កីឡាអន្តរជាតិ
អន្តរជាតិ
Real ចាញ់ Shakhtar ដែល​ប្រើប្រាស់​កីឡាករ​ក្មេងៗ ព្រោះ​កីឡាករ​ឈុត​ដំបូង​ឆ្លង COVID-19
22, Oct 2020 , 10:17 am        
រូបភាព
​ក្រុម Shakhtar Donetsk បាន​យកឈ្នះ​ម្ចាស់​ជើងឯក​១៣​សម័យ Real Madrid ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​លទ្ធផល ៣-២ នា​ការប្រកួត​បើកឆាក​ពូ​ល B ពានរង្វាន់ Champions League បើ​ទោះ​ក្រុម​អ៊ុយ​ក្រែ​ន​ប្រើ​កីឡាករ​ជម្រើស​ទី​២​ក៏ដោយ​។ លោក Zinedine Zidane ទទួលខុសត្រូវ​គ្រប់យ៉ាង​ចំពោះ​បរាជ័យ​ដ៏​អាម៉ាស់​នេះ​។​


Shakhtar Donetsk ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ុយ​ក្រែ​ន​បានធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ដោយ​គ្មាន​កីឡាករ​ជម្រើស​ដំបូង​ដល់​ទៅ​១៣​នាក់ បន្ទាប់ពី​ពួកគេ​ឆ្លង COVID-19 និង​របួស​។ ក្រុម​ដែលមាន​លោក Luis Castro ជា​អ្នកចាត់ការ​បានសម្រេច​កោះហៅ​កីឡាករ​យុវជន​សម្រាប់​ជំនួប​បើកឆាក​នេះ​។​
 
​បើទោះជា​អវត្តមាន​កីឡាករ​សំខាន់ៗ​ជាច្រើនរូប​ក្តី ប៉ុន្តែ​នា​ការប្រកួត​ក្នុង​ទីលាន​ហ្វឹកហាត់ Alfredo Di Stefano កីឡាករ​ក្មេងៗ​របស់លោក Castro បានធ្វើ​ឲ្យ​ក្រុម​លោក Zidane ភ្ញាក់ផ្អើល​មិនតិច​ទេ តាមរយៈ​ទម្រង់​លេង​វាយ​សម្រុក​ដ៏​អស្ចារ្យ​រហូត​រក​គ្រាប់​បាល់​នាំមុខ​មុន​ដល់​ទៅ ៣-០ នៅ​វគ្គ​ទី​១​។ ទាំង​៣​គ្រាប់​ធ្វើបាន​ដោយ Tete នៅ​នាទី​២៩ មុន Raphael Varane ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​នៅ​៤​នាទី​បន្ទាប់ ហើយ Manor Solomon បន្ថែម​គ្រាប់​ទី​៣ នៅ​នាទី​៤២​។​
 
​យ៉ាងណាក៏ដោយ នៅ​វគ្គ​ទី​២ Real Madrid អាច​តាម​បាន​ពីរ​គ្រាប់​វិញ​ដោយ​កីឡាករ Luka Modric នៅ​នាទី​៥៤ និង Vinicius Junior នៅ​នាទី​៥៩​។ ចប់​ការប្រកួត Shakhtar ឈ្នះ Real ៣-២​។​
 
​អ្នកចាត់ការ​ទូទៅ​ក្រុម​រហស្សនាម​ស្តេច​សលោក Zidane ចេញមុខ​ទទួលខុសត្រូវ​គ្រាប់​យ៉ាង​ចំពោះ​បរាជ័យ​ដ៏​អាក្រក់​នេះ​។ គ្រូ​សញ្ជាតិ​បារាំង​បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ចប់​ការប្រកួត​ថា នៅពេល​ក្រុម​លេង​មិន​ដូច​អ្វីដែល​យើង​ចង់បាន នោះ​ជា​កំហុស​របស់​យើង​។​
 
«​នេះ​ជាការ​ប្រកួត​ដ៏​អាក្រក់​មួយ​នៅ​រាត្រី​នេះ​។ ខ្ញុំ​ជា​គ្រូបង្វឹក ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ ហើយ​គ្រប់យ៉ាង​អាស្រ័យ​លើ​ខ្ញុំ​ដើម្បី​រក​ដំណោះស្រាយ​។ យើង​សម​នឹង​ទទួល​ការរិះគន់ ជាពិសេស​ខ្ញុំ​។ សំណាង​ហើយ​ដែល​នៅ​តង់​ទី​២ អាច​រកបាន​២​គ្រាប់​វិញ មិន​ដូច្នោះ​ទេ​នឹង​ពិបាក​ជាងនេះទៅទៀត​»​។ Zidane អះអាង​ដូច្នេះ និង​ថែមទាំង​សរសើរ​ក្រុម​ក្មេងៗ​របស់ Shakhtar ថា​លេង​បានល្អ​លើ​ការ​វាយបក និង​រំខាន​ដៃគូ​។ 
 
Zidane ដឹកនាំ Real បរាជ័យ​ក្នុងផ្ទះ ១-០ ក្រោម​ថ្វី​ជើង Cadiz ក្នុង​ក្របខណ្ឌ La Liga កាលពី​សប្តាហ៍​មុន នឹងត្រូវ​ប៉ះ Barcelona ក្នុងជំនួប El Clasico នៅ​យប់​ថ្ងៃទី​២៤ ខែតុលា​។
​សម្រាប់​លទ្ធផលការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ដទៃ​មាន​ដូចខាងក្រោម​៖
 
 
 

Tag:
 Shakhtar Donetsk
  Real Madrid
  Champions League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com