ជាតិ
សង្គមជាតិ
ភូមិស្ទឹងជ្រៅ ព្រែកតាពៅ ព្រែកអញ្ចាញ ព្រែកឡុង និង បត្តាជី នៅតាខ្មៅ ត្រូវស្នើដាក់ជាទឹកដីភ្នំពេញ រូបសំណាកតាខ្មៅនៅរង្វង់មូល ដែលតំណាងឲ្យក្រុងតាខ្មៅ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងនៃព្រះអវត្តមានរបស់ព្រះមហាក្សត្រ សុំឲ្យចេញព្រះរាជក្រឹត្យកែសម្រួលព្រំប្រទល់រវាងរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាល ដោយកាត់ភូមិ៥ នៃសង្កាត់៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យស្ថិតក្រោមការគ្រប់គ្រងតែមួយរបស់រដ្ឋបាលសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ភូមិទាំង៥នោះ គឺ ភូមិស្ទឹងជ្រៅនិងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញនៃសង្កាត់ឫស្សី ភូមិព្រែកឡុងនៃសង្កាត់តាក្តុល និង ភូមិបត្តាជីនៃសង្កាត់ព្រែកហូរ។ សំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលធ្វើឡើងតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយផ្ញើជូនសម្តេចប្រមុខរដ្ឋស្តីទី បានឲ្យដឹងថា ភូមិទាំង៥នោះ មានទំហំជិត៣០៣ហិកតា មានលំនៅឋាន១៣៤ខ្នង ហើយមានប្រជាជន១៧៧គ្រួសារ ស្មើនឹង៧៥៣នាក់។
សម្តេចប្រមុខរដ្ឋាភិបាល ជម្រាបសម្តេចប្រមុខរដ្ឋស្តីទី ថា រដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតទៅក្រសួងមហាផ្ទៃ ស្តីពីការសុំកាត់ភូមិទាំង៥ ឲ្យចូលទៅក្នុងទឹកដីរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍទីក្រុងរបបបឹងទំពុននិងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និង ការងារសង្គមផ្សេងៗ។
ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋាភិបាល បានស្នើឲ្យកាត់ផ្ទៃដីទំហំជាង២,៥ហិកតា ដែលជាចំណែកដីវត្តបទុមសាគរ ហៅវត្តទួលតាក្របៅ ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចប្រមុខរដ្ឋាភិបាល ជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា ការសុំកាត់ផ្ទៃដីដែលជាចំណែកនៃដីវត្តបទុមសាគរនេះ ជាសំណើរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីឲ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួលក្នុងការចុះបញ្ជីវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនវត្ត។
បច្ចុប្បន្ន ក្រុងតាខ្មៅ មាន១០សង្កាត់ គឺ សង្កាត់តាខ្មៅ សង្កាត់តាក្តុល សង្កាត់ព្រែកឫស្សី សង្កាត់ដើមមៀន សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង សង្កាត់រកាខ្ពស់។ ក្រុងតាខ្មៅ ដែលជាទីរួមខេត្តនៃខេត្តកណ្តាល គឺស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ ហើយមានព្រំប្រទល់ជាប់នឹងរាជធានីភ្នំពេញ។
ក្នុងចំណោមសង្កាត់ទាំង១០ មាន៤សង្កាត់ គឺសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង សង្កាត់រកាខ្ពស់ ជាអតីតឃុំ ក្នុងស្រុកស្អាង។ កាលដើមខែមករា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកាត់ឃុំទាំង៤ក្នុងស្រុកស្អាង ឲ្យចូលទៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅ ហើយក្លាយជាសង្កាត់នៃក្រុងតាខ្មៅពីពេលនោះមក៕
Tag:
ក្រុងតាខ្មៅ
កាត់ភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com