ជាតិ
សង្គមជាតិ
ពី​ខេត្តបន្ទាយមានជ័យ លោក កឹម សុខា ផ្ញើ​សារ​ថា​៖«​អ្វី​ដែលជា​កុសល យើង​គួរ​រួមគ្នា​ធ្វើ​! អ្វី​ដែលជា​ជម្លោះ យើង​គួរ​នាំគ្នា​ជម្រុះ​»
20, Oct 2020 , 11:39 am        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ នៅ​ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២០ តុលា​នេះ​។ លោក កឹម សុខា បាន​យក​ជំនួយ​សប្បុរសធម៌​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ជា​បន្តបន្ទាប់ នា​រយៈពេល​ចុងក្រោយ​នេះ​។​



«​ទៅហើយ​មកវិញៗ ដោយសារតែ​បងប្អូន រងគ្រោះ​ព្រោះ​ទឹកជំនន់​»​។ នេះ​ជា​សំណេរ​របស់លោក កឹម សុខា ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក អម​ជាមួយ​រូបភាព និង​វីដេអូ ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឺ​ក​ជំនន់ រួមមាន អង្ករ តង់​កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និង​ជែ​ល​លាងដៃ​ជាដើម​។​
 
​អំណោយ​ទាំងនេះ គឺ​លោក កឹម សុខា ប្រមូលបាន​ពី​សប្បុរសជន​នៅក្នុង និង​ក្រៅប្រទេស ចែកជូន​ពលរដ្ឋ​រង​គ្រោះ ២០០​គ្រួសារ នៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ អម​ជាមួយ​ការចែក​អំណោយ អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​ផ្ញើ​សារ​ដូច្នេះ​ថា​៖«​អ្វី​ដែលជា​កុសល យើង​គួរ​រួមគ្នា​ធ្វើ  អ្វី​ដែលជា​ជម្លោះ យើង​គួរ​នាំគ្នា​ជម្រុះ ទើប​មាន​កិត្តិយស ជាតិ​យើង​រឹងមាំ​»​។​
 
​បើ​គិត​ចាប់ពី​ថ្ងៃទី​២៨ កញ្ញា​មក លោក កឹម សុខា បាន​យក​ស្បៀង និង​សម្ភារ​ចុះ​ចែក​ប្រជាពលរដ្ឋ​រងគ្រោះ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ភ្នំពេញ​។​
 
​នៅ​ថ្ងៃទី​២១ និង​២២ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះដែរ មុននឹង​ត្រឡប់មក​ដឹកនាំ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៣ តុលា​។​«​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ​និង​យូរ​ជាងគេ​ដែល​ចាំបាច់​ត្រូវ​ផ្តល់​អទិភាព​សង្គ្រោះ​ផង​និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​»​។ នេះ​ជា​សារ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ពលរដ្ឋ​ប្រមាណ​២​ម៉ឺន​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​មាន​អ្នកស្លាប់​១៥​នាក់ ដោយសារ​គ្រោះធម្មជាតិ​នេះ​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ទូទាំងប្រទេស មាន​ចំនួន​២៥​នាក់ គិត​ត្រឹម​ថ្ងៃទី​១៩ តុលា​៕
 

Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com