ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ហៅលោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់៨រូបទៀត ឲ្យមកចូលរួមសវនាការ ពីបទប៉ងរំលំរដ្ឋាភិបាល
20, Oct 2020 , 6:06 pm        
រូបភាព
សមត្ថកិច្ច យកដីកាទាំង៩សន្លឹក ទៅបិទនៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ ដីកាទាំងនោះ គឺបង្គាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់៨រូបទៀតនៃក្រុមប្រឆាំង ឲ្យចូលរួមសវនាការក្នុងសំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
សមត្ថកិច្ច យកដីកាទាំង៩សន្លឹក ទៅបិទនៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ ដីកាទាំងនោះ គឺបង្គាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់៨រូបទៀតនៃក្រុមប្រឆាំង ឲ្យចូលរួមសវនាការក្នុងសំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ដោយ: ថ្មីៗ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា៩ផ្សេងគ្នា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបង្គាប់ទៅលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមអ្នកប្រឆាំង និង ភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា រួមទាំងសហការីជិតស្និទ្ធរបស់លោក៧នាក់ទៀត ឲ្យមកកម្ពុជា ដើម្បីចូលរួមសវនាការជំនុំជម្រះអង្គសេចក្តី លើសំណុំរឿងរបស់ពួកគាត់ ពីបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។



យោងតាមដីការបស់តំណាងអយ្យការ សំណុំរឿងរបស់ថ្នាក់ដឹកនាំជាប់ខ្ពស់ទាំង៩រូបនៃអតីតគណបក្សប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស នឹងត្រូវជំនុំជម្រះ ក្នុងសាលសវនាការតែមួយជាមួយគ្នា និងនៅថ្ងៃតែមួយជាមួយគ្នា គឺនៅសាលសវនាការទី១ ជាន់ទី១ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង៨ព្រឹកទៅ។ តំណាងអយ្យការ ប្រាប់អ្នកទាំង៩រូបនោះ ឲ្យមកចូលរួមសវនាការ តាមការកំណត់ជាកំហិត។

សហការីរបស់លោក សម រង្ស៊ី ៧រូបទៀត ដែលនឹងត្រូវកាត់ក្តីក្នុងសំណុំរឿងជាមួយលោក និងភរិយារបស់លោក គឺ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ និង លោក នុត រំដួល។ អ្នកទាំង៩រូប ត្រូវតុលាការកម្ពុជា ចោទពីបទឧបឃាតនេះ តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ក្រោយមានអំណះអំណាងថា ពួកគាត់ ចង់ធ្វើរដ្ឋប្រហារ។

ដីកាទាំង៩សន្លឹកនោះ ត្រូវបានសមត្ថកិច្ច យកទៅបិទនៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សម រង្ស៊ី ប្រកាសផែនការលើកទី១ថា លោក នឹងវិលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីដឹកនាំកម្លាំង ផ្លាស់ប្តូរនៅកម្ពុជា។ តែផែនការលើកទី១របស់លោកនាពេលនោះ ត្រូវបរាជ័យ។ ថ្មីៗនេះ លោក ទើបនឹងប្រកាសផែនការលើកទី២ថា លោក នឹងវិលមកកម្ពុជា ក្នុងពេលឆាប់ៗនេះ តែលោក មិនទាន់ប្រាប់ពីពេលវេលាជាក់លាក់នោះទេ។

បទឧបឃាត មានចែងក្នុងមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ ដោយកំណត់ដាក់ទោសឲ្យជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ លើជនណា ដែលបានប្រព្រឹត្ត។ ចំណែក បទរួមគំនិតក្បត់ [ជាតិ] មានចែងក្នុងមាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌ ហើយបើជនណាប្រព្រឹត្ត នឹងត្រូវប្រឈមជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com