ពីនេះ ពីនោះ
សុខភាព
នៅពេល​មាន​ផ្ទៃពោះ​ឈឺក្បាល គួរតែ​ធ្វើ​ដូចម្តេច​?
21, Oct 2020 , 8:59 pm        
រូបភាព
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ ហើយ​មាន​ជំងឺ​កើតឡើង​មិន​ថា​ធ្ងន់ ឬ​ស្រាល អ្នក​មិនអាច​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់ ដូចនេះ​បើ​អ្នក​ឈឺក្បាល​នៅពេល​មាន​ផ្ទៃពោះ ក្រៅពី​ប្រើ​ថ្នាំ តើ​មាន​វិធី​អ្វី​ក្នុងការ​បំបាត់​នោះ​?

 
​ស្អំ​កន្សែង​ក្តៅ ឬ​ត្រជាក់​
 
​អ្នក​អាច​យក​កន្សែង​ត្រជាក់​មក​ស្អំ​លើ​ថ្ងាស​របស់​អ្នក​ចំនួន​២០​នាទី​បាន នោះ​វា​នឹងធ្វើ​ឲ្យ​ឈាម​នៃ​ខួរក្បាល​អ្នកដើរ​បាន​ស្រួល ហើយ​សរសៃ​នៃ​ខួរក្បាល​មិនសូវ​កន្ត្រាក់ នោះ​វា​នឹងមិន​សូវ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ខ្លាំង​នោះទេ តែ​ក្រោយ​ពេលដែល​អ្នក​ស្អំ​រួច អ្នក​ត្រូវតែ​យក​កន្សែង​ស្ងួត​មក​ជូត​ឲ្យ​ស្ងួត​ទើបបាន អ្នក​ក៏​អាច​ប្រើ​កន្សែង​ក្តៅ​មក​ស្អំ​បានដែរ នោះ​វា​នឹង​ជួយ​ឲ្យ​ខួរក្បាល​អ្នក​មិនសូវមាន​សំពាធ ដូចនេះ​អ្នកនឹង​មិនមាន​អា​ការៈឈឺ​ក្បាល​ទៀត​ទេ ប៉ុន្តែ​កន្សែង​មិនត្រូវ​ក្តៅ​ពេក​ទេ វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​រលាក​បាន​។​
 
​ងូតទឹក​ក្តៅ​
 
​នៅពេលដែល​អ្នក​ឈឺក្បាល អ្នក​អាច​ងូតទឹក​ក្តៅ​បាន ព្រោះ​វា​អាចធ្វើ​ឲ្យ​សរសៃឈាម​អ្នកដើរ​បាន​ស្រួល ជាងនេះទៅទៀត​វា​អាចជួយ​បន្ធូរ​សាច់ដុំ​នៃ​រាងកាយ​អ្នក​មិនសូវ​តឹង​បាន ដូចនេះ​អ្នកនឹង​អាច​បាត់​នូវ​អា​ការៈឈឺ​ក្បាល​នេះ​បាន ប៉ុន្តែ​អ្នក​មិនត្រូវ​ងូត​ច្រើនដង ហើយ​យូរពេក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​ខ្លាំងណាស់​។​
 
​ហាត់ប្រាណ​
 
​អ្នក​អាច​សាកល្បង​ដើរទៅ​សួរ​ច្បារ​បាន ព្រោះ​នៅពេលដែល​អ្នក​ដើរទៅ​សួរ​ច្បារ អ្នក​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​អាច​គយគន់​ផ្កា និង​ធម្មជាតិ​បាន​ទៀតផង ដូចនេះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​មិន​ឈឺក្បាល​ទៀត​ទេ ជាងនេះទៅទៀត អ្នក​អាច​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ផ្សេងៗ​បាន នោះ​វា​នឹង​ជួយ​អ្នក​បំបាត់​នូវ​អាកា​រៈ​នោះ​ដូចគ្នា​។​
 
​បរិភោគ​បង្អែម​ខ្លះ និង​ផឹកទឹក​ឲ្យ​ច្រើន​
 
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នកទាប វា​អាចធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ដូចគ្នា ដូចនេះ​អ្នក​អាច​បរិភោគ​បង្អែម​បន្តិច​បាន តែ​មិនត្រូវ​ច្រើន​ទេ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​ផឹកទឹក​ឲ្យ​ច្រើន អាច​ផឹក​ទឹកដោះគោ ទឹក​ទំពាំងបាយជូរ ឬ​ទឹក​ផ្លែឈើ​ស្រស់ វា​សុទ្ធតែ​អាចធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ និង​កូន​អាចមាន​សុខភាព​ល្អ​ដូចគ្នា​។​
 
​គេង​ឲ្យ​គ្រប់​
 
​អ្នក​ត្រូវតែ​គេង​ឲ្យ​គ្រប់ មិនត្រូវ​នឿយហត់​ពេក​ទេ ហើយ​អ្នក​មិនត្រូវ​អង្គុយ​យូរពេក​ទេ ត្រូវតែ​ងើបឡើង​មក​ដើរ​ខ្លះ ដើម្បី​ឲ្យ​ឈាម​ដើរ​បាន​ស្រួល ទើប​មិន​ងាយ​ឈឺក្បាល ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​កូនអ្នកមាន​សុខភាព​ល្អ​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com