ជាតិ
គ​.​ជ​.​ប​៖ បច្ចុប្បន្ន អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨.៣៣​លាន​នាក់​
26, Oct 2020 , 3:04 pm        
រូបភាព
រូបថតពីគ.ជ.ប
រូបថតពីគ.ជ.ប
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  នា​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការត្រួតពិនិត្យ​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។ ក្រោយ​ធ្វើ​បច្ចុប្បន្ន​រួច អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២០ មាន ៨ ៨៣៤ ៧៥២​នាក់​។​

 
​លទ្ធផល​ចុងក្រោយ​ធ្វើឡើង​ពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ រយៈពេល​១៩​ថ្ងៃ ពីថ្ងៃ​ទី​១ ដល់ទី​១៩ ខែតុលា ឆ្នាំ​២០២០​ត្រូវបាន​បិទ​បញ្ជ​ប់​។ តួលេខ​បាន​បង្ហាញថា អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ២៦៨ ៥៥៣​នាក់ ដែល​ស្មើនឹង​៨៩.៤០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ផែនការ​ចំនួន ៣០០ ៣៩០​នាក់​។​
 
​បន្ថែម​ពីលើ​នេះ គ​.​ជ​.​ប បាន​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​សរុប ១៥២ ០០៤​នាក់ អ្នក​កែតម្រូវ​ទិន្នន័យ មាន​ចំនួន​៩២ ៨២២​នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ មាន​សរុប ៨៨ ៨៤៦​នាក់​។​
 
​លទ្ធផល​បណ្តោះអាសន្ន​នេះ ត្រូវបាន​ប្រមូល​ពី​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ទាំង​១៦៤៦ ដែល​បាន​បញ្ជូន​ទិន្នន័យ​ពី​តាម​បណ្តា​ឃុំ​សង្កាត់​ទូទាំងប្រទេស​។​
 
​បើតាម គ​.​ជ​.​ប អ្នក​ដែល​ខកខាន​មិនបាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំនេះ អាច​នឹងធ្វើ​បាន​នៅ​ឆ្នាំ​២០២១ តាមច្បាប់​តម្រូវ​៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com