ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ព្រមានអ្នកគ្រោងធ្វើបាតុកម្ម ថ្ងៃទី២៣ តុលា៖ «មុខសញ្ញាអ្នកឯង គេគ្រប់គ្រងបានហើយ»
21, Oct 2020 , 9:16 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ តុលា ២០២០
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ តុលា ២០២០
ភ្នំពេញ៖ ពីពិធីជួបសំណេះសំណាលជាមួយជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារព្រមានទុកមុន ទៅកាន់អ្នកដែលមានគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី២៣ តុលា ដែលទាមទារឱ្យរដ្ឋាភិបាល អនុវត្ត និងគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។


 
«មុខសញ្ញាអ្នកឯង គេ(អាជ្ញាធរ)គ្រប់គ្រងបានហើយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានព្រលយថា អ្នកដែលឡើងមកតវ៉ា និងដាក់ញត្តិនៅតាមបណ្ដាស្ថានទូតនានា គឺជាពលរដ្ឋរស់នៅតាមខេត្ត ។
 
ដ្បិតមិននិយាយពីវិធានការបង្ក្រាបក្តី ប៉ុន្តែលោកនាយករដ្ឋមន្រ្តី បានចេញបម្រាមទុកមុន ដោយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ មកបង្កចលាចល ដែលធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈឡើយ។ «កំពុងទឹកជំនន់ផង កំពុងកូវីដ-១៩ផង (អ្នកតវ៉ា)កុំមករញ៉េរញ៉ៃ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលអះអាងជាថ្មីថា ខ្លួនជាអ្នកបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ហើយអ្នកឡើងមកតវ៉ា ទំនងជាមិនស្គាល់កិច្ចព្រមព្រៀងនេះផង។
 
ទោះបីសម្ដេច ហ៊ុន សែន និយាយមិនចំឈ្មោះក្រុមអ្នកដែលមានគម្រោងតវ៉ា នៅថ្ងៃទី២៣ តុលា ក្តី ប៉ុន្តែទំនងជាសារនយោបាយដោយប្រយោលនេះ គឺចង់សំដៅទៅកាន់អ្នកគាំទ្រលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង។ នោះក៏ព្រោះតែលោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋ ងើបឈរតវ៉ានឹងរដ្ឋាភិបាល ដែលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រឹមត្រូវ។
 
មេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ តុលា ដូច្នេះថា៖«នៅថ្ងៃ ២៣ តុលា ២០២០ ត្រូវជាខួបទី ២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងវត្តមានយោធាចិន លើទឹកដីប្រទេសកម្ពុជា»។
 
សម្ដេច ហ៊ុន សែន ដែលបានដឹងពីគម្រោងបាតុកម្មនេះ បានអះអាងថា សម្ដេចក្ដាប់បានព័ត៌មានពីកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ទាំងនៅក្នុង និងក្រៅប្រទេស៕ 
 

Tag:
 កិច្ចព្រមព្រៀងទីក្រុងប៉ារីស
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com