បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីសម្រេច៥ផ្សេងគ្នា ក្នុងថ្ងៃតែមួយ គឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ស្តីពីការផ្តល់សញ្ញាបត្រកិត្តិបណ្ឌិតនៃរាជបណ្ឌិត្យកម្ពុជា ដល់មនុស្ស៥រូប ដែលជាបញ្ញវន្ត ជាអ្នកមានស្នាដៃបម្រើប្រទេសជាតិ និង ជាឥស្សជន។
បុគ្គលទាំង៥រូបនោះគឺ៖
អ្នកស្រី ឡាយ ហ៊ុនគី ដែលគេស្គាល់ជាទូទៅថា អ្នកស្រី ត្រឹង ងា ម្ចាស់សៀវភៅដ៏ល្បីល្បាញមួយក្បាល គឺសៀវភៅអរិយធម៌ខ្មែរ ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រខ្មែរ។
អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ។
លោក ឡុង វិសាលោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកសេដ្ឋកិច្ច។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៤និងទី៥ ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកវិស្វកម្ម។
ដោយឡែក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានទទួលសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក កាលពីខែកក្កដា ឆ្នាំ២០១៨។
សញ្ញាបត្រកិត្តិបណ្ឌិត គឺជាសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត សម្រាប់ជូនដល់បុគ្គលណា ដែលគេ យល់ថា មានគុណបំណាច់ដល់ប្រទេសជាតិ។ ក្រៅពីសញ្ញាបត្រកិត្តិបណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជា ក៏មានគោរមងារកិត្តិយសដែរ ដូចជា គោរមងារជាកិត្តិព្រឹទ្ធបណ្ឌិត គោរមងារជាកិត្តិបរិរក្សបណ្ឌិត គោរមងារជាកិត្តិនីតិកោលសបណ្ឌិត គោរមងារជាកិត្តិសេដ្ឋាបណ្ឌិត និង គោរមងារជា កិត្តិសង្គហបណ្ឌិត ជាដើម។
កន្លងមក ឥស្សរជននានា បានទទួលគោរមងារកិត្តិយសទាំងនេះ រាប់ចាំតាំងពីសម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ក៏ទទួលបានដែរ គឺគោរមងារជាកិត្តិព្រឹទ្ធបណ្ឌិត។
ឥស្សរជនផ្សេងទៀត រួមមាន លោក គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលបានគោរមងារជាកិត្តិបរិរក្សបណ្ឌិត លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និង លោក ប៉ែន បញ្ញា តំណាងរាស្ត្រ ជាដើម សុទ្ធតែទទួលបានគោរមងារដូចគ្នា គឺកិត្តិនីតិកោសលបណ្ឌិត៕