កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាម​ម្ចាស់​ក្លិប​កំពូល​ប៉ា​រ៉ា​ហ្គា​យ​ម្នាក់ មិន​ឲ្យ​ពាក់ព័ន្ធ​បាល់ទាត់​មួយជីវិត ពីបទ​កំណត់​លទ្ធផល​
22, Oct 2020 , 5:49 pm        
រូបភាព
​មន្ត្រី​កីឡាបាល់ទាត់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ម្នាក់ ត្រូវ​ហាម​មិន​ឲ្យ​ពាក់ព័ន្ធ​ក្នុង​កីឡាបាល់ទាត់​មួយជីវិត ក្រោយ​រកឃើញថា​ព្យាយាម​កំណត់​លទ្ធផល​ការប្រកួត​ក្នុង​ក្របខណ្ឌ Copa Libertadores កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​២១ ខែតុលា​។​


​តាមរយៈ​សាលក្រម​របស់ FIFA លោក Marco Trovato អតីត​ប្រធាន​ក្លិប Olimpia នៃ​លី​គ​កំពូល​ប៉ា​រ៉ា​ហ្គា​យ​ក៏បាន​ព្យាយាម​កំណត់​លទ្ធផល​ប្រកួត​ទុក​មុន​ចំនួន​១១​ប្រកួត​នៅ​ឆ្នាំ ២០១៨ និង ២០១៩ ផងដែរ​។​
 
​លោក Trovato សញ្ជាតិ​ប៉ា​រ៉ា​ហ្គា​យ វ័យ​៤១​ឆ្នាំ ត្រូវ​ហាម​មិន​ឲ្យ​ពាក់ព័ន្ធ​ក្នុង​កីឡាបាល់ទាត់​មួយជីវិត​តាំងពី​ខែ​មុន​ម្លេះ ប៉ុន្តែ​ព័ត៌មាន​លំអិត​ជុំវិញ​ករណីនេះ​ត្រូវ FIFA ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២១ ខែតុលា​។​
 
​ការប្រកួត​ពានរង្វាន់ Copa Libertadores វគ្គ​១៦​ក្រុម​រវាង Olimpia និង Liga de Quito របស់​អេក្វាទ័រ​កាលពី​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២០១៩ ជា​ជំនួប​ដ៏​គួរ​សង្ស័យ និង​ត្រូវ​បើក​ការស៊ើបអង្កេត​រហូត​ដឹង​ការពិត​។ កាលនោះ នៅ​ជើង​ទី​១ បានបញ្ចប់​ក្នុង​លទ្ធផល ៣-១ ដែល​ក្រុម​ពី​លី​គ​កំពូល​អេក្វាទ័រ​បាន​ឈានទៅ​វគ្គ​បន្ត បន្ទាប់ពី​លទ្ធផល​ស្មើគ្នា ១-១ នៅ​ជើង​ទី​២​។​
 
​យោងតាម​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ដដែល ជនជាប់ចោទ​ម្នាក់​ឈ្មោះថា Edgar Troche សារភាពថា​ខ្លួន​និង Trovato មាន​ទំនាក់ទំនង​គ្នា​ចន្លោះ​ឆ្នាំ ២០១៨ និង ២០១៩ ដើម្បី​រៀបចំ​លទ្ធផល​ក្នុងចំណោម​ការប្រកួត​ជាច្រើន​របស់​ក្រុម Olimpia​។​
 
​យ៉ាងណាក៏ដោយ ជុំវិញ​ករណីនេះ​លោក Trovato អតីត​នាយក​ប្រតិបត្តិ​ក្លិប Olimpia បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​លោក​នឹង​តស៊ូ​ដើម្បី​កេ​រិ៍្ត​ឈ្មោះ​របស់លោក​។ Trovato នឹង​តវ៉ា​លើ​ការហាម​ប្រាប​នេះ និង​ប្តឹង​ឧទ្ធរណ៍​ទៅ FIFA ទៅកាន់​តុលាការ​អាជ្ញាកណ្តាល​កីឡា​ផង​៕

Tag:
 FIFA
  Copa Libertadores
  កំណត់​លទ្ធផល
© រក្សាសិទ្ធិដោយ thmeythmey.com