Gareth Bale បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុម Tottenham Hotspur ក្រោយវិលត្រឡប់មកវិញរយៈពេលជាង៧ឆ្នាំ។ ប៉ុន្តែ West Ham United បានបំផ្លាញការវិលត្រឡប់របស់គេជាមួយនឹងការរកគ្រាប់បាល់តាមស្មើដ៏អស្ចារ្យក្នុងលទ្ធផល ៣-៣។ លោក Jose Mourihno ថា West Ham សមនឹងទទួលបានលទ្ធផល «សំណាង» នេះ។ Aston Villa រកក្សាកំណត់ត្រាមិនចាញ់ជាមួយនឹងជ័យជម្នះ ១-០ លើ Leicester នៅចុងម៉ោង ដូចលទ្ធផលស្មើ ១-១ ដែល Brighton តាម Crystal Palace យ៉ាងដូច្នោះដែរ។
នាជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៥ នៅយប់ថ្ងៃទី១៨ ខែតុលា ក្រុម Spurs បានមានឱកាសនាំមុខក្រុមភ្ញៀវ West Ham ដល់ទៅ ៣-០ នៅត្រឹមរយៈពេល១៦នាទី ដែលសម្រេចទីបានដោយ Heung-Min Son មួយគ្រាប់និង Harry Kane ២គ្រាប់។
ចូលដល់វគ្គទី២ នាទី៧២ ខណៈលទ្ធផលគ្រាប់បាល់នៅតែរក្សាការនាំមុខ៣គ្រាប់ដដែល អ្នកចាត់ការទូទៅ Jose Mourinho បានប្តូរឲ្យ Bale ចូលជំនួស Steven Bergwijn។ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យមាន់ខ្នាយមាសក្រោយផ្លាស់ពី Real Madrid មកវិញរដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិវែល៍មិនអាចជួយក្រុមទទួលបានផ្លែផ្កានោះទេ។
៨នាទីចុងក្រោយ ក្រុមលោក David Moyes រកបានដល់ទៅ៣គ្រាប់ត្រឡប់ទៅវិញ និងធ្វើឲ្យ Spurs ខកឱកាសបាន៣ពិន្ទុថែមទៀត។ ៣គ្រាប់របស់ក្រុមរហស្សនាមញញួរសម្រេចបាននៅនាទី៨២ ដោយ Fabian Balbuena ឯគ្រាប់ទី២ ដោយខ្សែការពារ Davinson Sanchez ធ្វើឲ្យចូលទីខ្លួនឯង និងគ្រាប់ទី៣ ដែលជាគ្រាប់បាល់ទាត់ពីចម្ងាយដ៏អស្ចារ្យរបស់ Manuel Lanzini នៅនាទី៩០បូកហើយនោះ។
ក្រោយចប់ការប្រកួតក្នុងលទ្ធផល ៣-៣ លោក Mourinho មិនបានបន្ទោសកូនក្រុមឡើយ ប៉ុន្តែបានសរសើរទៅក្រុមគូប្រជែងថាសមនឹងទទួលបានលទ្ធផលនេះ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ប្រាប់ទូរទស្សន៍ Sky Sports ថា៖« នៅទីបញ្ចប់ពួកគេមានសំណាង ប៉ុន្តែពួកគេបានប្រយុទ្ធយ៉ាងខ្លាំងដើម្បីទទួលបានសំណាងនេះ ដូច្នេះខ្ញុំសូមសរសើរពួកគេ»។
រីឯជំនួបនៅទឹកដី King Power Aston Villa រក្សាកំណត់ត្រាឈ្នះទាំង៤ប្រកួត ដោយ Ross Barkley បានស៊ុតបាល់បញ្ចូលទីនៅនាទីបន្ថែមលើម្ចាស់ផ្ទះ Leicester City។ លទ្ធផលតាមស្មើនៅនាទីបន្ថែម ក៏បានកើតឡើងនៅទឹកដី Selhurst Park របស់ Crystal Palace ផងដែរ ដោយ Alexis Mac Allister ធ្វើឲ្យ Brighton តាមស្មើ ១-១ ក្រោយពេលដែល Wifried Zaha បានស៊ុតប៉េណាល់ទីនាំមុខសម្រាប់ម្ចាសផ្ទះតាំងពីដើមតង់ទី១។
រីឯជំនួបគូរផ្សេងទៀតកាលពីចុងសប្តាហ៍កន្លងមក Sheffield United តាមស្មើ Fulham ១-១, Manchester United ស៊ីម្ចាស់ផ្ទះ Newcastle ៤-១, Manchester City ឈ្នះ Arsenal ១-០។ Southampton តាមស្មើម្ចាស់ផ្ទះ Chelsea ៣-៣ នៅចុងម៉ោង រីឯ Liverpool បញ្ចប់ត្រឹម ២-២ នៅទឹកដីរបស់ Everton។
ឆ្លងកាត់ការប្រកួត៥លើក Spurs រកបាន៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកំពូលអង់គ្លេស ឯ West Ham នៅលេខរៀងទី៨មាន ៧ពិន្ទុ។ Everton នៅឈរកំពូលតារាងដដែល តាមពីក្រោយដោយក្រុមមិនដែលចាញ់ Aston Villa ដែលរកបាន១២ពិន្ទុ។ West Bromwich Albion, Fulham និង Burnley នៅបាតតារាង។
នេះជាកំណត់ត្រាមួយដ៏គួរឲ្យកត់សម្គាល់នៅ Premier League នារដូវកាលនេះ ដែលការប្រកួតចំនួន៤៦សុទ្ធតែមានការស៊ុតបាល់បញ្ចូលទី ហើយមិនទាន់មានលទ្ធផលស្មើ ០-០ នោះឡើយ៕