ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ហេតុអ្វី​ទើប​គួរ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ដែក​?
27, Oct 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​សម្បូរ​ជាតិ​ដែក​ចាំបាច់​យ៉ាងណា​ចំពោះ​សុខភាព​។ កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​ដែក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ដែល​ជួយ​ដឹកជញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅកាន់​រាល់​ជាលិកា​និង​សរីរាង្គ​។ ជាតិ​ដែក​មិន​ត្រឹមតែ​ជួយ​ក្នុង​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ក្លាយជា​ផ្នែក​មួយ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​ផងដែរ​។​
 
២. វា​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយ​កង្វះ​ជាតិ​ដែក​។ ជាតិ​ដែក​ទទួលទាន​ខុសត្រូវ​ចំពោះ​ការផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែលជា​ប្រូតេអ៊ីន​មួយ​ក្នុង​កោសិកា​ឈាមក្រហម​ដើម្បី​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​គ្រប់ផ្នែក​នៃ​រាងកាយ​។ ប្រសិនបើ​អ្នក​មិន​អើពើ បញ្ហា​នៃ​កង្វះ​ជាតិ​ដែក​អាច​នឹង​ប្រែជា​ជំងឺ​ខ្វះ​គ្រាប់​ឈាម ហើយ​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​។​
 
៣. ផ្ដល់​ថាមពល​បន្ថែម​ដល់​រាងកាយ​។  នោះ​ក៏​ព្រោះតែ​រាងកាយ​ខ្វះ​ជាតិ​ដែក​ក្នុង​ការផលិត​ប្រូតេអ៊ីន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​កោសិកា​ឈាមក្រហម​ដែល​ទទួលខុសត្រូវ​លើ​ការដឹកនាំ​អុកស៊ីសែន​ពី​សួត​ទៅកាន់​គ្រប់ផ្នែក​នៃ​រាងកាយ​។ ហើយ​នៅពេល​រាងកាយ​ខ្វះ​អេ​ម៉ូ​ក្លូ​ប៊ី​ន​វា​នឹង​មិនអាច​បញ្ជូន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅកាន់​សាច់ដុំ​និង​ជាលិកា​ដែលជា​ហេតុនាំអោយ​អ្នក​អស់កម្លាំង​ល្ហិតល្ហៃ​ខុសធម្មតា​។ 
 
៤. បង្កើត​អង់ស៊ីម​ដែល​ជួយ​សម្រួល​ដល់​ប្រតិកម្ម​គីមី​គ្រប់​ប្រភេទ​ដែល​កំពុង​កើតឡើង​នៅក្នុង​រាងកាយ​។ អង់ស៊ីម​ជួយ​ក្នុង​ការផលិត​កោសិកា​ថ្មី អរ​ម៉ូ​ន និង​អាស៊ីត​អា​មី​ណូ​។​
 
៥. វា​ជួយ​រក្សា​អត្រា​នៃ​ចង្វាក់បេះដូង ខណៈដែល​ចង្វាក់បេះដូង​លោត​ខុសធម្មតា​ក៏​ជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ខ្វះ​ជាតិ​ដែក​ផងដែរ​។ នេះ​ក៏​ព្រោះតែ​រាងកាយ​មិន​ទទួលបាន​អុកស៊ីសែន​គ្រប់គ្រាន់ ហើយ​បេះដូង​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន​ដើម្បី​ដឹកជញ្ជូន​អុកស៊ីសែន​ទៅកាន់​គ្រប់ផ្នែក​នៃ​រាងកាយ​។ ជា​លទ្ធផល​នៃ​បញ្ហា​បេះដូង​លោត​ញាប់​ខុសធម្មតា​។ បន្ទុក​ខ្លាំង​ហួស​លើ​បេះដូង គឺ​មិនល្អ​សោះឡើយ​ជាពិសេស​សម្រាប់​អ្នក​ដែលមាន​បញ្ហា​បេះដូង​ណាមួយ​ស្រាប់​។​
 
៦. ជាតិ​ដែក​ក៏​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មួយ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​រាងកាយ​មិន​ទទួលបាន​ជាតិ​ដែក​គ្រប់គ្រាន់​ទេនោះ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ទទួលរង​ឥទ្ធិពល​។ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ងាយ​ឱ្យ​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​ណាស់​។​
 
  • ​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​រួមមាន ៖
១. បន្លែ​បៃតង​
 
​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត folic ជាតិ​ស​សៃ និង​វីតាមីន C រួមទាំង​វីតាមីន​ច្រើន​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ផងដែរ​។​
 
២. សណ្ដែកខ្មៅ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ក៏ដូចជា​ជាតិ​ស​សៃ​និង​ប្រូតេអ៊ីន​។ សណ្ដែកខ្មៅ​ផ្ដល់​ថាមពល​ដល់​រាងកាយ​ក្នុង​ទម្រង់​ជា​ជាតិ​ម្សៅ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រា​ត​ល្អ​ដែល​ប្រសើរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កំពុងមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​ក៏​ជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. ស៊ុត​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ល្អ​ហើយ​នោះ ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផងដែរ​។ បរិមាណ​ខ្ពស់​នៃ​ជាតិ​ដែក​ក្នុង​ស៊ុត​ជួយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៥. អាហារ​សមុទ្រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​និង​សារធាតុចិញ្ចឹម​សំខាន់ៗ ក៏ដូចជា​ប្រូតេអ៊ីន វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ពិសេស គឺ​ជាតិ​ដែក​ដែល​ធ្វើអោយ​ការទទួល​ទាន​គ្រឿង​សមុទ្រ​នេះ​អាចជួយ​រាងកាយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​
 
៦. សណ្ដែកខៀវ​
 
​ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ហើយ​នោះ សណ្ដែកខៀវ​ក៏មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​ពិសេស​ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៧. សាច់​គ្មាន​ខ្លាញ់​
 
​អ្នក​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់ ជាពិសេស​សាច់​ក្រហម​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេងៗ​។ ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ក៏​ផ្ដល់អោយ​រាងកាយ​នូវ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និង​វីតាមីន B12 ផងដែរ​។​
 
៨. ផ្សិត​
 
​ធ្លាប់​ដឹង​ទេ​ថា​ផ្សិត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ក្នុង​ដំណើរការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​? ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៩. គ្រាប់​ល្ពៅ​
 
​ត្រឹមតែ ២៨ ក្រាម​នៃ​គ្រាប់​ល្ពៅ​មាន​ផ្ទុក​ជាតិ​ដែក​ដល់​ទៅ ៤.២ មី​លី​ក្រាម​ឯណោះ​ដែល​ស្មើនឹង ២៣ ភាគរយ​នៃ​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​រាងកាយ​។ ម្យ៉ាងវិញទៀត​គ្រាប់​ល្ពៅ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាត​ស័ង្កសី វី​តា​មិន K ម៉​ង់​កា​ណែ​ស​និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com