កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ AC Milan និង Juventus ថា Ibrahimovic មាន​ឥទ្ធិពល​នៅ​លី​គ​អ៊ីតាលី​លើស Ronaldo
21, Oct 2020 , 9:29 am        
រូបភាព
​អតីត​គ្រូបង្វឹក​ក្រុម AC Milan និង Juventus លោក Alberto Zaccheroni មើលឃើញថា Zlatan Ibrahimovic មាន​ឥទ្ធិពល​ខ្លាំង​លើ​កីឡាបាល់ទាត់​អ៊ីតាលី​ច្រើនជាង Cristiano Ronaldo នាពេល​បច្ចុប្បន្ននេះ​។​


Ibrahimovic ដែល​សព្វថ្ងៃ​ឈានដល់​វ័យ ៣៩​ឆ្នាំ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចាប់តាំងពី​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្រុម AC Milan កាលពី​ខែមករា​ដោយ​ស៊ុត​បញ្ចូល​ទី​១១​គ្រាប់ ក្នុងការ​ប្រកួត​២០​លើក​នា​ពាក់កណ្តាល​រដូវ​កាល​មុន ២០១៩-២០​។​
 
​រហូតដល់​រដូវ​កាល​ថ្មី​នេះ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នៅតែ​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​កាន់តែខ្លាំង​បន្ថែមទៀត តាមរយៈ​ការជួយ AC Milan ឈ្នះ​៤​ប្រកួត​ជាប់​គ្នា និង​ឈរ​នៅ​កំពូល​តារាង Serie A​។ Ibrahimovic រកបាន​៤​គ្រាប់​ហើយ ក្នុងការ​បង្ហាញ​ខ្លួ​២​លើក ខណៈដែល​រូបគេ​ឆ្លង COVID-19 ផង​។​
 
Ibrahimovic ធ្លាប់បាន​ចំណាយពេល​ពីរ​រដូវ​កាល​ជាមួយ AC Milan និង​បាន​ជួយ​ក្រុម​លើក​ពាន​លី​គ​កំពូល​អ៊ីតាលី​នៅ​ឆ្នាំ​២០១១​ទៀតផង មុន​ចាក​ចេញទៅ ​Paris Saint-Germain ឆ្នាំ ២០១២​។​
 
​ទន្ទឹមនឹងនេះ Ronaldo ក៏​នៅតែមាន​គុណភាព​ក្នុង​ការរក​គ្រាប់​ដដែល​ចាប់តាំងពី​រូបគេ​ផ្លាស់​ចេញពី Real Madrid ទៅ​ចូលរួម​ជាមួយ Juventus នៅ​ឆ្នាំ ២០១៨​។ ពីរ​រដូវ​កាល​នៅ​អ៊ីតាលី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំនេះ​រកបាន​៦៨​គ្រាប់ ក្នុងការ​ប្រកួត​៩១​លើក​។​
 
​ទោះយ៉ាងណា​លោក Zaccheroni ដែលមាន​បទពិសោធ​ក្រាសក្រែល​ក្នុង​លី​គ​កំពូល Serie A មើលឃើញថា Ibrahimovic បាន​ជះឥទ្ធិពល​ខ្លាំង​ជាង Ronaldo នៅលើ​ទឹកដី​អ៊ីតាលី​នេះ​។ Ibrahimovic មិន​ត្រឹមតែ​អា​ចរក​គ្រាប់​បាល់​បានទេ តែ​រូបគេ​ថែមទាំង​បង្កើន​ភាពជឿជាក់​ដល់​មិត្ត​រួម​ក្រុម​ក្នុងពេល​ដ៏​លំបាក​ទៀតផង​។​
 
Zaccheroni វ័យ ៦៧​ឆ្នាំ បាន​ប្រាប់​កាសែត Il Giornale ថា​៖« ខ្ញុំ​បាន​ចាត់ការ​ក្រុម​ជើងឯក​ដ៏​អស្ចារ្យ​ទាំងពីរ [AC Milan និង Juventus] នៅក្នុង​អាជីព​របស់ខ្ញុំ និង​ដឹកនាំ​តាំងពី​កីឡាករ Oliver Bierhoff, George Weah រហូតដល់ Adriano ប៉ុន្តែ​ការសោកស្តាយ​តែមួយគត់​ដែល​ខ្ញុំ​មាន​គឺ​ខ្ញុំ​មិនដែល​បង្ហាត់ Ibrahimovic»​។ គ្រូ​សញ្ជាតិ​អ៊ីតាលី​រូបនេះ បន្ថែមថា ខ្លួន​នៅតែ​ឆ្ល​ល់​ដល់​សព្វថ្ងៃ​ថា​ហេតុអ្វី​បានជា​កីឡាករ​អស្ចារ្យ​ដូចជា Ibrahimovic មិន​ឈ្នះ Ballon d'Or សោះ​៕
 

Tag:
 AC Milan
  Juventus
  Zlatan Ibrahimovic
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com