កំណាព្យ
ជាតិ
ជាតិខ្លាំង
25, Oct 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ ប៉ាកកាខ្មៅ បទ ជាប់ទង

 
រឿងជាតិខ្លាំង តាំងទំនុក ទុកតាមចាស់
គ្រប់ជាតិសាសន៍ ច្បាស់ណាស់ណា ថាឥតក្លែង
រាស្ត្ររួមខ្លាំង តាំងជំហរ ឈរឥតក្រែង
ប្រឹងខ្លួនឯង ស្វែងសកម្ម ចាំចេះចែក។
 
រាស្ត្ររស់រៀន មានចំណេះ ចេះចាត់ចែង
ស្គាល់ខ្លួនឯង ស្វែងបង្គ្រប់ ឈប់ឈរស្រែក
ពឹងអ្នកក្រៅ ហៅអំពាវ នាវនាំបែក
ស្រុតស្រុកចែក បែកជាតិឯង ស្តែងមានហើយ។
 
មន្ត្រីខ្លាំង តាំងជួយរាស្ត្រ ចៀសតប់តប
ប្រើច្បាប់ស្រប អបអប់រំ គុំកុំឡើយ
កងកម្លាំង តាំងជំហរ ឈរបង្កើយ
ត្រៀមមុនហើយ ឆ្លើយសង្គ្រោះ ទោះយប់ថ្ងៃ។
 
រដ្ឋរុងរឿង សឿងថ្កើងថ្កាន បានខ្ពង់ខ្ពស់
រាស្ត្ររួមរស់ ឆ្ពោះរួមគ្នា ជាជាតិថ្លៃ
មន្ត្រីរាស្ត្រ ចៀសទាស់ទែង ជ្រែងជើងដៃ
ផ្តួចផ្តើមច្នៃ ដៃសកម្ម ចាំជួយជាតិ៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com