កីឡាអន្តរជាតិ
អន្តរជាតិ
ទោះមិនជាប់ជម្រើស២៥នាក់របស់ Arsenal តែក្លិបនិងកីឡាករគាំទ្រ Ozil ពេញទំហឹង
× Mesut Ozil នៅតែមានការគាំទ្រពេញទំហឹងពីសំណាក់ក្លិប និងកីឡាកររបស់ Arsenal ទាំងមូល បើទោះរូបគេមិនជាប់ក្នុងជម្រើស២៥នាក់របស់ក្រុម សម្រាប់ការប្រកួត Premier League រដូវកាលនេះក៏ដោយ។ នេះបើតាមការអះអាងរបស់ Ainsley Maitland-Niles ខ្សែការពារក្រុមកាំភ្លើងធំ។
Ozil ហាក់ដូចជាត្រូវបញ្ចប់អាជីពរបស់ខ្លួនជាមួយ Arsenal ហើយ បន្ទាប់ពីរូបគេត្រូវដកចេញពីបញ្ជីឈ្មោះកីឡាករ២៥នាក់របស់អ្នកចាត់ការ Mikel Arteta ក្នុងការប្រកួតលីគកំពូលអង់គ្លេស និងពានរង្វាន់លំដាប់ទី២អឺរ៉ុប Europa League។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឲ្យក្រុមកាំភ្លើងធំ ចាប់តាំងពីខែមីនា ទោះបីជាក្រោមការដឹកនាំរបស់ Arteta ដែលក្លាយជាអ្នកចាត់ការទូទៅថ្មីនៅខែធ្នូក៏ដោយ។
អតីតសមាជិកក្រុម Real Madrid ដែលមិនយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលជាង៤៥ម៉ឺនដុល្លារក្នុង១សប្តាហ៍ អំឡុងពេលជំងឺ COVID-19 រាតត្បាតខ្លាំង ធ្លាប់បានជឿជាក់ថាការប្រឹងប្រែងហ្វឹកហាត់របស់ខ្លួន នឹងអាចបង្កើនឱកាសច្រើនជាងកីឡាករ Arsenal ដទៃទៀត ដើម្បីអាចចូលលេងឲ្យក្រុមវិញ។
ប៉ុន្តែយ៉ាងណាក៏ដោយ Ozil ទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះ បន្ទាប់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានប្រកាសនៅថ្ងៃទី២១ ខែតុលាថា រូបគេមិនបានបង្ហាញសមត្ថភាពគ្រប់គ្រាន់ ដើម្បីជាប់ក្នុងជម្រើស២៥នាក់របស់លោកឡើយ ខណៈលោកតែងផ្តល់ឱកាសឲ្យរូបគេបង្ហាញជាច្រើនក៏ដោយ។
ទន្ទឹមនេះ ខ្សែបម្រើអន្តរជាតិអង់គ្លេស Maitland-Niles បានលើកឡើងថា Ozil នៅតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមិត្តរួមក្រុមកាំភ្លើងធំ បើទោះរូបគេមិនស្ថិតក្នុងជម្រើសរបស់លោក Arteta ក្តី។ ទោះបីជាមានស្ថានភាពកំពុងបន្តក៏ដោយ កិច្ចសន្យារបស់កីឡាកររូបនេះនឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះ។
Maitland-Niles បានប្រាប់សន្និសីទសារព័ត៌មានមុន Arsenal ប៉ះ Rapid Vienna ក្របខណ្ឌ Europa League ពូល B ថា៖ «ក្លិបឈរនៅពីក្រោយ Ozil ជានិច្ច យើងជាក្រុមតែមួយ។ យើងកំពុងផ្តោតអារម្មណ៍លើការប្រកួតយប់នេះ។ ពេលត្រឡប់ទៅកន្លែងហ្វឹកហាត់វិញយើងអាចនិយាយគ្នាបានប្រសិនបើគាត់ចង់ចូលរួមជាមួយក្រុម»។ លើការសម្រេចដក Ozil ចេញពីសមាសភាពក្រុម ត្រង់ចំណុចនេះ Maitland-Niles បន្ថែមថា ទាំងនេះគួរត្រូវសួរទៅខាងក្លិប៕
Tag:
Ainsley Maitland-Niles
Arsenal
Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com