ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ៖ ខ្ញុំ​ព្យាយាម​ធ្វើតាម​លទ្ធភាព និង​ស្ថានភាព ទោះបី​ខ្ញុំ​មិនទាន់មាន​សិទ្ធិសេរីភាព​ពេញលេញ​ក៏ដោយ​
26, Oct 2020 , 3:47 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចេញមុខ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ជា​ញឹកញយ នៅក្នុង​អំឡុងពេល​គ្រោះទឹកជំនន់ នា​រយៈពេល​១​ខែ​នេះ ។ លោក កឹម សុខា បានធ្វើ​សកម្មភាព​ទាំងនេះ ស្របពេល​ដែ​លោក​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​រឿងក្តី ពីបទ «​គប់គិត​ជាមួយ​បរទេស​»​។​


​ទោះបី​ខ្លួន មិនទាន់មាន​សេរីភាព​ពេញលេញ​ក្តី តែ​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​រូបនេះ នៅតែមាន​ចិត្ត​ចង់​ជួយ​សម្រួល​បន្ទុក​ជីវភាព​ពលរដ្ឋ នៅក្នុង​គ្រា​លំបាក​នេះ​។ ដូចពេលមុន​ដែរ លោក កឹម សុខា បាន​នាំយក​ស្រូវពូជ​ចំនួន​៤​តោន (៤០០០​គីឡូក្រាម​) ទៅ​ចែកជូន​ប្រជាកសិករ​ខ្មែរ ១០០​គ្រួសារ ដែល​រង​ការខូចខាត​ស្រូវ ដោយសារ​ទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង​។ លើសពីនេះ លោក កឹម សុខា ក៏បាន​យក​ពូជ​ដូងក្រអូប​មួយចំនួន ចែក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើដី​ទួល​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ផងដែរ​។ ជំនួយ​ទាំងនេះ គឺ​លោក កឹម សុខា បាន​ប្រមូល​ពី​សម្បុរ​សជន​នៅក្រៅ​ប្រទេស​។​
 
​បើតាម​អ្នកនយោបាយ​ដែល​កំពុង​ជាប់​បញ្ហា​ក្តីក្ដាំ​រូបនេះ ការជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​លំបាក គឺជា​រឿង​ចាំបាច់​ដែល​ត្រូវបំពេញ ប្រសើរ​ជាង​គិត​រឿង​ជម្លោះ​។ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ចែក​ពូជ​កសិកម្ម​ដល់​ព​ល​រដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២៦ តុលា ដូច្នេះ​ថា​៖«​សេចក្តីត្រូវការ​របស់​មនុស្ស អាច​មិនចេះចប់ ក៏ប៉ុន្តែ​សេចក្តីត្រូវការ​ដើម្បី​រស់ គឺជា​ការចាំបាច់ ដែល​យើង​ជា​មនុស្ស​ត្រូវតែ​រួបរួមគ្នា​ដើម្បី​ជួយសង្គ្រោះ ទោះបី​តិច​ឬ​ច្រើនក្តី ដោយ​មិនគួរ​មើលបំណាំ​គ្នា ឬ​យក​ជម្លោះ​មក​ធ្វើជា​ឧបសគ្គ​ឡើយ​។ ដូចដែល​ខ្ញុំ​បានបញ្ជាក់​ហើយ អ្វីដែល​អាចធ្វើ​បាន​”​ដើម្បី​ខ្មែរ​” ខ្ញុំ​ព្យាយាម​ធ្វើតាម​លទ្ធភាព និង​ស្ថានភាព​ដែល​អាច​ធ្វើបាន ដោយ​មិន​បំពាន និង​ដោយ​អហិង្សា ទោះបី​ខ្ញុំ​មិនទាន់មាន​សិទ្ធិសេរីភាព​ពេញលេញ​ក៏ដោយ​»​។​
 
​ក្រៅពី​ចុះ​ចែក​អំណោយ​ជា​ស្បៀង ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ពូជស្រូវ និង​ដំណាំ​កសិកម្ម​នេះ លោក កឹម សុខា ក៏បាន​ចូលរួម​ជា​វិភាគទាន​៥​ពាន់​ដុល្លារ​ដល់​មូលនិធិ​រដ្ឋាភិបាល សម្រាប់​យកទៅ​ប្រើប្រាស់ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ រងគ្រោះ​ដោយសារ​ទឹកជំនន់​ដែរ កាលពី​ថ្ងៃទី​១៦ តុលា​។​
 
​សកម្មភាព​របស់លោក កឹម សុខា នេះ ក៏​ទទួលបាន​ការសរសើរ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ផ្ញើលិខិត​មួយ​ទៅកាន់​លោក កឹម សុខា ដោយ​ចាត់ទុក​សកម្មភាព​មេដឹកនាំ​អតីត​បក្សប្រឆាំង​ដ៏​ធំ​នេះ ជា​ទង្វើ​មនុស្សធម៌ និង​សាមគ្គីធម៌ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​មាន​អាសន្ន​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ឱ្យ​អ្នកនយោបាយ​ទាំងអស់​នៅ​កម្ពុជា ចូលរួម​សកម្មភាព​មនុស្សធម៌ ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​នេះ ដោយ​មិនត្រូវ​រើសអើង និង​គិតពី​និន្នាការ​នយោបាយ​ឡើយ​។​
 
​គួរ​បញ្ជាក់ថា សំណុំរឿង​«​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ដំណើរការ​ស៊ើបសួរ​បន្ថែម​លើ​វីដេអូ​មួយ​កាលពី​ឆ្នាំ​២០១៣ គ្រា​ដែល​លោក​បាន​ថ្លែង​សារ​នយោបាយ​នៅក្នុង​ប្រទេស​អូស្ត្រាលី មុននឹង​ឈានដល់​សវនាការ​ជំនុំជម្រះ​។ តុលាការ​បាន​បើក​ដំណើរ​ការជជែក​ដេញដោល​ជាមួយ​មេធាវី​ចុងចោទ រួមទាំង​លោក កឹម សុខា កាល​ដើមឆ្នាំ​២០២០​មក​។ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​នៅ​កម្ពុជា និង​លើ​ពិភពលោក​នោះ ទើប​តុលាការ​សម្រេច​ផ្អាក​ដំណើរ​ស៊ើបសួរ​នេះ​សិន តាម​សំណើរ​របស់​មេធាវី​លោក កឹម សុខា ដោយ​រង់ចាំ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ផុតរលត់​៕

Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com