ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! មិន​ផឹក​គ្រឿង​ស្រវឹង​ក៏​ថ្លើម​អាច​ខូច ដោយសារ​កត្តា​ទាំងនេះ​
26, Oct 2020 , 6:59 pm        
រូបភាព
​ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​នៃ​រាងកាយ​ដែលមាន​តួនាទី​ចម្បង​ក​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។ នៅពេល​ថ្លើម​ទទួលរង​ការខូចខាត មនុស្ស​ភាគច្រើន​គិតដល់​ភ្លាម​ថា​វា​បណ្ដាលមកពី​ការទទួល​ទាន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​លើស​កម្រិត​។ មិន​ខុស​ឡើយ ពិតណាស់​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ថ្លើម​គួរអោយ​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា អ្នកជំនាញ​ផ្នែក​សុខភាព​បាន​បង្ហាញថា ថ្លើម​ខូច​ក៏​អាច​បណ្ដាលមកពី​មូលហេតុ​មួយចំនួន​ផ្សេងទៀត​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​មូលហេតុ​ទូទៅ​បំផុត​ក្រៅពី​គ្រឿង​ស្រវឹង​ដែល​បណ្ដាលអោយ​ថ្លើម​ខូច ៖

 
១. ការទទួល​ទាន​ថ្នាំ​ច្រើនពេក​
 
​ហេតុផល​ដ៏​សំខាន់​មួយ​ផ្សេងទៀត​ដែល​អាចធ្វើឱ្យ​ខូច​ថ្លើម​នោះ គឺ​ការ​ទទួលទាន​ថ្នាំ​ច្រើន​លើស​ពេក​។ មនុស្ស​មួយចំនួន​តែង​ទទួលទាន​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ការយល់ដឹង​ផ្នែក​វេជ្ជសាស្ត្រ​ច្បាស់លាស់ ហើយ​ពួកគេ​មិន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​ការធ្វើ​បែបនេះ គឺ​ផ្ដល់​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ថ្លើម​។​
 
២. ការបង្ក​រោគ​
 
​ពពួក​វី​វុ​ស​នៅក្នុង​បរិយាកាស​អាច​ឈ្លានពាន ឬ​ជ្រាត​ចូលក្នុង​រាងកាយ​បាន ហើយក៏​បង្កបញ្ហា​ដល់​ថ្លើម​។ នៅពេល​ការបង្ក​រោគ​ណាមួយ​កើតឡើង ការ​រលាក​នៃ​ថ្លើម​ក៏​អាច​នឹង​កើតឡើង​ផងដែរ ហើយ​ការ​រលាក​នេះ​ជា​អ្វី​ជា​អ្វីមួយ​ដែល​កាត់បន្ថយ​មុខងារ​នៃ​សរីរាង្គ​នេះ​គួរអោយ​ព្រួយបារម្ភ​។ ការឆ្លង​មេរោគ​ដែល​បណ្ដាលអោយ​ថ្លើម​ខូច គឺមាន​ច្រើនជាង​អ្វី​អ្នក​ធ្លាប់​បានគិត​ទៅទៀត​។ មេរោគ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B និង C ជា​ប្រភេទ​ទូទៅ​បំផុត​នៃ​បញ្ហា​ថ្លើម​ដែល​បណ្ដាលមកពី​ការឆ្លង​មេរោគ​។​
 
៣. ភាពធាត់​ជ្រុល​
 
​វត្តមាន​នៃ​ជាតិ​ខ្លាញ់​ច្រើនពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ រួមទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ហើយ​ក្រៅពី​គ្រឿង​ស្រវឹង ខ្លាញ់​រុំ​ថ្លើម​ក៏​បណ្ដាលមកពី​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​ផងដែរ​។​
 
