ដឹងទេថាអ្នកគួរចៀសវាង ឬគួរញ៊ាំអាហារអ្វីខ្លះនៅពេលជួបប្រទះបញ្ហាឈឺបំពង់ក? អាហារមួយចំនួនអាចបណ្ដាលអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើងនោះការដឹងពីអ្វីដែលគួរ ឬមិនគួរទទួលទានគឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរទទួលទាន ឬត្រូវចៀសវាងកំឡុងពេលឈឺបំពង់ក ៖
អាហារគួរទទួលទាន
១. ក្រូចឆ្មារនិងទឹកឃ្មុំ
ការរួមបញ្ចូលគ្នារវាងទឹកឃ្មុំនិងក្រូចឆ្មារ គឺមានប្រសិទ្ធភាពណាស់សម្រាប់ព្យាបាលអាការៈឈឺបំពង់កដោយវាជួយកាត់បន្ថយការរលាក។ អ្នកអាចលាយទឹកឃ្មុំ ១ ស្លាបព្រាពេញ និងទឹកក្រូចឆ្មារស្រស់ជាមួយទឹកក្ដៅឧណ្ហ ១ កែវ កូរអោយសព្វ សឹមទទួលទានអោយបានញឹកញាប់រហូតដល់អាការៈធូរស្បើយ។
២. ស្ពៃក្ដោបឆ្អិន
ស្ពៃក្ដោបមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលនឹងជួយឱ្យអ្នកឆាប់ជាសះស្បើយមិនត្រឹមតែបំបាត់ឈឺកប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំ និងសូម្បីតែក្អក។ អ្នកអាចឆាស្ពៃក្ដោបជាមួយប្រេងអូលីវ រួចរោយរមៀតម៉ដ្ឋពីលើបន្តិច។
៣. ទឹក
ដើម្បីឆាប់ជាសះស្បើយ ការរក្សាជាតិសំណើមក្នុងបំពង់ក គឺពិតជាសំខាន់ណាស់។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់។
៤. ចេកក្រឡុក
ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន C និងសារធាតុចិញ្ចឹមសំខាន់ផ្សេងទៀតដែលជួយព្យាបាលអាការៈឈឺបំពង់ក ក្អក និងផ្ដាសាយ។
៥. តែ
មិនថាតែស ខ្មៅ អូឡុង ឬតែបៃតង គឺសុទ្ធតែមានប្រសិទ្ធភាពជួយពន្លឿនរយៈពេលជាសះស្បើយនៃអាការៈឈឺបំពង់ក។
៦. ខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងបាក់តេរី ដូច្នេះការទទួលទានតែខ្ញី គឺជួយឲ្យអ្នកឆាប់ជាសះស្បើយ។ អ្នកអាចទទួលទានតែខ្ញីបានផងដែរ។
អាហារគួរចៀសវាង
១. ផ្លែឈើរសជាតិជូរ
នោះក៏ព្រោះតែផ្លែឈើរសជាតិជូរ ពិសេសផ្លែម្នាស់ ស្ត្របឺរី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមានផ្ទុក
ជាតិអាស៊ីតខ្ពស់ដែលអាចនឹងធ្វើអោយបំពង់ករមាស់ឈឺកាន់តែខ្លាំង។
២. ប៉េងប៉ោះ
ប៉េងបោះក៏មានផ្ទុកជាតិអាស៊ីតខ្ពស់ដែលមិនល្អសម្រាប់បំពង់កដែលកំពុងឈឺផងដែរ។
៣. អាហារហឹរ
ការទទួលទានអាហារហឹរកំឡុងពេលឈឺបំពង់កនឹងធ្វើអោយអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។
៤. អាហាររឹង
អាហាររឹង ឬស្រួយអាចធ្វើអោយការឈឺចាប់កាន់តែកើនឡើងខណៈដែលវាបង្កការកកិតខ្លាំងនឹងបំពង់ក។ការទទួលទានអាហារប្រភេទនេះក៏ធ្វើអោយអាការៈឈឺបំពង់កយូរជាសះស្បើយផងដែរ។
៥. កាហ្វេនិងគ្រឿងស្រវឹង
ភេសជ្ជៈទាំងពីរនេះមិនត្រឹមតែអាចបង្កការរលាកបន្ថែមលើបំពង់ក ប៉ុន្តែក៏ធ្វើអោយរាងកាយខ្វះជាតិទឹកដែលនឹងធ្វើអោយស្ថានភាពកាន់តែអាក្រក់ឡើង។ ដើម្បីជាការប្រសើរចូរចៀសវាងទទួលទានមួយ
រយៈសិន៕