ជាតិ
សង្គមជាតិ
ព្រះ​សុខភាព​សម្តេច ទេព វង្ស ធូរ​ច្រើន តែ​មិនទាន់​ជា​១០០​ភាគរយ​
26, Oct 2020 , 10:39 pm        
រូបភាព
សម្តេចព្រះសង្ឃរាជ ទេព វង្ស (គង់លើរទេះរុញ) ពេលយាងមកពីសម្រាកព្យាបាលព្រះកាយនៅវៀតណាម ដល់កម្ពុជានៅទី២៣ ខែតុលា ឆ្នាំ២០២០។ រូបពីគណៈសង្ឃនាយក
សម្តេចព្រះសង្ឃរាជ ទេព វង្ស (គង់លើរទេះរុញ) ពេលយាងមកពីសម្រាកព្យាបាលព្រះកាយនៅវៀតណាម ដល់កម្ពុជានៅទី២៣ ខែតុលា ឆ្នាំ២០២០។ រូបពីគណៈសង្ឃនាយក
​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ ផ្តល់ព័ត៌មាន​ថា ព្រះ​សុខភាព​របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បាន​ធូរ​និង​ល្អប្រសើរ​ច្រើន​ឡើងវិញ​ហើយ តែ​មិនទាន់​ជាសះស្បើយ​១០០​ភាគរយ​ដូច​កាលពីមុន​ឡើយ​។


​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ សម្តេច ឃឹម សន មាន​សង្ឃដីកា​ថា ក្រុមគ្រូពេទ្យ​នៃ​ប្រទេស​វៀតណាម ណែនាំ​ឲ្យ​សម្តេចព្រះសង្ឃរាជ ឧស្សាហ៍​ធ្វើ​ចលនា​ព្រះហស្ត (​ដៃ​) ដូចជា​លើក​ចុះឡើង និង​ធ្វើ​ចលនា​ព្រះបាទ (​ជើង​) ដោយសារតែ​ព្រះហស្ត​និង​ព្រះបាទ​របស់​ព្រះអង្គ ស្ពឹក​ពិបាក​កម្រើក តាំងពី​ព្រះអង្គ​ចាប់ផ្តើម​ប្រឈួន​។ សម្តេច ឃឹម សន បញ្ជាក់ថា​៖«​ពេល​នេះ ព្រះអង្គ អាចយាង​ដើរ​បាន តែ​ត្រូវមាន​អ្នក​ទប់ ព្រោះ​ខ្លាច​ដួល​»​។ 
 
​សម្តេច ឃឹម សន បន្តថា ពេទ្យ ពុំបាន​ហាម​សម្តេចព្រះសង្ឃរាជ ឲ្យ​តម​ចង្ហាន់​អ្វី​ឡើយ​។ ព្រះប្រធាន​លេខាធិការ​គណៈសង្ឃ​នាយក មាន​សង្ឃដីកា​ថា​៖«​ចង្ហាន់​អី លោក អាច​ឆាន់​បាន​ធម្មតា អត់​អី​ទេ​»​។ 
 
​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖«​បើតាម​ព័ត៌មាន​ពី​គណៈប្រតិភូ​អមដំណើរ​សម្តេច [​ព្រះសង្ឃរាជ​] ក្រោយ​រយៈពេល​ព្យាបាល​ព្រះ​សុខភាព​នៅ​ប្រទេស​វៀតណាម ព្រះ​សុខភាព​របស់​សម្តេច​បា​ន​ល្អ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ឥឡូវ​អាច​ចូលរួម​បណ្តា​សកម្មភាព​ជាមួយ​មហាជន​និង​ប្រជាជន​កម្ពុជា​ដូច​ធម្មតា​»​។ 
 
​ដោយសារតែ​ព្រះ​សុខភាព​ចុះខ្សោយ សម្តេច ទេព វង្ស ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ព្យេ​វៀតណាម កាលពី​ថ្ងៃទី​២១ ខែសីហា​។ ក្រោយ​សម្រាក​ព្យាបាល​ព្រះកាយ​ជាង​២​ខែ សម្តេចព្រះ​មហាសង្ឃរាជ យាង​មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​៣ ខែតុលា​នេះ​។ បច្ចុប្បន្ន ព្រះអង្គ មាន​ព្រះជន្ម​៨៩​ព្រះវស្សា​៕ 
 

Tag:
 ​សម្តេច ទេព វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com