កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ PSG នឹងផ្ដោតលើការប្រយុទ្ធ ដើម្បីសងសឹក Man Utd យប់នេះ
× Paris St Germain នឹងផ្តោតលើការប្រយុទ្ធដើម្បីវាយលុកយកឈ្នះក្រុម Manchester United ក្នុងជំនួបបើកឆាកក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុ ពូល H នៅរាត្រីថ្ងៃទី២០ ខែតុលា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា] នេះ។ PSG ដាក់គោលដៅសងសឹកបិសាចក្រហមឲ្យបាន ក្រោយក្រុមអង់គ្លេសទម្លាក់ពួកគេនៅវគ្គ១៦ក្រុមកាលពី ១៨ ខែមុន។
PSG ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានធ្លាក់ចេញពីក្របខណ្ឌអឺរ៉ុបកាលពីរដូវកាលឆ្នាំ ២០១៨-១៩ នៅវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងកូនក្រុមរបស់លោក Ole Gunnar Solskjaer។ កាលនោះក្រុមយក្សបារាំងឈ្នះ ២-០ ក្នុងជើងទី១នៅ Old Trafford តែភ្លាត់ស្នៀងចាញ់ ៣-១ វិញនៅជើងទី២ ក្នុងទឹកដីខ្លួន។ ទោះយ៉ាងណា PSG ជាក្រុមរងជើងឯក Champions League កាលពីរដូវកាលមុន ក្រោយចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងជំនួបនៅរាត្រីនេះ លោក Tuchel បានព្រមានក្រុមភ្ញៀវថា កីឡដ្ឋាន Parc des Princes ជាទីដែល PSG តែងតែអាចរកគ្រាប់បាល់ស៊ុតបញ្ជូលទីបានច្រើន។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គជម្រុះពូល H នេះអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ អះអាងថា លោកនឹងផ្តោតលើការប្រយុទ្ធដើម្បីបាន៣ពិន្ទុពី Man Utd។
លោក Tuchel អះអាងដូច្នេះ ក្រោយមើលឃើញថា Man Utd បានរបូតគ្រាប់បាល់រហូត១២ គ្រាប់រួចទៅហើយនៅក្នុងការប្រកួតក្របខណ្ឌ Premier League ចំនួន៤លើកដំបូងរដូវកាលនេះ។ ចំនុចនេះហើយ ដែលធ្វើឲ្យ PSG ត្រូវផ្តោតខ្លាំងលើការប្រយុទ្ធ ខណៈពួកគេមានកីឡាករមានគុណភាពច្រើនដូចជា Kylian Mbappe, Neymar និង Angel Di Maria ជាដើម។
យ៉ាងណាក៏ដោយ លោក Tuchel ក៏មិនមើលស្រាលក្រុមគូប្រជែងរបស់លោកដែរ ដ្បិតក្រុម PSG ធ្លាប់រងបរាជ័យដោយសារក្រុមលោក Solskjaer ដោយការវាយបករួចមកហើយ។ លោកបានលើកសរសើរពី Paul Pogba ថា ជាខ្សែបម្រើឆ្នើមកម្រិតពិភពលោក និងកីឡាករដទៃទៀត ជាពិសេសសមាជិកថ្មីដ៏គ្រោះថ្នាក់ Bruno Fernandes។
សម្រាប់ជំនួបបើកឆាកពូល H នេះ Man Utd បានប្រកាសដែរថា កីឡាករសំខាន់ៗរបស់ខ្លួនដូចជាខ្សែការពារ Harry Maguire, Mason Greenwood និងកីឡាករចំណូលថ្មី Edinson Cavani ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ PSG សុទ្ធតែអវត្តមាន។
ក្នុងពូលនេះដែរ RasenBallsport Leipzig ត្រូវប៉ះ Istanbul Basaksehir នៅម៉ោង ២:០០នាទីដូចគ្នា។ ជំនួបគូដទៃទៀត ដែលត្រូវប្រកួតនៅម៉ោង ១១:៥៥នាទីយប់នេះមាន Salzburg ទទួល Lokomotiv Moscow សម្រាប់ពូល A ឯ Juventus ទៅលេងផ្ទះ Dynamo Kyiv ពូល G៕
Tag:
Paris St Germain
Manchester United
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com