ឥណ្ឌា បញ្ជូនអ្នកវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់រដូវរងានៅក្រុងញូវដែលី
អន្តរជាតិ
ឥណ្ឌា បញ្ជូនអ្នកវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់រដូវរងានៅក្រុងញូវដែលី
17, Oct 2020 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖ កង ម៉េងហុង
 
អាជ្ញាធរឥណ្ឌា បានបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅកាន់តំបន់ផ្សេងៗនៃរដ្ឋធានីញូដេលី និងស្រុកនៅជុំវិញនៅថ្ងៃ១៥ ខែតុលាដើម្បីបង្ក្រាបរោងចក្រ និងកន្លែងសាងសង់ខុសច្បាប់។ យុទ្ធនាការនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសរដូវរងាដែលកាន់តែអាក្រក់ទៅៗ។

 
រដ្ឋមន្រ្តីបរិស្ថានឥណ្ឌា លោក Prakash Javadekar បាននិយាយថា អ្នកវិទ្យាសាស្រ្ត ៥០ ក្រមមកពីគណៈកម្មាធិការត្រួតពិនិត្យការបំពុលកណ្តាល (CPCB) នឹងតាមដានការបំភាយឧស្ម័នធូលីពីកន្លែងសាងសង់ និងផ្សែងចេញពីការដុតសំរាមដែលជាប្រភពសំខាន់នៃការបំពុលខ្យល់ក្នុងទីក្រុងញូវដែលី។ ពួកគេ ត្រូវបានអនុញ្ញាតឲ្យបិទរោងចក្រខុសច្បាប់ ហើយអាចស្នើឲ្យមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលរំលោភច្បាប់នៅកន្លែងសាងសង់ទៀតផង។
 
វិធានការខាងលើ ធ្វើឡើងចំពេលដែលរដូវរងារខិតជិតដល់ ហើយការបំពុលខ្យល់កាន់តែយ៉ាប់យ៉ឺនក្នុងពេលនោះដែរ។ នៅទីក្រុងញូវដែលី ខ្យល់ចាប់ផ្ដើមធ្លាក់ ហើយអាកាសធាតុត្រជាក់ ក៏មកដល់ ប៉ុន្តែការបំពុលខ្យល់កំពុងធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលខ្លាំង។ បញ្ហានេះ ប្រែទៅកាន់តែធ្ងន់ធ្ងរដោយសារការដុតសំរាមនៅពាសពេញតំបន់ផលិតកសិផលរបស់ឥណ្ឌាមួយនេះ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Javadeka អះអាងថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់រដ្ឋនានាដូចជារដ្ឋ Punjab ដើម្បីលើកទឹកចិត្តកសិករឲ្យប្រើម៉ាស៊ីកម្ទេចកាកសំណល់ដំណាំជាជាងដុតសំណល់ដែលធ្វើឲ្យខ្យល់កាន់តែពុល។ «ខ្ញុំស្នើឲ្យរដ្ឋាភិបាលទីក្រុង Punjab ធានាថាការដុតសំរាមកសិកម្មនឹងត្រូវបញ្ចប់។ វាបង្កគ្រោះថ្នាក់ដល់ទីក្រុងញូវដែលី ហើយវាក៏បង្កគ្រោះថ្នាក់ដល់ប្រជាជន Punjab ផងដែរ» ។ នេះជាសម្តីរបស់លោក Javadekar។
 
យ៉ាងណាមិញ រដ្ឋមន្រ្តីបរិស្ថានឥណ្ឌារូបនេះ បញ្ជាក់ថា ការដុតសំណល់ដំណាំដែលបានចាប់ផ្តើមកាលពីប៉ុន្មានសប្តាហ៍មុន រួមចំណែកត្រឹមតែ៤ភាគរយចំពោះការបំពុលបរិយាកាស។ កត្តាមួយចំនួនដូចជា ធូលីដីពីកន្លែងសំណង់ និងផ្លូវមិនទាន់ធ្វើហើយ ការបំភាយឧស្សាហកម្មនិងយានយន្ត និងការដុតសំរាមបានដើរតួនាទីកាន់តែធំឡើងៗ។ 
 
យ៉ាងណាក្ដី រដ្ឋមន្រ្តីប្រចាំទីក្រុងញូវដែលីលោក Arvind Kejriwal បានជំទាស់នឹងការវាយតម្លៃរបស់លោក Javadekar ។ លោកថា ការដុតសំរាមគ្រាន់តែដើរតួនាទីតិចតួចប៉ុណ្ណោះនៅក្នុងបញ្ហាបំពុលទីក្រុង ហើយបានរៀបរាប់នៅលើបណ្តាញសង្គម Twitter ថា ខ្យល់អាកាសមានសភាពស្អាតជាង មុនពេលដែលការដុតសំណល់ដំណាំចាប់ផ្តើមនៅចុងខែមុនក៏ដោយ៕

Tag:
 ឥណ្ឌា
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com