កីឡាជាតិ
ជាតិ
អ្នកចាំទី វីរៈ ដា​រ៉ា ជាប់​ជា​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត ខណៈ​វិសាខា​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​
23, Oct 2020 , 5:30 pm        
រូបភាព
(front) អ្នកចាំទី វីរៈ ដារ៉ា របស់ក្រុមព្រៃវែងជាប់ជាកីឡាករល្អប្រចាំការប្រកួតរវាងក្រុមព្រៃវែងជាមួយវិសាខា
(front) អ្នកចាំទី វីរៈ ដារ៉ា របស់ក្រុមព្រៃវែងជាប់ជាកីឡាករល្អប្រចាំការប្រកួតរវាងក្រុមព្រៃវែងជាមួយវិសាខា
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២០ ក្រោយ​យកឈ្នះ​ក្រុម​ព្រៃវែង​ក្នុង​លទ្ធផល ៩-៨ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។ ក្រុម​ដែល​ទើប​បង្ហាញខ្លួន​បាន​៣​ឆ្នាំ​មួយ​នេះ ត្រូវ​ប្រជែង​ដើម្បី​ដណ្តើម​ជើងឯក​ជាមួយ​ណាហ្គា​វើ​លដ៍​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។

 
​នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​វិសាខា​ជាមួយ​ព្រៃវែង​នៅ​ទឹកដី​កណ្តាល​នា​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ក្រុម​ទាំងពីរ​បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ ក្នុង​រយៈពេល​៩០​នាទី​។ ខ្សែប្រយុទ្ធ វុ​ធ តុលា ជា​អ្នករក​គ្រាប់​ឲ្យ​ក្រុម​ព្រៃវែង មុន​កីឡាករ កែវ សុខ​ផេង សម្រេច​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​វិសាខា​។ គ្រាប់​បាល់​ទាំងពីរ​នេះ កើតឡើង​ក្នុង​តង់​ទី​១​ដូចគ្នា​។  
 
​លទ្ធផល​នេះ តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ដើម្បី​ស្វែងរក​អ្នកឈ្នះ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅក្នុង​ការ​ទាត់​ប៉េ​ណា​ល់​ក្រុម​ព្រៃវែង​ជា​អ្នក​ទាត់​មុន ដោយ​កីឡាករ វឿន វ៉ាត ជា​អ្នកទទួលបន្ទុក ហើយ​ទាត់​ចូល​បានសម្រេច​។ បន្ទាប់មក​កីឡាករ ទៀត គឹម​ហេង ទាត់​បាល់​ដំបូង​សម្រាប់​វិសាខា​បានសម្រេច​ដូចគ្នា មុន​ខ្សែប្រយុទ្ធ វុ​ធ តុលា ទាត់​បាល់​ចេញ​ក្រៅរ​បាទី​សម្រាប់​ព្រៃវែង​។ 


 
​ក្រោយមក​កីឡាករ ប៊ុនធឿន ប៊ុន​ណា​រ៉ុង បាន​ទាត់​បាល់​ទី​ពីរ​ឲ្យ​វិសាខា​បានសម្រេច​ដើម្បី​នាំមុខ ២-១ តែ​ត្រូវបាន​តាម​ស្មើ ២-២ ដោយ​កីឡាករ គី រី​ណា មុន​កីឡាករ ទិ​ត្យ ឌី​ណា ទាត់​បាល់​នាំមុខ ៣-២ សាជាថ្មី​ឲ្យ​វិសាខា​។ តែ​តាម​ស្មើ ៣-៣ វិញ​ដោយ ស៊ន សុវត្ថិ​។ បន្ទាប់មក​កីឡាករ ច្រឹង ពលរដ្ឋ ទាត់​បាល់​ទី​៤​ឲ្យ​វិសាខា​បានសម្រេច មុន​កីឡាករ ស រតនា ទាត់​គ្រាប់​តាម​ស្មើ ៤-៤ ឲ្យ​ព្រៃវែង ដែលជា​គ្រាប់​បាល់​ចុងក្រោយ​របស់​ពួកគេ​។ 
 
​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ជា​អ្នកទទួលបន្ទុក​ទាត់​បា​ល់​ចុងក្រោយ និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​វិសាខា បើ​គេ​ទាត់​ចូល​បានសម្រេច​។ ផ្ទុយទៅវិញ ការ​ទាត់​របស់គេ ត្រូវបាន​ជួយសង្គ្រោះ​បាន​ពី​អ្នកចាំទី​របស់​ព្រៃវែង វីរៈ ដា​រ៉ា ដែល​តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ទាត់​បាល់​ប៉េ​ណា​ល់​ទីប​ន្ត ដើម្បី​ស្វែងរក​អ្នកឈ្នះ​។ 
 
​បន្ទាប់មក​កីឡាករ ចាន់ សា​រ៉ា​ពេជ្រ​, អ៊ុក សុវណ្ណ​, ពៅ ចាន់​ថេត​, អ៊ិន វិឆ័យ​, លីន តារា​ដេ​វី​ទ្យ​, ឆេង ម៉េង​, ញឹម លី​ហួរ និង កែន ច័ន្ទ​សុភ​ក្ត្រ បាន​ទាត់​បាល់​បញ្ចូល​ទី​បានសម្រេច​ឲ្យ​ក្រុម​រៀងៗ​ខ្លួន​។ កីឡាករ អ៊ិន ឃឺ​ន​ដា​រ៉ូ ជា​អ្នកទទួលបន្ទុក​ទាត់​បា​ល់​ទី​១០​ឲ្យ​ព្រៃវែង តែ​ធ្វើ​មិន​សម្រេច ក្រោយ​ជួយ​សង្គ្រោះបាន​ពី​អ្នកចាំទី កែវ សុខ​សិលា​។ ក្រោយមក​កីឡាករ ង​យ ស្រ៊ី​ន បាន​ទាត់​បាល់​ទី​១០​ប​ញ្ជូ​ល​ទី​បានសម្រេច ដើម្បី​នាំ​ជ័យជម្នះ ៩-៨ ឲ្យ​ក្រុម​វិសាខា​។   


 
​ជ័យជម្នះ​នេះ​ជួយ​ឲ្យ​វិសាខា​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើកដំបូង​ក្រោយ​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​នេះ​បាន​៣​រដូវ​កាល​។ កាល​បង្ហាញខ្លួន​លើកដំបូង​នៅ​ឆ្នាំ​២០១៨ ក្រុម​វិសាខា​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​១៦​ក្រុម​។ ចំណែក​នៅ​ឆ្នាំ​២០១៩ ក្រុម​នេះ ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ចាញ់​បឹងកេត​ក្នុង​លទ្ធផល ៤-០​។ វិសាខា ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ណាហ្គា​វើ​លដ៍ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ​។  
 
​ទោះបី​ក្រុម​ខ្លួន​មិនបាន​ឡើងទៅ​វគ្គ​បន្ត តែ​អ្នកចាំទី​របស់​ព្រៃវែង វីរៈ ដា​រ៉ា បាន​ជាប់​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំការ​ប្រកួត ក្រោយ​រូបគេ​បាន​ជួយសង្គ្រោះ​បាល់​បានជា​ច្រើន​គ្រាប់​ពី​ការ​ស៊ុត​របស់​កីឡាករ​វិសាខា​។ ជាពិសេស រូបគេ បាន​ជួយសង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ កែវ សុខ​ផេង ក្នុងការ​ស៊ុត​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​៕  



Tag:
 Hun Sen Cup 2020
  វិសាខា​
  វីរៈ ដា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com