ជាតិ
សង្គមជាតិ
ផ្អាករថយន្តធុនធំធ្វើដំណើរលើកំណាត់ផ្លូវលេខ៥០Cនៅកំពង់ធំ និងផ្លូវជាតិលេខ៥នៅបន្ទាយមានជ័យ ផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិចដោយសារទឹកជំនន់ដែលហូរពីប្រទេសថៃ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
× ភ្នំពេញ៖ រដ្ឋបាលស្រុកកំពង់លែង និងរដ្ឋបាលក្រុងបន្ទាយមានជ័យនាថ្ងៃទី២០ ខែតុលានេះ បានប្រកាសសេចក្តីជូនដំណឹងរួមគ្នាឲ្យផ្អាកចរាចរផ្លូវលេខ៥០C ពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងនៃខេត្តកំពង់ធំ រួមទាំងផ្លូវជាតិលេខ៥ និងផ្លូវលំក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្នសិន ដោយសារផ្លូវទាំងនោះកំពុងតែត្រូវជន់លិចដោយសារទឹកជំនន់។
ការណ៍ដែលរដ្ឋបាលស្រុកកំពង់លែង និងរដ្ឋបាលស្រុកប៉ោយប៉ែត ផ្អាកឲ្យចរាចរលើកំណាត់ផ្លូវនោះដោយសារតែមិនចង់ឲ្យអ្នកដំណើរគ្រោះថ្នាក់ដោយប្រការណាមួយ និងបង្ការការខូចខាតផ្លូវផងដែរ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែងបានរៀបរាប់ដូច្នេះថា៖«ដោយពិនិត្យឃើញថាកម្ពស់ទឹកទន្លេឆ្នាំ២០២០ បានកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលបានធ្វើឲ្យកំណាត់ផ្លូវលេខ៥០C ចាប់ពីស្រុកកំពង់លែងរហូតដល់ប្រទល់ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើ និងងាយទទួលរងការខូចខាតខ្លាំងនៅពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរឆ្លងកាត់»។
កំណាត់ផ្លូវ៥០c ដែលកំពុងជន់លិចដោយសារទឹកជំនន់ រូបភាពពីរដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់ធំ
បើតាមរដ្ឋបាលស្រុកប៉ោយប៉ែត ផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរិទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងប៉ោយប៉ែត ត្រូវបានជន់លិចដោយសារឥទ្ធិពលទឹកហូរពីប្រទេសថៃ ក៏ជាហេតុបណ្តាលឲ្យទឹកកើនឡើងជាគំហុក ជន់លិចលំនៅឋានរបស់ពលរដ្ឋនៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ។
រដ្ឋបាលស្រុកនៃខេត្តទាំងពីរនេះនឹងអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទអាចចរចរវិញ នៅពេលដែលទឹកនៅកំណាត់ផ្លូវនីមួយៗនោះចាប់ផ្តើមស្រកវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com