ជាតិ
សង្គមជាតិ
ពលរដ្ឋ​៣​នាក់ ត្រូវ​ចាប់ខ្លួន ពេល​ទៅ​ផ្ដុំគ្នា​នៅមុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​
23, Oct 2020 , 11:54 am        
រូបភាព
ក្រុមអ្នកទាមទារត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣តុលា ២០២០ នៅមុខស្ថានទូតចិន។ (រូបពីទំព័រហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព)
ក្រុមអ្នកទាមទារត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣តុលា ២០២០ នៅមុខស្ថានទូតចិន។ (រូបពីទំព័រហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព)
​ភ្នំពេញ​៖ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​តវ៉ា​៣​នាក់ ខណៈ​ក្រុម​ពួកគេ​ប្រមាណ​១០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ចូលរួម​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ គឺជា​ខួប​២៩​ឆ្នាំ​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។



​អ្នកស្រី ចក់ សុភាព នាយិការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា អ្នក​ទាំង​៣​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន គឺ មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​។  អ្នកស្រី សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​សមត្ថកិច្ច​តែងតែ​យាយី​ដល់​ក្រុមអ្នកតវ៉ា​ឬ​ការជួបជុំ​របស់​ប្រជាពលរដ្ឋ​។​
​ប្រធាន​អង្គការ​ផ្នែក​សិទ្ធី​មនុស្ស​រូបនេះ មានប្រសាសន៍ថា​៖«​កន្លងមក​រាល់ពេល​ដែល​មានការ​ជួបជុំ អាជ្ញាធរ​តែងតែ​ធ្វើការ​រឹតត្បិត មិន​រៀបចំ​បង្ក​ឲ្យ​មាន​ភាព​អំណោយផល​ដល់​ក្រុម​អ្នក​ទាមទារ​ឡើយ​»​។ 
 
​ក្រោយ​ចាក​ចេញពី​ស្ថានទូត​ចិន ប្រជាពលរដ្ឋ​ទាំងនោះ បាននាំគ្នា​បន្តទៅ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​មួយទៀត គឺ​ស្ថានទូត​អាមេរិក ដើម្បី​យក​ញត្តិ​ទៅ​ដាក់​។ ក្នុង​ញត្តិ​នោះ ពួកគាត់ សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ជំរុញ​ប្រទេស​ទាំងអស់​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បើក​កិច្ចប្រជុំ​ជាថ្មី លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ពួកគាត់ យល់ថា រដ្ឋាភិបាល​កម្ពុជា បាន​ដើរចេញ​ឆ្ងាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ 
 
​លើសពីនេះ ពួកគេ សរសេរ​ក្នុង​ញត្តិ​ថា ពួកគាត់ជាប្រជាពលរដ្ឋខ្មែរ ប្រឆាំងដាច់ខាតនឹងចិន ដែលមានបំណងមកបោះទីតាំងកងទ័ពនៅលើផែរាមខេត្តព្រះសីហនុ និងនៅតាមតារាសាគរខេត្តកោះកុង។ តាមរយៈញត្តិ ពួកគាត់ ថែមទាំងស្នើឲ្យរដ្ឋាភិបាលអាមេរិក ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលចិន ដើម្បីឲ្យឈប់គាំទ្រអំណាចបុគ្គល គឺសំដៅលើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ប្រជាពលរដ្ឋ ក៏បានយកញត្តិទៅដាក់នៅស្ថានទូតបារាំងដែរ ដែលស្ថិតនៅជិតស្ថានទូតអាមេរិក គឺខាងលិចស្ថានទូតអាមេរិក។ ញត្តិ ដែលដាក់នៅស្ថានទូតបារាំង គឺមានខ្លឹមសារដូចគ្នាទាំងស្រុង ទៅនឹងញត្តិ ដែលដាក់នៅស្ថានទូតអាមេរិក។
 
​មិនមែនតែម្តងឡើយ ដែលរដ្ឋាភិបាល ចេញមកប្រកាសប្រាប់ប្រជាពលរដ្ឋ និងអង្គការអន្តរជាតិ ថា កម្ពុជា មិនបានអនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានកងទ័ពលើទឹកដីកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បំភ្លឺថា៖«យើង គ្មានគោលការណ៍ណាមួយ ដើម្បីនឹងផ្តល់ឲ្យបរទេស ប្រើប្រាស់នូវមូលដ្ឋាន [ទ័ព] ក្នុងប្រទេសយើង ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់យើងទេ»។

ប្រមុខរដ្ឋាភិបាល បន្ថែមទៀតថា៖«កម្ពុជា សុំបញ្ជាក់ជាថ្មីថា កម្ពុជា ជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជា មិនចូលរួមជាមួយអ្នកនេះ ប្រឆាំងនឹងអ្នកនោះ។ [យើង] មិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយយើង ក៏មិនបោះទីតាំងយោធារបស់យើង នៅលើទឹកដីបរទេសដែរ...»។

ចិន អាមេរិក និង បារាំង សុទ្ធតែជាហត្ថលេខីក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប្រទេសទាំងអស់ ដែលចូលរួមធ្វើជាហត្ថលេខីជាមួយភាគីកម្ពុជា ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មាន១៨។ ប្រទេសទាំង១៥ទៀត គឺ អូស្ត្រាលី ព្រុយណេ កាណាដា ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ សហភាពសូវៀត អង់គ្លេស វៀតណាម និង យូហ្គោស្លាវី។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺកើតចេញពីការស្រុះស្រួលរវាងភាគីខ្មែរទាំង៤ គឺរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រហម។ ក្នុងន័យជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា ហើយផ្សះផ្សារ បង្រួមបង្រួម និង កសាងប្រទេសជាតិឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថែមទាំងត្រូវឲ្យកម្ពុជា ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស៕
 

Tag:
 កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
  ចាប់អ្នកតវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com