សង្គមអន្តរជាតិ
អន្តរជាតិ
ទូតម៉ាឡេស៊ី អំពាវនាវពលរដ្ឋខ្លួនឲ្យចូលរួមបរិច្ចាគជួយកម្ពុជាដែលរងគ្រោះដោយទឹកជំនន់
× ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា តាមរយៈបណ្តាញសង្គមរបស់ខ្លួន បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន ឲ្យចូលរួមចំណែកជួយបរិច្ចាគដល់កម្ពុជានូវជំនួយសង្គ្រោះបឋមមួយចំនួនសម្រាប់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
«ជូនចំពោះពលរដ្ឋម៉ាឡេស៊ីទាំងអស់ យើងកំពុងស្វែងរកជំនួយឧបត្ថម្ភដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ សូមចូលរួមជាមួយយើងខ្ញុំ ដើម្បីជួយគាំទ្រដល់ពួកគាត់»។ នេះជាសេចក្តីជូនដំណឹងរបស់ស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា។
នៅលើផ្ទាំង Banner របស់ខ្លួនដែលបង្ហោះលើបណ្តាញសង្គម ស្ថានទូតម៉ាឡេស៊ី បានបញ្ជាក់ពីតម្រូវការមួយចំនួនមានដូចជា ត្រីខកំប៉ុង (Tinned Sardines), មីកញ្ចប់, ទឹកត្រី, ទឹកបរិសុទ្ធ និងនំប៊ីស្គីត ជាដើម។ កាលបរិច្ឆេទឈប់ទទួលគឺនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយពលរដ្ឋម៉ាឡេស៊ីដែលចង់ចូលរួមបរិច្ចាគអាចទាក់ទងតាមលេខទូរសព្ទ ០៨៧ ៥៤៥ ០០០ ។
ជាមួយគ្នានេះផងដែរ ក្រសួងការបរទេសម៉ាឡេស៊ី (Wisma Putra) បានសំដែងការសោកស្តាយរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាយុជីវិតមនុស្ស រួមទាំងអ្នករងផលប៉ះពាល់ទាំងអស់ដែលបង្កឡើងដោយគ្រោះទឹកជំនន់។
«យើងសូមបួងសួងឲ្យមានសុវត្ថិភាពសម្រាប់កម្ពុជា និងលើកទឹកចិត្តពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាកនេះ»។ ក្រសួងការបរទេសម៉ាឡេស៊ី បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គមរបស់ខ្លួន។
ទឹកជំនន់ដែលអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បានប៉ះពាល់ដល់ពលរដ្ឋនៅរស់ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ។
តាមរបាយការណ៍កាលពីថ្ងៃទី២២ ខែតុលា ពលរដ្ឋជាង៤៨ម៉ឺននាក់ បានរងគ្រោះ ដែលក្នុងនោះ៣៩នាក់ បានស្លាប់ រីឯដំណាំកសិកម្មជាង៣១ម៉ឺនហិកតារងការជន់លិច៕
© រក្សាសិទ្ធិដោយ thmeythmey.com