ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបផុតមួយនៅកម្ពុជា បានចែកអំណោយដល់ជនរងគ្រោះ ដោយសារទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃវិភាគទាន និងការបរិច្ចាគជារួម ផ្ដោតលើការជួយដល់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ទូទាំងប្រទេស ដោយ សារទឹកជំនន់។
បុគ្គលិកចំនួន ប្រមាណជាង ១០ នាក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី បានបរិច្ចាគគ្រឿងឧបភោគបរិភោគ ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អំណោយទាំងអស់នោះរួមមាន អង្ករ សៀង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ មី និងត្រីខ កំប៉ុងជាដើម។
អំឡុងពិធីប្រគល់អំណោយ ជូនអាជ្ញាធរមូលដ្ឋាន ស្រុកថ្មពួក លោក សុវ៉ាត ដារីយេវិច ដែលជានាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនទ្រូម៉ាន់នី មានប្រសាសន៍ថា៖ “ក្រុមហ៊ុន ទ្រូម៉ាន់នី មានមោទកភាព ក្នុងការជួយដល់ជនរួមជាតិកម្ពុជា គ្រប់ពេលដែលពួកគាត់ត្រូវការពួកយើង មិនថានៅទីកន្លែងណានោះទេ។ ក្នុងពេលវេលាដ៏លំបាកបែបនេះ យើងចង់បញ្ជាក់ឲ្យអ្នកដែលទទួលរងផលប៉ះពាល់បានឃើញ ថាយើងតែងតែជួយគាំទ្រដល់ពួកគាត់ជានិច្ច ដូច្នេះហើយទើបបានជាយើង រៀបចំកម្មវិធីនាថ្ងៃនេះ”។
ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលត្រូវបានជម្លៀសពីលំនៅដ្ឋានដោយសារទឹកជំនន់ បានចូលរួមក្នុងការ ប្រគល់អំណោយនេះ។
លោក សុវ៉ាត ដារីយេវិច បានបន្ថែមថា៖ “បើទោះបីជាក្រុមការងាររបស់យើង មានវត្តមានតិចតួចនៅថ្ងៃនេះក្ដី ប៉ុន្តែបុគ្គលិក និងភ្នាក់ងាររបស់យើង រាប់ពាន់នាក់បានផ្ដាំផ្ញើនូវក្ដីបារម្ភ និងការបួងសួង ជូនពរសព្វសាធុការ ដល់ជនរងគ្រោះទាំងអស់។ ទាំងអស់នេះ គឺជាអំណោយពីសំណាក់បុគ្គលិក និងភ្នាក់ងាររបស់ទ្រូម៉ាន់នីទាំងអស់។ យើងសង្ឃឹមថា អំណោយទាំងនេះនឹងបានរួមចំណែកខ្លះៗ ស្របពេលដែលលោកអ្នក កំពុងប្រឈមនឹងការលំបាក ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលនេះ»។
ជំនួយរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ដល់ក្រុមគ្រួសាររងគ្រោះ នៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាចំណែកមួយ នៃជំនួយរបស់ខ្លួន ដែលក្រុមហ៊ុនកំពុងផ្ដល់ជូនជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃខាងមុខទៀត។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ថា៖ “ក្រុមហ៊ុនយើងខ្ញុំ សូមចែករំលែកនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋរួមជាតិកម្ពុជា ក្នុងគ្រាលំបាកបែបនេះ។ ដូច្នេះហើយ ទើបយើងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត”។
ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការនៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្ម ទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុន ក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទ ដូចជាសេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕
(អត្ថបទពាណិជ្ជកម្ម)