ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ៖ ខ្មែរ និង​អន្តរជាតិ គួរ​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​អនុវត្ត​នូវ​អ្វីដែល​មិនទាន់​សម្រេចបាន ជាង​បម្រើ​ម​ហិ​ច្ឆតា​ខ្លួន​
23, Oct 2020 , 11:12 am        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ខួប​លើក​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​(២៣ តុលា ១៩៩១)​។ អ្នកនយោបាយ បាន​បញ្ចេញ​ទស្សនៈ​ខុសគ្នា​ជុំវិញ​កិច្ចព្រមព្រៀង​មួយ​នេះ​។ ដោយឡែក​លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឱ្យ​ខ្មែរ​រួបរួមគ្នា ក៏ដូចជា​សហគម​អន្តរជាតិ​គួរ​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​អនុវត្ត​នូវ​អ្វីដែល​មិនទាន់​សម្រេចបាន ជាង​យក​បម្រើ​ម​ហិ​ច្ឆ​តា​ខ្លួន​។​


​មេ​ដឹក​អតីត​គណបក្សប្រឆាំង ដែល​កំពុង​ជាប់ចោទ​ពីបទ​«​គប់គិត​ជាមួយ​បរទេស​» រូបនេះ បាន​សរសេរ​សារ​មួយ នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​លើក​ជា​គំនិត​ឱ្យ​ខ្មែរ​ទាំងអស់ ត្រិះរិះ​ពិចារណា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បានចាប់កំណើត​ឡើង តាំងពី​ឆ្នាំ​១៩៩១​មក​។ ឃ្លា​ក្នុង​ខ្លឹមសារ​ដែល​លោក កឹម សុខា បាន​រំលេច​ឡើង​នោះ គឹ​ចង់​សំដៅលើ​ការអនុវត្ត​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ដំណើការ​រៀបចំ​ប្រទេស ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ ខណៈ​ប្រទេស​ជា​ហត្ថលេខី​ក៏មាន​កាតព្វកិច្ច​ការជួយ​ប្រទេស​កម្ពុជា​ឱ្យ​ប្រសើរឡើង​។​
 
​លោក កឹម សុខា ដែល​បាន​បង្ហោះ​រូបភាព​ខ្លួន​កំពុង​អាន​ឯកសារ​នៃ​កិច្ចប្រជុំ​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយសារ​ភ្ជាប់​រូប​មេដឹកនាំ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង នៅ​ថ្ងៃទី​២៣ តុលា​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​យើង​គួរ​គិតពិចារណា ពិនិត្យមើល​មូលហេតុ កុំ​ឲ្យ​ជាន់​ដាន​អាក្រក់ ហើយ​យើង​ត្រូវ​វាយតម្លៃ​នូវ​អ្វីដែល​យើង​បាន​សន្យា ថា​តើ​អ្វីដែល​ធ្វើបាន​ល្អប្រសើរ​ហើយ និង​អ្វី​ដែលជា​កាតព្វកិច្ច​ទាំង​ភាគី​ខ្មែរ និង​អន្តរជាតិ​មិនទាន់​បានធ្វើ ឬ​ធ្វើ​មិនទាន់បាន​ត្រឹមត្រូវ​ពេញលេញ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​»​។​
​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ប៉ារីស​អំពី​បញ្ហា​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ត្រូវបាន​រៀបចំឡើង​ដើម្បី​ថែរក្សា និង​ការពារ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា បន្ទាប់​ប្រទេស​ដ៏​កម្សត់​មួយ​នេះ បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រំឭក​ពី​ការបង្កើតបាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ផងដែរ​។ មេដឹកនាំ​កម្ពុជា​រូបនេះ បានលើកឡើង​ពី​ជំនួប​ដំបូង​ជាមួយ​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ នរោត្តម សីហនុ បិតា​ឯករាជ្យ​ជាតិខ្មែរ ដែល​គេ​ហៅថា «​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន​» នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS  រួមទាំង​ជំនួប​លើក​ទី ២ នា​ថ្ងៃទី​២០-២១ មករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង មុននឹង​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​។​
 
​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ដឹកនាំ​ប្រទេស​៤០​ឆ្នាំ​រូបនេះ បាន​អះអាងថា ទោះបី​មាន​កិច្ចព្រមព្រៀង សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​) រហូតដល់​ឆ្នាំ​១៩៩៨ ទើប​សង្គ្រាម​បានបញ្ចប់​ទាំងស្រុង ក្រោម​នយោបាយ​ឈ្នះ​- ឈ្នះ របស់ខ្លួន​។​
​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ បានកំណត់​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជំលោះ​កម្ពុជា ដោយ​ចែង​អំពី​ភារកិច្ច​របស់​អាជ្ញាធរ​អ៊ុនតាក់ ការដក​ទ័ព ការឈប់​បាញ់ និង​វិធានការ​ពាក់ព័ន្ធ ការបោះឆ្នោត មាតុភូមិនិវត្តន៍​នៃ​ជនភៀសខ្លួន រួមទាំង​គោលការណ៍​សម្រាប់​ធម្មនុញ្ញ​ថ្មី​មួយ​របស់​កម្ពុជា​។​
 
