក់សាំងឲ្យបាន៧០ភាគរយ នៃចំនួនប្រជាជនសរុប។
កន្លងទៅ WHO ក៏បានរិះគន់នូវគំនិតដែលចង់បង្កើតភាពស៊ាំនឹងជំងឺដោយបណ្តាលឲ្យមនុស្សឆ្លងមេរោគ(herd immunity) ។ WHO ចាត់ទុលវិធីសាស្ត្រនេះ ជារឿងគ្មានវិជ្ជាជីវៈ និងបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្សដោយមិនចាំបាច់។ លោកស្រីវេជ្ជបណ្ឌិត Swaminathan បញ្ជាក់ថា គេអាចនិយាយពីការបង្កើតភាពស៊ាំតាមរយៈការឆ្លងរោគ តែក្នុងបរិបទដែលគេមានវ៉ាក់សាំងតែប៉ុណ្ណោះ។
ជុំវិញវ៉ាក់សាំងដែលកំពុងធ្វើតេស្ត វ៉ាក់សាំងចំនួន២របស់ក្រុមហ៊ុន Johnson & Johnson របស់អាមេរិក និង AstraZeneca របស់អង់គ្លេស បានផ្អាកការធ្វើតេស្តដោយសារបញ្ហាសុវត្ថិភាព ក្រោយពេលអ្នកចូលរួមធ្វើតេស្តធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ។ ចំណែកវ៉ាក់សាំង Sputnik V របស់រុស្ស៊ីកំពុងតែបន្តស្ថិតក្នុងការធ្វើតេស្តតំណាក់កាលចុងក្រោយ រីឯវ៉ាក់សាំងរបស់ចិននឹងរួចរាល់សម្រាប់សាធារណៈនៅដើមខែវិច្ឆិកា ឬធ្នូ។
គិតត្រឹមពេលនេះ ជំងឺឆ្លងសាកល COVID-19 បណ្តាលឲ្យមានករណីឆ្លងច្រើនជាង៣៨លានករណី និងបាត់បង់ជីវិតចំនួន១,១លាននាក់។ ការឆ្លងនៅប្រទេសអឺរ៉ុបមួយចំនួន មានការកើនឡើងសារជាថ្មី ដូចជានៅហូឡង់ និងបារាំង ដែលសម្រេចដាក់ទីក្រុងប៉ារីសក្នុងស្ថានភាពអាសន្ន៕