កីឡាជាតិ
ជាតិ
បឹងកេត ឈ្នះជើងឯកខេមបូឌានលីគលើកទី៤ ក្រោយតាមស្មើភ្នំពេញក្រោន
25, Oct 2020 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបឹងកេតបានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ក្រោយពួកគេបានតាមយកស្មើម្ចាស់ផ្ទះភ្នំពេញក្រោន ១-១ នៅវិនាទីចុងក្រោយ នាជំនួបចុងក្រោយនៅល្ងាចថ្ងៃអាទិត្យ ទី២៥ ខែតុលានេះ។ លទ្ធផលនេះបើធ្វើឲ្យព្រះខ័នរាជស្វាយរៀងខកខានឱកាសគ្រងបន្តតំណែងជើងឯករបស់ខ្លួន បើទោះបីជាពួកគេ បានយកឈ្នះណាហ្គាវើលដ៍ ៤-០ នៅកីឡដ្ឋានស្វាយរៀងរបស់ខ្លួនក៏ដោយ។



ការទទួលបាន១ពិន្ទុបន្ថែមនាំឲ្យបឹងកេតមាន៤១ពិន្ទុ ដូចព្រះខ័នរាជស្វាយរៀងផងដែរ ប៉ុន្តែពួកគេមានប្រៀបក្នុងរូបមន្ត Head to Head។

Paulo Victor រកបានគ្រាប់បញ្ចូលទីនាំមុខសម្រាប់ម្ចាស់ផ្ទះភ្នំពេញក្រោន នៅនាទី​៣៣ ប៉ុន្តែ​ឈាន​នាទី ទី៧នៃម៉ោងបន្ថែម Dzama Bata បានវាយបកតាមស្មើ ដែលជាគ្រាប់បាល់មាសនាំឲ្យបឹងកេតក្លាយជាម្ចាស់ជើងឯកលើកទី៤។

ព្រះខ័នរាជស្វាយ​ដែលបញ្ចប់ការប្រកួត​មុន ជាមួយនឹងលទ្ធផល ៤-០ លើណាហ្គាវើលដ៍ ទទួលនូវការខកចិត្ត ដោយបានត្រឹមចំណាត់ថ្នាក់លេខ២។ ប្រាក់ មុន្នីឧត្តម និងសួន សុវណ្ណ បាន​នៅតង់ទីមួយ ហើយ មិន រតនៈ និងហូយ ផល្លីន សម្រេចបាននៅតង់ទីពីរ។ ស្វាយរៀងត្រូវ​រងនូវការខកចិត្តដោយសារចាញ់បឹងកេត ដោយរូបមន្ត Head to Head ៤-២។

រីឯជំនួបមួយគូទៀត កងយោធពលខេមរភូមិន្ទ បានយកឈ្នះវិសាខា ២-០ ដែលរកបានដោយ ភួង សុខសាណា និង Romario Alves។

ភ្នំពេញក្រោន រក្សាតំណែងលេខ​៣ រីឯកងយោធពលខេមរភូមិន្ទ ឡើងលេខ​៤ វិសាខា លេខ​៥ និងណាហ្គាវើលដ៍ លេខ​៦។

សម្រាប់ក្រុមនៅក្រៅតំបន់ Top 6  អង្គរថាយហ្គឺរឈរនៅលេខ៧ ពីលើ​គិរីវង់សុខសែនជ័យ នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត អគ្គិសនីកម្ពុជា និងសូលទីឡូអង្គរ ខណៈយុវជន​បាទី ត្រូវ​កាត់ចេញ៕





© រក្សាសិទ្ធិដោយ thmeythmey.com