កីឡាជាតិ
ជាតិ
ណាហ្គាវើលដ៍ និងភ្នំពេញក្រោន ប្រជែងគ្នាទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន នាល្ងាចនេះ
21, Oct 2020 , 7:59 am        
រូបភាព
ពីឆ្វេងទៅស្តាំ ប្រធានក្រុម គួច សុគម្ភៈ គ្រូបង្វឹក លោក មាស ចាន់ណា នៃក្រុមណាហ្គាវើលដ៍ និងអ្នកចាត់ការទូទៅ លោក កែវ សុខងន ប្រធានក្រុម កុក បូរីស នៃភ្នំពេញក្រោន នា​សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ រូបថត CNCC
ពីឆ្វេងទៅស្តាំ ប្រធានក្រុម គួច សុគម្ភៈ គ្រូបង្វឹក លោក មាស ចាន់ណា នៃក្រុមណាហ្គាវើលដ៍ និងអ្នកចាត់ការទូទៅ លោក កែវ សុខងន ប្រធានក្រុម កុក បូរីស នៃភ្នំពេញក្រោន នា​សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ រូបថត CNCC
ដោយ: ថ្មីៗ
ម្ចាស់ជើងឆ្នាំ២០១៣ ណាហ្គាវើលដ៍ ត្រូវតទល់ជាមួយជើងឯកពីរជំនាន់ (ឆ្នាំ២០០៨ និង២០០៩) ភ្នំពេញក្រោន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង៦ល្ងាចនេះ។



ណាហ្គាវើលដ៍ នឹងបង្ហាញខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី១០ក្នុងចំណោមវត្តមាន១៤នៃពានរង្វាន់សម្តេច ហ៊ុន សែន។ ៩លើកកន្លងមក ណាហ្គាវើល ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រចំនួន៦លើក ដែលក្នុងនោះ មានតែនៅឆ្នាំ២០១៣ប៉ុណ្ណោះ ដែលបានឈ្នះជើងឯក។ រីឯភ្នំពេញក្រោន នឹងបង្ហាញខ្លួនជាលើកទី៨ ដោយ៧លើកកន្លងមក ពួកគេបានឈានទៅវគ្គផ្តាច់ព្រ័ត្រ៣លើក ហើយរហូតដល់បានឈ្នះជើងឯក២លើក។

កាលពីឆ្នាំ២០១៩ ណាហ្គាវើលដ៍ បានធ្លាក់តាំងពីវគ្គ១៦ក្រុមចុងក្រោយ ដោយសារគិរីវង់សុខសែនជ័យ ខណៈភ្នំពេញក្រោន ចែករំលែកចំណាត់ថ្នាក់លេខ៣ស្ទួនជាមួយវិសាខា ក្រោយចាញ់ព្រះខ័នរាជស្វាយរៀងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែននេះ ក្រុមទាំងពីរត្រូវជួបគ្នាជានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី៣ ដោយព្រឹត្តិការណ៍បើកឆាកកាលពីឆ្នាំ២០០៧ ណាហ្គាវើលដ៍បានយកឈ្នះ ៤-២ ប៉ុន្តែភ្នំពេញក្រោនបានសងសឹកវិញ នាជំនួបកាលពីឆ្នាំ២០១០ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ហើយឈានដល់ឈ្នះប៉េណាល់ទី ៤-៣។

ក្នុងដំណើរមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំនេះ ណាហ្គាវើលដ៍ បានទម្លាក់អគ្គិសនីកម្ពុជា និងព្រះខ័នរាជស្វាយរៀងដែលជាជើងឯករងឆ្នាំចាស់ រីឯភ្នំពេញក្រោន ទម្លាក់អាស៊ីអឺរ៉ុបយូណាយធីត និងគិរីវង់សុខសែនជ័យ។

រីឯជំនួប​មួយគូទៀតនៅថ្ងៃស្អែក គឺជាការប៉ះគ្នា​រវាងព្រៃវែង និងវិសាខា៕



Tag:
 ​បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com