កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គសន្សំពិន្ទុ៖ ទោះយឺតពេលប្រកួត១ខែ ដោយសារ COVID-19 តែការប្រកួតត្រូវបញ្ចប់ធម្មតា
× ការប្រកួតវគ្គជម្រុះតាមពូលនៃក្របខណ្ឌ UEFA Champions League រដូវកាល ២០២០-២១ នឹងត្រូវចាប់ផ្តើមដំណើរការនៅដើមសប្តាហ៍នេះហើយ ពោលគឺចាប់ពីយប់ថ្ងៃទី២០ ខែតុលាតទៅ។
ដោយសារបញ្ហាជំងឺ COVID-19 បានធ្វើឲ្យក្រុមទាំង ៣២ ត្រូវយឺតយ៉ាវក្នុងការប្រកួតរយៈពេលមួយខែ ខុសពីកាលវិភាគឆ្នាំមុខៗ។ យ៉ាងណាក៏ដោយវគ្គសន្សំពិន្ទុពីពូល A ដល់ H នេះ តម្រូវឲ្យបញ្ចប់ដូចធម្មតា នាដើមខែធ្នូដដែល។
ក៏មានជំនួបគូពិសេសផងដែរនៅវគ្គជម្រុះនេះ ដោយក្នុងនោះ Paris St Germain នឹងត្រូវទទួលភ្ញៀវ Manchester United ក្នុងពូល H នៅរាត្រីថ្ងៃទី២១ ខែតុលា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ក្រុមទាំងពីធ្លាប់ប៉ះគ្នារួចមកហើយកាលពីឆ្នាំទៅមួយ ដោយបិសាចក្រហមបានធ្វើឲ្យក្រុមយក្សបារាំងខកចិត្តនៅវគ្គ១៦ក្រុម។
Barcelona ត្រូវទទួលភ្ញៀវ Ferencvaros នៅជំនួបបើកឆាកពូល G ខណៈការប្រកួតនៅថ្ងៃបន្ទាប់មានការជួបគ្នារវាងម្ចាស់ការពារជើងឯក Bayern Munich ទល់ Atletico Madrid នៅពូល A ហើយ Ajax ទទួល Liverpool ពូល D។
រហូតមកទល់ពេលនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប (UEFA) ក៏ដូចជាក្លិបធំៗក្នុងចំណោម ៣២ នេះនៅតែមានការព្រួយខ្លះ អំពីកីឡាកររបស់ពួកគេដែលកំពុងអនុវត្តន៍ពិធីសារសុខាភិបាល និងអ្នកកំពុងធ្វើចត្តាឡីស័កក្រោយឆ្លងជំងឺរាតត្បាតសកល COVID-19។
ក្នុងនោះដែរ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ស្ថិតក្នុងចំណោមកីឡាករដែលបានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ ហើយរូបគេត្រូវខកខានការប្រកួតបើកឆាករបស់ Juventus ពេលប៉ះ Dynamo Kie នៅយប់ថ្ងៃទីអង្គារនេះដែរ៕
Tag:
Champions League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com