ជាតិ
គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលរកឃើញនៅស្រុកសំឡូត ត្រូវបានមន្ត្រី CMAC ដោះចេញហើយ
17, Oct 2020 , 11:29 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា
រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា
ដោយ:
គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញ នៅតាមផ្លូវដែលត្រូវទឹកហូរច្រោះ ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែតុលានោះ ត្រូវបានមន្ត្រីជំនាញរបស់ CMAC ដោះចេញរួចរាល់អស់ហើយ។ ទាក់ទងនឹងការការបង្ការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះដែរ អាជ្ញាធរមីន ក៏បានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន  ប្រសិនបើឃើញត្រូវរាយការណ៍ភ្លាមៗទៅអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរមីន ក៏បានណែនាំទៅអាជ្ញាធរមូលដ្ឋាន ឲ្យតាមដានទីទួលសុវត្ថិភាពដែលពលរដ្ឋស្នាក់នៅ និងឆ្លើយតបជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយសារមីន និងសំណល់មិនទាន់ផ្ទុះនេះដែរ។

 
គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមួយចំនួនត្រូវបានរកឃើញ នៅតាមផ្លូវដែលត្រូវទឹកហូរច្រោះ ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់យ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះត្រូវបានមន្ត្រីជំនាញរបស់ CMAC ដោះចេញរួចរាល់អស់ហើយ។ លោក ហេង រតនា បញ្ជាក់ដូច្នេះ៖«ទីតាំងហ្នឹង (ឃុំកំពង់ល្ពៅ) ឃើញតែប៉ុនហ្នឹង យើងដោះអស់ហើយកន្លែងរណ្ដៅដែលមានដីច្រោះហ្នឹង។ ចំណែកកន្លែងផ្សេងៗទៀត កំពុងធ្វើការបោសសម្អាតរាល់ថ្ងៃ»។ 
 
ទាក់ទងនឹងការបង្ការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះដែរ អាជ្ញាធរមីន កាលពីថ្ងៃទី១០តុលា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានកន្លែងទីទួលសុវត្ថិភាព ដែលប្រជាពលរដ្ឋស្នាក់នៅ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយសាមីន និងសំណល់មិនទាន់ផ្ទុះ ដែលអាចមានរកឃើញ ឬក៏ហូរតាមទឹក នៅតំបន់ដែលរងគ្រោះ។ អាជ្ញាធរមីន ក៏ណែនាំ អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃវត្ថុជាតិផ្ទុះទៅកាន់សាធារណជន ហើយប្រសិនបើប្រទះឃើញ ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរត្រូវឆ្លើយតបភ្លាមៗ ពេលមានអ្នករាយការណ៍ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ និងត្រូវដាក់ផ្លាកសញ្ញាគ្រោះថ្នាក់ភ្លាមៗ នៅកន្លែងដែលសង្ស័យថា មានសំណល់ជាតិផ្ទុះ ដែលបានហូរតាមទឹកជំនន់ ដើម្បីបង្ការការគ្រោះថ្នាក់ផ្សេងៗពីសំណល់ជាតិផ្ទុះ។
 
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់បានសម្លាប់មនុស្សចំនួន ១៨នាក់ និងបានធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំកសិកម្ម ប្រមាណ២០ម៉ឺនហិកតា នៅក្នុង១៩ រាជធានី-ខេត្ត គឺភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ៕ 

រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា៖





Tag:
 គ្រាប់មីន
 គ្រាប់មិនទាន់ផ្ទុះ
 ទឹកជំនន់
 បាត់ដំបង
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com