គីមឆាវ រួមចំណែកផ្គត់ផ្គង់ទីផ្សារកូនកង្កែបនៅសៀមរាប ក្រោយចាប់របរនេះជាង៣ឆ្នាំ
ជាតិ
គីមឆាវ រួមចំណែកផ្គត់ផ្គង់ទីផ្សារកូនកង្កែបនៅសៀមរាប ក្រោយចាប់របរនេះជាង៣ឆ្នាំ
17, Oct 2020 , 10:59 pm        
រូបភាព
លោក គង់ គីមឆាវ បានចាប់ផ្តើមការភ្ញាស់កូនកង្កែបលក់ នៅដើមឆ្នាំ២០១៧ ពោលគឺក្រោយពីយុវជនវ័យ២៥ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកជលផល នៅរាជធានីភ្នំពេញ។ ចាប់ផ្តើមការងារជាកសិករនៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប  ដែលជាស្រុកកំណើត បច្ចុប្បន្នយុវជន គង់ គីមឆាវ បានក្លាយជាអ្នកផ្គត់ផ្គង់កូនកង្កែបដ៏ធំក្នុងខេត្តសៀមរាប និងចែកចាយទៅតាមបណ្ដាខេត្តនានាដែរ។

 
យុវជន គង់ គីមឆាវ មានស្រុកកំណើតក្នុងខេត្តសៀមរាប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ ២០១៦។ ដោយមិនបង្អង់យូរក្នុងការចាប់ផ្ដើមប្រកបរបរជាជំនាញរបស់ខ្លួន នៅដើមឆ្នាំ២០១៧ លោក គីមឆាវ ចាប់ផ្ដើមភ្ញាស់កង្កែបលក់។ ផ្តើមពីមេពូជ៦០ក្បាល បច្ចុប្បន្នលោកមានកង្កែបពូជរហូត ៦ ០០០ក្បាល។ កសិករវ័យ២៥ឆ្នាំរូបនេះរៀបរាប់ប្រាប់ Thmeythmey25ថា៖«ខ្ញុំរៀនចប់ភ្លាមចាប់ផ្ដើមចិញ្ចឹមកង្កែបភ្លាម តែចិញ្ចឹមដើម្បីភ្ញាស់កូនលក់ មិនបានលក់កង្កែបសាច់ទេ។ ផ្ដើមដំបូងមានមេពូជតែ ៣០គូ(៦០ក្បាល)ទេ ក្នុងការទុកភ្ញាស់កូនហើយបន្តកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ»។
 
អ្នកស្រុកសៀមរាបរូបនេះបានបន្តថា មូលហេតុដែលលោកចិញ្ចឹមតែកង្កែបសម្រាប់ភ្ញាស់កូននេះ ព្រោះនៅក្នុងខេត្តសៀមរាប មិនទាន់មានការផ្គត់ផ្គង់កូនកង្កែបគ្រប់គ្រាន់ សម្រាប់អ្នកចិញ្ចឹមនោះទេ។ បើទោះបីបច្ចុប្បន្ន ចំនួនអ្នកចិញ្ចឹមកង្កែបច្រើនក៏ដោយ ក្នុងខេត្តសៀមរៀប ប៉ុន្តែភាគច្រើនគេចិញ្ចឹមសម្រាប់ផ្គង់ផ្គង់សាច់កង្កែបប៉ុណ្ណោះ។ កត្តានេះជាមូលហេតុលោកសម្រេចចិត្តផ្គត់ផ្គង់តែកូនកង្កែប និងគ្រោងពង្រីកការផលិតកូនកង្កែបក្នុងបរិមាណ ៥០ម៉ឺនក្បាលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ។ ដោយឡែកបច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនកង្កែបលោកអាចផ្គត់ផ្គង់កូនកង្កែបប្រមាណ ១០ម៉ឺនក្បាលក្នុងមួយខែ។ 
 
ចំពោះទីផ្សារក្នុងការផ្គត់ផ្គង់មានដូចជាខេត្ត កំពង់ចាម ស្ទឹងត្រែង ព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន និងឧត្តរមានជ័យជាដើម។ ក្រៅពីទីផ្សារកូនកង្កែបទូលាយ អ្នកភ្ញាស់កូនកង្កែបរូបនេះបានឲ្យដឹងថា៖«ការចិញ្ចឹមកង្កែបមានភាពងាយស្រួល ប្រើរយៈពេលខ្លី និងមានតម្លៃថ្លៃជាងត្រី ទើបខ្ញុំចិញ្ចឹមតែកង្កែប។ ហើយក៏អត់មានបំណងចិញ្ចឹមអីផ្សេងក្រៅពីកង្កែបដែរ»។ 
 
ទោះបីមិនបានបញ្ជាក់ពីចំណូលពីការលក់កូនកង្កែប តែយុវជនដែលមានស្រុកកំណើត នៅភូមិអង្គ្រង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្ហាញពីភាពជោគជ័យក្នុងរបរមួយនេះ។ ម្យ៉ាងទីផ្សារកូនកង្កែបលោកកំពុងមានការចាប់អារម្មណ៍ពីបណ្ដាអ្នកចិញ្ចឹមផ្សេងៗ ដោយចំនួនការបញ្ជាទិញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
 

Tag:
 ចិញ្ចឹមកង្កែប
  វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com