កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រថា Arsenal មិនយក Ozil ដោយសាររិះគន់ចិន តែ Arteta ថា ជាការសម្រេចក្នុងបាល់ទាត់
× អ្នកគាំទ្រ Arsenal យល់ថា ការមិនជ្រើសយក Mesut Ozil ក្នុងសមាសភាពកីឡាករ២៥រូបសម្រាប់ការប្រកួត Premier League និង Europa League រដូវកាលនេះ មានជាប់ពាក់ព័ន្ធនឹងការរិះគន់ចិនជុំវិញការបង្ក្រាបជនជាតិមូស្លីមភាគតិចវីហ្គ័រនៅខេត្តស៊ីនជាំង។ ប៉ុន្តែលោក Mikel Arteta ថាមិនដាក់ Ozil ជាការសម្រេចចិត្តក្នុងបាល់ទាត់។
អ្នកចាត់ការក្រុមកាំភ្លើងធំលោក Mikel Arteta បានប្រកាសនៅថ្ងៃទី២១ ខែតុលា ថា Ozil មិនលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជាប់ក្នុងជម្រើស២៥នាក់របស់លោកឡើយ បើទោះបីលោកតែងផ្តល់ឱកាសឲ្យរូបគេបង្ហាញសមត្ថភាពជាច្រើនលើកក៏ដោយ។
អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះ ថែមទាំងអះអាងថា លោកជាអ្នកទទួលខុសត្រូវលើការជ្រើសរើសកីឡាករ។ លោកថា ការបដិសេធមិនយកខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ជា «ការសម្រេចចិត្តក្នុងលក្ខខណ្ឌបាល់ទាត់»។
បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ប៉ុន្តែអ្នកគាំទ្រក្រុម Arsenal មួយចំនួនធំយល់ឃើញថា ដោយសារតែ Ozil ធ្លាប់បានរិះគន់ និងថ្កោលទោសចិន ជុំវិញការបង្ក្រាបរបស់ចិនទៅលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតកាលពីឆ្នាំ២០១៩នោះ ទើបរូបគេមិនអាចចូលរួមជាមួយក្រុមវិញ។
កាលនោះ បន្ទាប់ពីការរិះគន់ រដ្ឋាភិបាលចិនក៏បានប្រតិកម្មវិញភ្លាមៗផងដែរ ដោយក្នុងនោះការប្រកួតរបស់ Arsenal ទល់ Manchester City ដែលត្រូវបញ្ចាំងលើទូរទស្សន៍រដ្ឋចិន CCTV បានបិទការផ្សាយផងដែរ។
ដូចដែលយើងបានដឹងហើយថា ទីផ្សារ Arsenal មានច្រើនបំផុតនៅទឹកដីចិន ហើយករណី Ozil នេះ ពិតជាបានជះឥទ្ធិពលដល់ក្លិបដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏យ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ អតីតសមាជិក្រុម Real Madrid វ័យ៣២ឆ្នាំ បានប្រកាសលើកបណ្តាញសង្គម Twitter ថា រូបគេនឹងបន្ដហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានកន្លែងមួយក្នុងជម្រើសរបស់ Arsenal វិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com