ថវិកាជាតិ សម្រាប់ចាយឆ្នាំ២០២១ មានជិត៨ពាន់លានដុល្លារ ក្នុងនោះ រដ្ឋ គ្រោងខ្ចីជាង២ពាន់លានដុល្លារពីបរទេស
ជាតិ
សេដ្ឋកិច្ច
ថវិកាជាតិ សម្រាប់ចាយឆ្នាំ២០២១ មានជិត៨ពាន់លានដុល្លារ ក្នុងនោះ រដ្ឋ គ្រោងខ្ចីជាង២ពាន់លានដុល្លារពីបរទេស
23, Oct 2020 , 9:00 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (កំពុងថ្លែងសារ) និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច ស្ថិតក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលរៀបចំឡើងក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (កំពុងថ្លែងសារ) និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច ស្ថិតក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលរៀបចំឡើងក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រដ្ឋាភិបាលកម្ពុជា គ្រោងថវិកាជាតិជាង៣២លានលានរៀល គឺជិត៨ពាន់លានដុល្លារ (ជាង៧៨៣៥លានដុល្លារ) សម្រាប់ចាយក្នុងឆ្នាំ២០២១។ នេះបើតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។



ក្នុងចំណោមថវិកាជាតិជិត៨ពាន់លានដុល្លារ សម្រាប់ចាយនៅឆ្នាំ២០២១ គឺមានកម្ចីប្រមាណ១,៥ពាន់លាន SDR ស្មើជាង២១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីពីបរទេស។ SDR (Special Drawing Rights) គឺជារង្វាស់ខ្នាតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF (International Monetary Fund)។ បច្ចុប្បន្ន ១ SDR ស្មើនឹងប្រមាណ ១,៤១ដុល្លារ (ជិត១ដុល្លារកន្លះ)។

ជាមួយគ្នានេះ រដ្ឋាភិបាល អះអាងក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ ថា រដ្ឋាភិបាល នឹងបង្កើនចំណូលសរុប ឲ្យបានជិត៧ពាន់លានដុល្លារ (៦៧៩៧លានដុល្លារ) ក្នុងឆ្នាំ២០២១ ។

ថវិកាជាតិជិត៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១ ត្រូវបែងចែកជា២ធំៗ គឺថវិកាសម្រាប់ចំណាយថ្នាក់ជាតិ ដែលមានទំហំជាង៧ពាន់លានដុល្លារ (ជាង៧៤៦៤លានដុល្លារ) និងថវិកាសម្រាប់ចំណាយថ្នាក់ក្រោមជាតិ ដែលមានទំហំជិត៣រយលានដុល្លារ។ ចំណាយថ្នាក់ជាតិ ជាទូទៅ គឺគិតចាប់ពីក្រសួងឡើងទៅ ឬស្ថាប័នណា ដែលស្ថិតក្នុងកម្រិតថ្នាក់ជាតិ។ ចំណាយថ្នាក់ក្រោមជាតិ គឺរាប់ពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ ឃុំ សង្កាត់។


តារាង បង្ហាញពីថវិកាថ្នាក់ជាតិ ដែលបែងចែកតាវិស័យទាំង៤ (ឯកតាគិតជាលានរៀល)




តារាង បង្ហាញពីថវិកាថ្នាក់ជាតិ សម្រាប់ក្រសួង-ស្ថាប័ន ក្នុងឆ្នាំ២០២១ (ក្នុងខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ពុំបានបង្ហាញពីក្រសួង-ស្ថាប័នទាំងអស់ឡើយ)
 



ចំណាយថ្នាក់ជាតិ ត្រូវបែងចែកជា២ទៀត គឺចំណាយចរន្ត និង ចំណាយមូលធន។ ចំណាយចរន្ត គឺជាការចំណាយ ដើម្បីរក្សាសេវាកម្មសាធារណៈ ឲ្យដំណើរការជារៀងរាល់ថ្ងៃ រួមមាន ប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ ទំនិញដែលចាំបាច់សម្រាប់ផ្តត់ផ្គង់សេវាកម្មសាធារណៈ ដូចជាថ្នាំពេទ្យ និងសៀវភៅសិក្សាជាដើម។ ចំណាយមូលធន គឺសំដៅដល់ចំណាយលើផ្នែកដទៃទៀត ដូចជា សង្គមកិច្ច សេដ្ឋកិច្ច ការទូទាត់បង់ការប្រាក់ និងការចំណាយដោយមិនមានការគ្រោងទុកជាដើម។

ថវិកាជាតិ ដែលគ្រោងជិត៨ពាន់លានដុល្លារ សម្រាប់ចាយនៅឆ្នាំ២០២១ គឺតិចជាងក្នុងឆ្នាំ២០២០នេះ។ ថវិកាជាតិ សម្រាប់ចាយក្នុងឆ្នាំ២០២០ មានជាង៨,២ពាន់លានដុល្លារ។ ផ្អែកលើតួលេខនេះ ថវិកាជាតិសម្រាប់ឆ្នាំ២០២១ ថយចុះប្រមាណ៤ភាគរយ បើធៀបនឹងថវិកាជាតិសម្រាប់ឆ្នាំ២០២០។

យ៉ាងណា ថវិកាជាតិជាង៨,២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២០នេះ រដ្ឋាភិបាល ពុំបានចាយទាំងអស់ដូចការគ្រោងទុកឡើយ។ ផ្ទុយមកវិញ ប្រមុខរដ្ឋាភិបាល បានប្រាប់បណ្តាមន្រ្តីរាជការ  ឲ្យក្បិតក្បៀត ក្នុងការចាយវាយ ដោយត្រូវកាត់បន្ថយការចំណាយឲ្យបាន៥០ភាគរយ នៅតាមក្រសួង-ស្ថាប័ននីមួយៗ ដើម្បីទប់ស្កាត់នឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ-១៩។

សំណេររបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលលោក បង្ហោះលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ការរិះថាំក្នុងការចាយវាយនៅតាមក្រសួង-ស្ថាប័ន ចាប់តាំងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ធ្វើឲ្យរដ្ឋាភិបាល សន្សំថវិកាបានប្រមាណ៩១៨លានដុល្លារហើយ មកដល់នេះ៕

Tag:
 ថវិកាជាតិឆ្នាំ២០២១
© រក្សាសិទ្ធិដោយ thmeythmey.com