ជាតិ
សង្គមជាតិ
គម្រោង​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ប៉ះពាល់​ផ្ទះ​និង​សំណង់​ពលរដ្ឋ​ជាង​៥​ពាន់​កន្លែង​
23, Oct 2020 , 7:59 am        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាបផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នៅសាលាខេត្តសៀមរាប កាលពីថ្ងៃ២០តុលា ឆ្នាំ២០២០។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ នៅសាលាខេត្តសៀមរាប កាលពីថ្ងៃ២០តុលា ឆ្នាំ២០២០។
​សៀមរាប​៖ គម្រោង​ធ្វើ​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប បាន​ប៉ះពាល់​ផ្ទះ​និង​សំណង់​នានា​របស់​ពលរដ្ឋ​ជាង​៥​ពាន់​កន្លែង​ក្នុងនោះ​មានផ្ទះ​ចន្លោះ​ពី ១៧០ ទៅ ១៨០​ខ្នង ត្រូវ​ប៉ះពាល់​ស្ទើរ​ទាំងស្រុង​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃទី​២០​តុលា​។​

 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង រវាង​កញ្ញា អ៊ូ សុខ​មាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ដូចតទៅ​៖ 

 
 
​រាជរដ្ឋាភិបាល បានអនុម័ត​កញ្ចប់​ថ​វិកា ១៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទីក្រុង​សៀមរាប​នៅ​ដើមខែ​កញ្ញា​កន្លងទៅ​។ 
​បើតាម​ការលើកឡើងរ​បស់​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា គម្រោង​ផ្លូវ​សាធារណៈ​ទាំង​៣៨​ខ្សែ​ដែល​កំពុង​អនុវត្ត​នេះ​បាន​ប៉ះពាល់​ដល់ផ្ទះ និង​សំណង់​នានា​របស់​ពលរដ្ឋ​រហូត​ដល់ ប្រាំ​ពាន់​កន្លែង​ឯណោះ​។​
 
 ប៉ុន្តែ​អភិបាល​ខេត្តសៀមរាប​រូបនេះ​បាន​ថ្លែងថា ភាគច្រើន​ប្រជាពលរដ្ឋ​ដែល​បាន​រង​ផលប៉ះពាល់​ទាំងនោះ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ទាំងនោះ​ដោយ​ខ្លួនឯង​។ 
«​ជាទូទៅ​យើង​ឃើញថា ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ក្នុង​ការរុះរើ​ដោយផ្ទាល់​។ ខ្ញុំ​គិតថា នេះ​ជា​កត្តា​មួយ​ដែល​យើង​ឃើញថា ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​របស់​យើង​រង់ចាំ​ឱកាស​នេះ​ក្នុងការ​ស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប​របស់​យើង ផងដែរ​»​។ លោក ទៀ សីហា មានប្រសាសន៍​ដូច្នេះ​។​
 
 លោក​បន្ត​ដូច្នេះ​ថា​៖ «​មាន​តិចតួច​បំផុត​ដែល​ប្រជាពលរដ្ឋ​មានការ​តវ៉ា​[​លើ​ការធ្វើ​ផ្លូវ​ចំនួន​៣៨​ខ្សែ​] ដោយសារ វា​មានការ​ប៉ះពាល់​ធំ ដែលមាន​ខ្លះ​ប៉ះពាល់​ដល់​អាគារ ខ្លះ​ប៉ះពាល់​ដល់​សសរ​គ្រឹះ​របស់​ផ្ទះ​ពួកគាត់​»​។ 
 
​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ដែល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ  គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៣៥​។ 
 
​លោក ទៀ សីហា បាន​និយាយថា នៅពេលដែល​ផ្លូវ​ទាំងនេះ លេចចេញ​រូបរាង​ឡើង​តាម​ការគ្រោងទុក អ្នកទទួលផល​ប្រយោជន៍​ពី​ផ្លូវ​ថ្មី​ទាំងនេះ​ធំជាងគេ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ផ្ទាល់​តែម្តង​។ 
 
​លោក​ពន្យល់​ដូច្នេះ​៖ «​នៅក្នុង​ក្រុង​សៀមរាប​យើង មាន ប្រជាពលរដ្ឋ​ជិត​៣០​ម៉ឺន​នាក់ ក្នុងនោះ​ប្រតិបត្តិ​ករ​វិស័យ​ទេសចរ​យើង មាន​ច្រើន​។ ការងារ​ធ្វើ​[​ធ្វើ​ផ្លូវ​ទាំងនេះ​] នឹង​អាចជួយ​ដល់​វិស័យ​ទេសចរណ៍​។ អ៊ីចឹង​! បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួល​នេះ គឺ​នឹង​អាចមាន​ទាំង​ផ្ទះ ទាំងមុខ​ផ្ទះ ទាំង​ផ្លូវថ្នល ផ្លូវ​ដើរ គឺ​បាន​សមស្រប​តាម​អ្វីដែល​យើង​បានគ្រោង​ទុក​។ ជាពិសេស គឺ​ផាសុកភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សៀមរាប​ផ្ទាល់​តែម្តង​»​។  
 
​បើតាម​ប្រសាសន៍​របស់​អភិបាលខេត្ត​រូបនេះ  បច្ចុប្បន្ននេះ​ផ្ទះ​និង​សំណង់​នានា​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ការសាងសង់​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នេះ​ចន្លោះ​ពី​៦០​ទៅ​៧០​ភាគ ត្រូវបាន​រុះរើ​ហើយ ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ផ្ទាល់​៕
 
 

Tag:
 ផ្លូវ​៣៨​ខ្សែ​
  លោក ទៀ សីហា​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com