ជាតិ
បាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ បើកយុទ្ធនាការស្ដារការដាំដុះផលដំណាំស្រូវ
25, Oct 2020 , 9:29 am        
រូបភាព
ភ្នំពេញ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ នឹងបើកយុទ្ធនាការស្តារផលដំណាំស្រូវ ចាប់ផ្ដើមដាំដុះនៅតាមទីតាំងមួយចំនួន ដែលមានលទ្ធភាពអាចដាំដុះបាន តាមខេត្តរបស់ខ្លួននីមួយៗ។ នេះបើតាម ហ្វេសប៊ុកផេករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



បាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ជាខេត្តដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ខ្លាំងជាងគេ ក្នុងចំណោមរាជធានី-ខេត្តចំនួន១៩ ដែលរងគ្រោះដោយសារទឹកជំនន់។ ដោយសារតែផលដំណាំត្រូវបានលិចលង់ និងខូចខាតស្ទើតែទាំងស្រុង ពិសេសដំណាំស្រូវ ប្រធានមន្ទីរកសិកម្មខេត្តទាំង៣ ក៏បានសម្រេចបង្កើតយុទ្ធនាការដាំដុះស្រូវស្រាល ដើម្បីស្ដារផលដំណាំរបស់ខ្លួនឡើងវិញ នៅទីតាំងមួយចំនួនដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាំដុះ។


 
បើតាមផេកហ្វេសប៊ុករបស់ លោក វេង សាខុន ដដែល ខេត្តបាត់ដំបង នឹងចាប់ផ្ដើមយុទ្ធនាការស្ដារផលដំណាំស្រូវរបស់ខ្លួន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិព្រៃក្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។ 
 
ចំណែកឯខេត្តពោធិ៍សាត់ នឹងចាប់យុទ្ធនាការស្តារដំណាំស្រូវ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន។ រីឯខេត្តបន្ទាយមានជ័យ នឹងចាប់ផ្ដើមអនុវត្តយុទ្ធនាការស្ដារផលដំណាំរបស់ខ្លួន នៅដើមសប្ដាហ៍ខែវិច្ឆិកា ឆ្នាំ២០២០នេះផងដែរ។ 


 
យុទ្ធនាការស្តារផលដំណាំ ពិសេសការដាំដុះស្រូវនេះ ធ្វើឡើងក្រោមការសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារនៃមន្ទីរកសិកម្មខេត្តទាំង៣ រួមទាំងអគ្គនាយកដ្ឋាន និងអាជ្ញាធរដែលពាក់ព័ន្ធថែមទៀតផង។ 


 
ដើម្បីអនុវត្តយុទ្ធនាការស្តារផលដំណាំស្រូវក្នុងដំណាក់កាលនេះ ក្រសួងកសិកម្មក៏បានផ្ដល់នូវសម្ភារៈប្រើប្រាស់មួយចំនួន ទៅបណ្ដាភូមិ ឃុំ ដែលបានកំណត់ មានដូចជា ត្រាក់ទ័រ៥គ្រឿង គោយន្តសម្រាប់ពង្រាបដីចំនួន៥គ្រឿង និងម៉ាស៊ីនដាំគ្រាប់ស្រូវប្រមាណ៤គ្រឿងផងដែរ។ នេះបើតាមហ្វេសប៊ុកផេក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម៕
 

Tag:
 ស្រូវ
 បាត់ដំបង
 ពោធិ៍សាត់
 បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com