កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ហៅ Cech ទៅ​ចាំទី​វិញ ឯ Ozil គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់ Arsenal
21, Oct 2020 , 9:59 pm        
រូបភាព
Petr Cech ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​សមាជិក​ក្រុម Chelsea ក្នុងការ​ប្រកួត Premier League បើទោះបី​លោក​បាន​ចូលនិវត្តន៍​ពី​អាជីព​អ្នកចាំទី​នៅ​ចុងរដូវ​កាល ២០១៨-១៩ ក៏ដោយ​។ ខ្សែបម្រើ Mesut Ozil ខ្សែការពារ Phil Jones និង​អ្នកចាំទី Sergio Romero សុទ្ធតែ​គ្មាន​ក្នុង​បញ្ជី​ឈ្មោះ​របស់ Arsenal និង Manchester United រដូវ​កាល​នេះ​។​



Cech វ័យ​៣៨​ឆ្នាំ ដែល​សព្វថ្ងៃ​មានការ​ងារ​ជាម​ន្ត្រី​បច្ចេកទេស និង​ទីប្រឹក្សា​របស់​ក្លិប​តោ​ខៀវ​ផង​ត្រូវ​បន្ថែម​ក្នុង​បញ្ជី​កីឡាករ​«​បន្ទាន់​» របស់លោក Frank Lampard​។ អតីត​អ្នក​ចាត់​ទី​ជម្រើសជាតិ​ឆែក​រូបនេះ បាន​ចំណាយពេល​១១​រដូវ​កាល​នៅ​ទឹកដី Stamford Bridge ដោយ​ជួយ Chelsea ឈ្នះ Premier League ៤​លើក និង Champions League ១​លើក មុន​ចេញទៅ Arsenal នៅ​ឆ្នាំ​២០១៥​។​
 
​ក្រៅពី Cech នេះដែរ Chelsea មាន​អ្នកចាំទី​៣​រូប​ផ្សេងទៀត​ដូចជា Kepa Arrizabalaga, Willy Caballero និង Édouard Mendy ដែល​ទិញ​ចូល​រដូវ​កាល​នេះ​។​
 
​ដោយឡែក​ខ្សែបម្រើ Mesut Ozil ហាក់ដូចជា​ត្រូវ​បញ្ចប់​អាជីព​របស់ខ្លួន​ជាមួយ Arsenal ហើយ បន្ទាប់ពី​រូបគេ​ត្រូវ​ដកចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​២៥​នាក់​របស់​អ្នកចាត់ការ Mikel Arteta ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​។​
 
​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​វ័យ​៣២​ឆ្នាំ​រូបនេះ មិនបាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ទេ តាំងពី​ខែមីនា​ដូ​វ​កាល​មុន​ម្លេះ ហើយ​វត្តមាន​របស់ Ozil ក្នុងការ​ប្រកួត Europa League នៅ​ខែ​នេះ​ក៏​គ្មាន​ដែរ​។​
 
​សម្រាប់​ក្រុម​បិសាច​ក្រហម​ឯណោះ​វិញ ក៏​មិនបាន​បញ្ចូល​ខ្សែការពារ Phil Jones និង​អ្នកចាំទី Sergio Romero ក្នុង​បញ្ជី​កីឡាករ​ទាំង​២៥​រូប​របស់​ពួកគេ​ដែរ​។​
 
Jones ខ្សែការពារ​កណ្តាល​សញ្ជាតិ​អង់គ្លេស វ័យ​២៨​ឆ្នាំ បង្ហាញខ្លួន​លើកចុងក្រោយ​ឲ្យ Man Utd ក្នុងការ​ប្រកួត FA Cup ទល់ Tranmere Rovers កាលពី​ខែមករា ខណៈ​អ្នកចាំទី​អន្តរជាតិ​អា​ហ្ស​ង់​ទីន Romero អាយុ ៣៣ ឆ្នាំ ត្រូវ​ខ្ទាត​ចេញពី​ជម្រើស​របស់លោក Ole Gunnar Solskjær ក្រោយ​ក្រុម​បាន​កោះហៅ​អ្នកចាំទី​អង់គ្លេស Dean Henderson ដែល​ឲ្យ Sheffield United ខ្ចី​ត្រឡប់​ទៅវិញ​។​
 
​ក្លិប​ទាំង​២០​នៅ​លី​គ​កំពូល​អង់គ្លេស តម្រូវ​ឲ្យ​ប្រកាស​ឈ្មោះ​កីឡាករ​របស់ខ្លួន​ចំនួន​២៥​នាក់ បន្ទាប់ពី​ទីផ្សារ​ផ្ទេរ​កីឡាករ​ក្នុងស្រុក និង​អន្តរជាតិ​បិទទ្វារ​៕
 

Tag:
 Petr Cech
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com