មីយ៉ាន់ម៉ា៖ មនុស្សច្រើនជាងមួយលាននាក់នៅរដ្ឋ Rakhine មិនអាចបោះឆ្នោតបាន
អន្តរជាតិ
មីយ៉ាន់ម៉ា៖ មនុស្សច្រើនជាងមួយលាននាក់នៅរដ្ឋ Rakhine មិនអាចបោះឆ្នោតបាន
17, Oct 2020 , 3:47 pm        
រូបភាព
អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យធ្វើយុទ្ធនាការរកសំឡេងឆ្នោត។ រូបភាព AFP
អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យធ្វើយុទ្ធនាការរកសំឡេងឆ្នោត។ រូបភាព AFP
អ្នកបោះឆ្នោតច្រើនជាងមួយលាននាក់នៅឯរដ្ឋ Rakhine នឹងមិនអាចបោះឆ្នោតក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាចេញនៅល្ងាចថ្ងៃទី១៦ ខែតុលា ដោយលើកឡើងពីបញ្ហាអសន្តិសុខជាមូលហេតុធ្វើឲ្យរាំងស្ទះដំណើការបោះឆ្នោតនៅរដ្ឋភាគលិចមួយនេះ និងនៅតំបន់ឯទៀត។ ការសម្រេចចិត្តបែបនេះ រងការរិះគន់ថា នឹងធ្វើឲ្យលទ្ធផលបោះឆ្នោតមិនសូវមានតម្លៃ។

 
មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ ដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី រំពឹងថា នឹងឈ្នះឆ្នោតដើម្បីបន្តដឹកនាំប្រទេសមួយអាណត្តិទៀត។ យ៉ាងណាមិញ ជ័យជម្នះរបស់ NLD ទំនងជាប់ឈ្មោះមិនសូវល្អឡើយ ដោយអ្នកមានសិទ្ធិបោះឆ្នោតជាច្រើន នឹងមិនបានបោះឆ្នោតឡើយនៅតំបន់មួយចំនួនដែលមានអសន្តិសុខ។
 
ក្នុងសេចក្ដីប្រកាសល្ងាចថ្ងៃទី១៦ ខែតុលា គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា អះអាងថា បញ្ហាសន្តិសុខ ធ្វើឲ្យមនុស្សរាប់សែននាក់មិនអាចបោះឆ្នោតបាន ក្នុងនោះក៏មានអ្នកមានឈ្មោះជាង៨សែននាក់រដ្ឋ Rakhine ផងដែរ។ នៅរដ្ឋភាគខាងលិចមួយនេះ ប្រជាជនរ៉ូហ៊ីងយ៉ាប្រមាណ៦សែននាក់ ដែលត្រូវបានចាត់ទុកជាជនគ្មានរដ្ឋ ក៏គ្មានសិទ្ធិបោះឆ្នោតដែរ ដែលធ្វើឲ្យចំនួនអ្នកមិនអាចបោះឆ្នោតនៅរដ្ឋនេះកើនលើស១លាននាក់ ដែលស្មើនឹងជាងពីរភាគបីនៃពលរដ្ឋក្នុងរដ្ឋ។
 
«តំបន់ទាំងនេះ មិនអាចធានាលក្ខខណ្ឌដើម្បីការបោះឆ្នោតសេរី និងយុត្តិធម៌ឡើយ ហើយហេតុនេះទើបការបោះឆ្នោត ត្រូវបានលុបចោល។» គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបញ្ជាក់បែបនេះ ដោយត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ ក្រៅ Rakhine តំបន់ដែលមិនអាចបោះឆ្នោតបានមានរដ្ឋ Shan និង Kachin ដែលជាទីមានការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមភាគតិច។  
 
ការសម្រេចចិត្តបែបនេះ ត្រូវបានបក្សនយោបាយនៅរដ្ឋ Rakhine ប្រតិកម្មយ៉ាងខ្លាំង ព្រោះពួកគេសង្ឃឹមថា អាចទទួលបានកៅអីសភាតំណាងរាស្រ្តពីតំបន់នោះ។ លោក Tun Aung Kyaw អគ្គលេខាធិការបក្ស Arakan National Party អះអាងថា ការសម្រេចចិត្តខាងលើ ជារឿងនយោបាយច្រើនជាងបញ្ហាសន្តិសុខ ព្រោះមណ្ឌលបោះឆ្នោតជាច្រើនដែលត្រូវលុបចោលការបោះឆ្នោត ជាទីតាំងដែលបក្សលោកនឹងឈ្នះ។
 
លោក Sai Ye Kyaw Swar Myint នាយកប្រតិបត្តិសម្ព័ន្ធប្រជាជនដើម្បីការបោះឆ្នោតសុក្រឹតភាព ដែលជាស្ថាប័នឃ្លាំមើលការបោះឆ្នោតព្រមានថា ការលុបចោលការបោះឆ្នោត នឹងជះឥទ្ធិពលដល់ស្ថានភាពនយោបាយដ៏ផុយស្រួយក្នុងរដ្ឋ Rakhine ។ ឯលោក Richard Horsey អ្នកវិភាគមានមូលដ្ឋាននៅយ៉ាំងហ្គោនវិញជឿថា លទ្ធផលនៃការបោះឆ្នោតនឹងផ្អៀងទៅរកបក្ស NLD ៕

Tag:
 មីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com