កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់លទ្ធផលបាល់ទាត់៖ ឆែកបណ្តេញអាជ្ញាកណ្តាលច្រើនរូប ឯមន្ត្រីកំពូលលាលែង
× សហព័ន្ធកីឡាបាល់ទាត់ឆែក (CFA) បានបណ្តេញគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ខ្លួន រួមទាំងប្រធានលោក Jozef Chovanec ផងពីបទរៀបលទ្ធផលប្រកួត។ ករណីនេះ កើតឡើងក្រោយ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលីសបានឆ្មក់ចូលទីស្នាក់ការ CFA និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស ហើយថែមទាំងចោទអ្នកពាក់ព័ន្ធផ្សេងទៀតចំនួន ២០ នាក់ជុំវិញអំពើពុករលួយ។
ករណីកំណត់លទ្ធផលទុកមុន ត្រូវបានរកឃើញនៅលីគកីឡាបាល់ទាត់លំដាប់ទី២ និងទី៣ របស់ឆែក ដោយក្នុងនោះមានអាជ្ញាកណ្តាលជាច្រើនរូបស្ថិតក្រោមការស៊ើបអង្កេត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឆែករាយការណ៍ដូច្នេះ។
អនុប្រធាន CFA លោក Roman Berbr ដែលស្ថិតក្នុងចំណោមមនុស្ស ២០ នាក់ដែលត្រូវចោទប្រកាន់ពីបទរៀបចំលទ្ធផលប្រកួតទុកមុនកាលពីថ្ងៃទី១៦ ខែតុលាសប្តាហ៍មុនបានចុះចេញពីតំណែងរបស់ខ្លួនហើយ។ លោក Berbr បច្ចុប្បន្នស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិសនៅឡើយ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Martin Malik ប្រធាន CFA អះអាងថា លោក Berbr វ័យ ៦៦ ឆ្នាំដែលជាបុរសដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យកីឡាបាល់ទាត់ឆែកបានលាលែងពីតំណែងអនុប្រធាន FA ភ្លាមៗមុនពេលកិច្ចប្រជុំវិសាមញ្ញរបស់ CFA។
Malik បាននិយាយក្នុងសន្និសីតកាសែតថា៖ «យើងទាំងអស់គ្នាដែលសកម្មនៅក្នុងកីឡាបាល់ទាត់ឆែក យើងអនុញ្ញាតឲ្យរឿងនេះកើតឡើង។ ស្ថានភាពដែលយើងកំពុងដោះស្រាយនៅពេលនេះគឺមិនមែនជារឿងធម្មតានោះទេ។ នេះជាការប្រឆាំងនឹងបាល់ទាត់ហើយ។ ខ្ញុំមិនអាចប្រាប់ថា តើផលប៉ះពាល់នឹងមានទំហំធំប៉ុនណានោះទេ»។
ជុំវិញករណីពុករលួយក្នុងវិស័យកីឡាបាល់ទាត់ឆែក លោក Malik អះអាងប្រាប់ទៅស្ថាប័ន UEFA ថា CFA នឹងសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសដើម្បីបង្កើតអង្គភាពពិសេសមួយដែលផ្តោតលើការការពារការកំណត់លទ្ធផលទុកមុន ឲ្យដូចនឹងបណ្តាសហព័ន្ធនៅតំបន់អឺរ៉ុបផ្សេងទៀត។ CFA នឹងប្រកាសជ្រើសរើសអាជ្ញាកណ្តាលថ្មី និងត្រួតពិនិត្យទាំងការប្រកួតកម្រិតអាជីព និងស្ម័គ្រចិត្តដើម្បីការពារករណីកំណត់លទ្ធផលការប្រកួត៕
Tag:
CFA
UEFA
កំណត់លទ្ធផល
© រក្សាសិទ្ធិដោយ thmeythmey.com