ជាតិ
អាមេរិក ផ្ដល់ជំនួយ១០ម៉ឺនដុល្លារឲ្យកម្ពុជាដោះស្រាយទឹកជំនន់
17, Oct 2020 , 5:27 pm        
រូបភាព
រដ្ឋាភិបាលអាមេរិក ប្រកាសផ្ដល់ជំនួយ១០ម៉ឺនដុល្លារឲ្យកម្ពុជាដើម្បីឆ្លើយតបបន្ទាន់នឹងគ្រោះទឹកជំនន់ដែលកំពុងរវាយប្រហារស្ទើរទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែតុលា។

 
ជំនួយមនុស្សធម៌បន្ទាន់១០ម៉ឺនដុល្លារ ត្រូវផ្ដល់តាមរយៈទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងទឹកជំនន់។ ស្ថានទូតអាមេរិកបន្តថា ការិយាល័យជំនួយមនុស្សធម៌របស់ USAID កំពុងធ្វើការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្ដល់ជំនួយបន្ទាន់ដល់ប្រជាជនរងគ្រោះ។
 
ទឹកជំនន់ដែលវាយប្រហារកម្ពុជាតាំងពីដើមខែតុលា បានសម្លាប់មនុស្ស១៨នាក់មកហើយ ហើយមនុស្សច្រើនជាង២០ម៉ឺននាក់ រងផលប៉ះពាល់។ ខេត្ត-រាជធានីយ៉ាងហោចណាស់១៩ រងគ្រោះ ហើយវាលស្រែប្រមាណ១៤ម៉ឺនហិកតា ត្រូវទឹកជំនន់វាយប្រហារ។ បាត់បង់ ពោធិ៍សាត់ និងរាជធានីភ្នំពេញ រងផលប៉ះពាល់ខ្លាំងជាងគេ។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ស្ថានទូតអាមេរិក បានឆ្លៀតរំឭកថា តាំងពីឆ្នាំ២០០០មក USAID បានផ្ដល់ទឹកប្រាក់ច្រើនជាង៧លានដុល្លារហើយក្នុងការជំនួយដើម្បីឆ្លើយតបគ្រោះធម្មជាតិ ការត្រៀមខ្លួន និងការកាត់បន្ថយហានិភ័យ។ 
 
«តាមរយៈភាពជាដៃគូមេគង្គ-អាមេរិកដែលទើបដាក់ដំណើរការថ្មីៗ អាមេរិកបន្តពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបគ្រោះធម្មជាតិក្នុងប្រទេសនៅទូទាំងប្រទេសមេគង្គ រាប់ទាំងកម្ពុជាផង។» នេះជាការបញ្ជាក់របស់ស្ថានទូតអាមេរិក៕ 
 

Tag:
 អាមេរិក
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com