COVID-19
ជាតិ
សេដ្ឋកិច្ច
IMF សន្យា​ជួយ​ស្ដារ​សេដ្ឋកិច្ចកម្ពុជា ក្រោយ​កូ​វីដ​-១៩ តាមរយៈ​កិច្ចសហការ​ប្រពៃណី និង​មូលនិធិ​ហិរញ្ញប្បទាន​រហ័ស​
20, Oct 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) សន្យា​ជួយ​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ ក្រោយពេល​វិបត្តិ​កូ​វីដ​-១៩ ផុតរលត់​ទៅ​។ លោក Yasuhisa Ojima ប្រធាន​ស្ថាន​តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ​ប្រចាំ​កម្ពុជា សន្យា​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១៩ តុលា​។​



​លោក Yasuhisa Ojima បាន​អះអាងថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​បន្ត​គាំទ្រ​កម្ពុជា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​កន្លងមក ជាពិសេស​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ពិសេស ក្នុងនោះ​រួមមាន​មូលនិធិ​ហិរញ្ញប្បទាន​រហ័ស (Rapid Financing Facility ) ដែល​អាចជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​កម្ពុជា ក្នុង​ការបំពេញ​កង្វះខាត​ហិរញ្ញប្បទាន សម្រាប់​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​
 
​មិនតែប៉ុណ្ណោះ​ប្រធាន​ស្ថាន​តំណាង IMF រូបនេះ ក៏​ប្រាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា តាមដាន​មើល​ការប្រែប្រួល​ស្ថានការណ៍​ម៉ាក្រូ​សេដ្ឋកិច្ចជាតិ រួមទាំង​សេដ្ឋកិច្ច កម្រិត​តំបន់ និង​សាកល​ទៀតផង​។​
 
​រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ផែនការ​ស្ដារ​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែលជា​ការគិតគូ​រស​ម្រា​ប់​រយៈពេល​មធ្យម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ឱ្យ​ត្រឡប់​ទៅរក​សក្ដានុពល​វិញ​ឱ្យបាន​លឿន​។ នេះ​ជាការ​បញ្ជាក់​របស់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​
 
​បើតាម​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋាភិបាល​នៅតែ​បន្ត​តាមដាន​ការវិវត្ត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​ពុំ​មើលស្រាល​ស្ថានការណ៍​ឡើយ ជាពិសេស​ការ​អន​វុត្ត​វិធានការ​សុខាភិបាល និង​ការរក្សា​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​។​
 
«​ឈរលើ​មូល​ដ្ឋា​នេះ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​អាច​បន្ត​មាន​ប្រក្រតី​ភាពល្អ ខណៈ​ស្ថានភាព​សារពើពន្ធ​ជាពិសេស​ផ្នែក​ចំណូល​ពន្ធ​នឹងមាន​ភាពប្រសើរ​ជាង​ការរំពឹងទុក ដែល​នេះ​ជា​បច្ច័យ​ល្អ​សម្រាប់​ការអនុវត្ត​ថវិកា​ឆ្នាំ​២០២១ ដោយ​អនុញ្ញាត​ឱ្យមាន​លំហ​ថវិកា និង​ការប្រើប្រាស់​ប្រាក់​សន្សំ​របស់​រដ្ឋាភិបាល​តិចជាង​កា​រំពឹងទុក​។ ប៉ុន្តែ​ថ្មីៗ​នេះ ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​ដាក់​សម្ពាធ​មួយផ្នែក​វិញ​ដល់​បន្ទុក​ចំណាយ​រដ្ឋ ពិសេស​ការស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ធារាសាស្ត្រ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ចកម្ពុជា​។​
 
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មាន​តួនាទី​សំខាន់​ក្នុងការ​តាមដាន និង​វាយតម្លៃ​ការវិវត្ត​សេដ្ឋកិច្ចកម្ពុជា តំបន់ និង​សាកល ។ មិនតែប៉ុណ្ណោះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក៏បានផ្ដល់​ការសិក្សា​ផ្សេងៗ ដែលជា​ធាតុ​ចូល​សម្រាប់​កម្ពុជា ក្នុងការ​រៀបចំ​វិធានការ​ពាក់ព័ន្ធ ក្នុង​ការធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ការរៀបចំ​នូវ​វិធានការ​គោលនយោបាយ​ស​ម្រា​ប់​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ 
 
​កន្លងមក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​គាំទ្រ​ដល់​ការពង្រឹង​សមត្ថភាព ការបណ្ដុះបណ្ដាល​មន្ត្រីរាជកា​រ ក៏ដូចជា​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជាដើម​។ 

Tag:
 ​សេដ្ឋកិច្ច​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com