ជាតិ
សេដ្ឋកិច្ច
លោក ពុង ឃាវ​សែ​៖ គម្រោង​អភិវឌ្ឍ «​កោះនរា​» នឹង​រួមចំណែក​ជិត​០.៩​ភាគរយ​នៃ GDP
26, Oct 2020 , 11:47 am        
រូបភាព
លោក ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC​​ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​២៦​តុលា
លោក ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC​​ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​២៦​តុលា
​គម្រោង​អភិវឌ្ឍ​«​កោះនរា​»​ក្នុង​ទំហំ​ផ្ទៃដី​១២៥​ហិកតា ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ​៥៥០​លាន​ដុល្លារ របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) នឹង​រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ចំនួន​២២៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​ជិត​ស្មើ​០.៩​ភាគរយ​នៃ GDP ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ នេះ​ជាការ​លើកឡើង​របស់លោក ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC​។​

 
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​២៦​តុលា លោក ពុង ឃាវ​សែ បាន​បញ្ជាក់ថា សម្រាប់​ថវិកា​វិនិយោគ ៥៥០​លាន​ដុល្លារ​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង ពោល​ចាប់ពី​ខែមករា​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ​។ 


សម្តេច ហ៊ុន សែន អញ្ជើញបើក​​​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​រណប​កោះន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ របស់ក្រុមហ៊ុន OCIC នៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​២៦​តុលា។
 
​បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​«​កោះនរា​» កំពុង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​៧០០​នាក់​ហើយ​កើន​ដល់​៧,០០០​នាក់ ពេល​គម្រោង​មានការ​សាងសង់​ពេញទំហឹង​។ នេះ​បើតាម​លោក​ពុង ឃាវ​សែ ដោយ​បន្ត​មានប្រសាសន៍ថា បន្ទប់​ពី​បញ្ចប់​ការដ្ឋាន​សាងសង់​ស្ពាន​ក្នុង​គម្រោង​អភិវឌ្ឍ​«​កោះនរា​»​នេះ នឹង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ បាន​ប្រមាណ​១​ម៉ឺន​កន្លែង ក្នុង​ដំណើរ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។ 
 
​អគ្គនាយក​ក្រុមហ៊ុន OCIC រូបនេះ បាន​អះអាង​ដូច្នេះ​៖«​គម្រោង​អភិវឌ្ឍ​«​កោះនរា​»​នេះ  អាច​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​ចំនួន​៥​ម៉ឺន​នាក់ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​២,៥០០​លាន​ដុល្លារ​អាមេរិក​»​។​
 


​សព្វថ្ងៃនេះ ក្រុមហ៊ុន OCIC កំពុង​សាងសង់​ស្ពានបេតុង​ឆ្លងទន្លេ​ចំនួន​២​ខ្សែ ដោយ​ស្ពាន​ទី​១​មានតម្លៃ​១,៦​លាន​ដុល្លារ ដែលជា​ប្រភេទ​ស្ពានបេតុង​យោង​ខ្សែកាប ហើយ​ត​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​១ ទៅកាន់​តំបន់​អភិវឌ្ឍ​កោះនរា​។ ស្ពាន​នេះ មាន​បណ្តោយ​៦០​ម៉ែត្រ និង​ទទឹង​២១​ម៉ែត្រ​។ 
 
​ស្ពានបេតុង​យោង​ខ្សែកាប​ទី​២ មានតម្លៃ​៣៨​លាន​ដុល្លារ ដែល​ត​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍ​កោះនរា​ទៅកាន់​ទីក្រុង​កោះ​ពេជ្រ​។ ស្ពាន​នេះ​មាន​បណ្តា​យ​៨២៤​ម៉ែត្រ ទទឹង​២៤,៥​ម៉ែត្រ ហើយ​បណ្ដោយ​ស្ពានបេតុង​អារ​មេ ប្រវែង​៤៨៣​ម៉ែត្រ និង​គម្លាត​នៃ​សសរស្ពាន ២០​ម៉ែត្រ​+២១​ម៉ែត្រ​+១០៨​ម៉ែត្រ​+១៨០​ម៉ែត្រ​+១០៨​ម៉ែត្រ​+២៣​ម៉ែត្រ​+២៣​ម៉ែត្រ​។ ផ្លូវ​ក្បាលស្ពាន​ខាង​កោះ​ពេជ្រ នឹងត្រូវ​ភ្ជាប់​ដោយ​ប្រវែង​២៤៩​ម៉ែត្រ ចំណែកឯ ក្បាលស្ពាន​កោះនរា ត្រូវ​ភ្ជាប់​ដោយ​ប្រវែង ៩២​ម៉ែត្រ​។ 
 
​គម្រោង​ស្ពានបេតុង​នេះ ធ្វើ​ឡើងជា​ស្ពាន​មាន​លក្ខណៈ​ទ្វេ​ទិស ដែលមាន​គន្លង​សម្រាប់​រថយន្ត​២​ទៅ និង​គន្លង​សម្រាប់​រថយន្ត​២​មក មាន​ប្រវែង ៣.២៥​ម៉ែត្រ ក្នុង​មួយ​គន្លង​។ ក្រៅពី​រថយន្ត ស្ពាន​ថ្មី​នេះ ក៏មាន​គន្លង​ទទឹង​ប្រវែង​១.២៥​ម៉ែត្រ សម្រាប់ទោ​ចក្រយាន​ទៅមក​ផងដែរ​៕ 
 


Tag:
 កោះនរា​
  OCIC
  GDP
  ខណ្ឌ​ច្បារអំពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com