៤. ការជក់បារី​
 
​ការជក់បារី​ជាប្រចាំ​អាច​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព​ថ្លើម ក៏ដូចជា​សមត្ថភាព​ក្នុងការ​បំពេញ​មុខងារ​។ ការជក់បារី​ផលិត​នូវ​សារ​ធាតុគីមី​គ្រោះថ្នាក់​ដែល​បំផ្លាញ​កោសិកា​ថ្លើម និង​ពន្យឺត​ដំណើរការ​នៃ​មុខងារ​របស់​ថ្លើម​ដែល​ធ្វើ​ឲ្យ​ថ្លើម​ប្រែជា​គ្មាន​ប្រយោជន៍ ហើយ​បណ្ដាល​ឲ្យ​ខ្សោយ​ថ្លើម​។ ដូច្នេះ​ចូរ​ព្យាយាម​បញ្ឈប់ ឬ​កែប្រែ​ទម្លាប់​នៃ​ការជក់បារី​របស់​អ្នក ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ​។​
 
៥. ជំងឺមហារីក​ថ្លើម​
 
​ជំងឺមហារីក​ថ្លើម​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាច្រើន ហើយ​អ្នក​មិនគួរ​ធ្វេសប្រហែស​មើលរំលង​ឡើយ​។ យោងតាម​អ្នកជំនាញ​ខាង​សុខភាព​បានអោយដឹងថា កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម មានដូចជា ការឆ្លង​មេរោគ​ថ្លើម​រយៈពេល​យូរ​, ភាពធាត់​ជ្រុល​, ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​។​
 
៦. បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​ខ្លួនឯង (Autoimmune Issues)
 
​ពេលខ្លះ​បញ្ហា​ថ្លើម​ខូច​ក៏​អាច​បណ្ដាលមកពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ម្នាក់ៗ​ផងដែរ​។ ជា​ឧទាហរណ៍​ងាយៗ​នៃ​បញ្ហា​ថ្លើម​ខូច​ដែល​បណ្ដាលមកពី​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហៅថា ជំងឺ​រលាក​ថ្លើម​ដោយ​ប្រព័ន្ធ​ភាពស៊ាំ (Autoimmune hepatitis) ។​
 
៧. កង្វះ​នៃ​លំ​ហាត់ប្រាណ​
 
​ការហាត់​ប្រាណ គឺ​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ចង់​ទទួលបាន​សុខភាព​ល្អ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​នៃ​រាងកាយ​។ កង្វះ​នៃ​លំ​ហាត់ប្រាណ ក៏​អាចបង្កើត​ជាតិ​ខ្លាញ់​ច្រើន​លើស​ជុំវិញ​ថ្លើម​ដែល​នឹង​បណ្តាល​ឲ្យ​ថ្លើម​ទទួលរង​ការ​រលាក ហើយ​កោសិកា​ត្រូវ​បំផ្លាញ​។ ត្រឹម​ការធ្វើ​លំ​ហាត់ប្រាណ​បែប​ស្រាលៗ​ធម្មតា​ឲ្យ​បានជា​ប្រចាំ គឺ​គ្រប់គ្រាន់​នឹង​រក្សាបាន​នូវ​ថ្លើម​ដែលមាន​សុខភាព​ល្អ​ហើយ មិនចាំបាច់​ត្រូវ​លើក​ទម្ងន់ ឬ​អា​វ៉ង់ ឡើយ​។​
 
៨. តំណពូជ​
 
​ហ្សែ​ន​មួយចំនួន​អាច​ត្រូវបាន​ចម្លង​ពី​ឪពុក ឬ​ម្ដាយ​ទៅកាន់​កូនៗ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ណាមួយ​ដែល​អាច​នឹង​កើតមានឡើង​នៅ​ថ្ងៃ​ខាងមុខ​មិនយូរ​មិនឆាប់​ឡើយ​។ ហើយ​ជួនកាល​បញ្ហា​ថ្លើម​ខូច​ក៏​អាច​បណ្ដាលមកពី​កត្តា​ហ្សែ​ន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com