​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​វិញ មិនទាន់​ចេញ​សារ​នយោបាយ​អ្វី​ឡើយ ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃទី​២៣ តុលា (​ម៉ោង​នៅ​កម្ពុជា​) ។ ប៉ុន្តែ​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ធ្លាប់​បានចេញ​សារ​មួយ មុន​ថ្ងៃ​រំឭក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ហ្វេ​ស​ប៊ុ​ក​ខ្លួន កាលពី​ថ្ងៃទី​១៩ តុលា​ថា​៖«​នៅ​ថ្ងៃ ២៣ តុលា ២០២០ ត្រូវជា​ខួប​ទី ២៩ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជនជាតិខ្មែរ​ទូទាំង​ពិភពលោក នឹង​រៀបចំ​ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​យោធា​ចិន លើ​ទឹកដី​ប្រទេស​កម្ពុជា​»​។​
 
​តាមរយៈ​សារ​អំពាវនាវ​របស់លោក សម រង្ស៊ី នេះ ក៏មាន​ពលរដ្ឋ​នាំគ្នា​តវ៉ា និង​ដាក់​ញ្ញត្តិ​នៅ​ស្ថានទូត​ចិន​នៅ​ព្រឹក​ថ្ងៃទី​២៣ តុលា​នេះ​។ តាមរយៈ​ការតវ៉ា និង​ដាក់​ញ្ញ​តិ​នេះ ក៏មាន​ការបង្ក្រាប និង​ចាប់ខ្លួន​អ្នក​តវ៉ា ពី​សំណាក់​សមត្ថកិច្ច​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃទី​២០ តុលា​ថា រដ្ឋាភិបាល នឹង​អនុវត្ត​វិធានការ​ក្តៅ​លើ​អ្នក​តវ៉ា តាម​សារ​នយោបាយ​របស់លោក សម រង្ស៊ី​។​
 
​តែ​យ៉ាងណា​លោក កឹម សុខា ចង់ឃើញ​ខ្មែរ​ចេះ​សាមគ្គី​គ្នា ហើយ​កុំ​ទាញ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​។ «​ទស្សនៈ​របស់ខ្ញុំ​គឺ មានតែ​ការរួបរួម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ក៏ដូចជា​សហគមន៍​អន្តរជាតិ យក​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ មក​បន្តធ្វើ​នូវ​អ្វីដែល​មិនទាន់​សម្រេចបាន ដើម្បី​ឲ្យ​កាន់តែ​ប្រសើរឡើង ជាជាង​ការយក​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​កម្ពុជា ដែល​រងទុក្ខវេទនា​ជាច្រើន​ណាស់​មកហើយ បម្រើ​តាម​មហិច្ឆតា​រៀងៗ​ខ្លួន​តទៅទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​។​
​គួរ​បញ្ជាក់ថា ឥស្សរជន​កម្ពុ​ជាមាន​១២​អង្គ​-​រូប ដែល​បាន​ចុះ​ព្រះហស្តលេខា និង​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព រួមទាំង​ប្រទេស​ជា​ហត្ថលេខី​ចំនួន​១៨​ផ្សេងទៀត​។​
 
​ឥស្សរជន​របស់​កម្ពុ​ជានា​ពេលនោះ រួមមាន សម្តេច នរោត្តម សីហនុ ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់ តំណាង​រដ្ឋ​កម្ពុជា (​លោក ហ៊ុន សែន លោក ឌិ​ត មន្ទីរ លោក ស៊ិន សេន លោក ទៀ បាញ់ លោក ហោ ណាំហុង និង​លោក អ៊ឹម ឈុនលឹម​) តំណាង​ខ្មែរក្រហម (​លោក ខៀវ សំផន និង​លោក សុន សេន​) តំណាង​រណសិរ្ស​រំដោះប្រជាជន​ខ្មែរ (​លោក សឺ​ន សាន និង​លោក អៀង មូលី​) តំណាង​អ្នក​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច (​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​)​។​
 
​ចំណែក​ប្រទេស​ហត្ថលេខី​ទាំង​១៨ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី ថៃ សហភាពសូវៀត ចក្រភព​អង់គ្លេស (​និង​អៀរ​ឡង់​ខាងជើង​) សហរដ្ឋអាមេរិក វៀតណាម និង​យូ​ហ្គោ​ស្លា​វី (​តំណាង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​)៕

 

© រក្សាសិទ្ធិដោយ thmeythmey.com