កីឡាអន្តរជាតិ
អន្តរជាតិ
Khabib ប្រកាសចូលនិវត្តន៍ពី UFC ទាំងទឹកភ្នែក ដោយសារគ្មានវត្តមានឪពុក
× Khabib Nurmagomedov ម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល UFC បានធ្វើឲ្យពិភពក្បាច់គុនចម្រុះ (MMA) ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការប្រកាសចូលនិវត្តន៍ភ្លាមៗបន្ទាប់ពីឈ្នះ Justin Gaethje។ Khabib អះអាងទាំងទឹកភ្នែកថា ខ្លួនមិនអាចឡើងសង្វៀនដោយគ្មានវត្តមានឪពុកតទៅទៀតឡើយ។
កីឡាករគុនចម្រុះសញ្ជាតិរុស្ស៊ីរូបនេះ បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួនភ្លាមៗដោយស្នើមិត្តរួមក្រុមកាត់ស្រោមដៃទុកនៅលើសង្វៀន បន្ទាប់ពីឈ្នះកីឡាករអាមេរិក Gaethje ក្នុងជ័យជម្នះលើកទី២៩ នាកម្មវិធីប្រកួត UFC 254 ដែលធ្វើឡើងក្នុងក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី២៥ ខែតុលា។
Khabib វ័យ ៣២ឆ្នាំ ដែលបង្កើតកំណត់ត្រាឈ្នះទាំង២៩លើកក្នុងអាជីព ត្រូវបានគេចាត់ទុកថាជាកីឡាករ MMA ដ៏អស្ចារ្យបំផុតគិតត្រឹមឆ្នាំ២០២០។ មូលហេតុនៃការចូលនិវត្តន៍នេះ គឺដើម្បីជាការផ្តល់កិត្តិយស និងការចងចាំឪពុកខ្លួន លោក Abdulmanap និងជាគ្រូបង្វឹកផង ដែលបានទទួលមរណភាពកាលពីខែកក្កដា ដោយសារឆ្លង COVID-19។
«នេះជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ គ្មានវិធីណាផ្សេង ដើម្បីឲ្យខ្ញុំឡើងសង្វៀនដោយគ្មានឪពុករបស់ខ្ញុំឡើយ។ នេះជាលើកដំបូងបន្ទាប់ពីឪពុកខ្ញុំមរណៈភាព ដែលស្ថាប័ន UFC ហៅខ្ញុំទៅវ៉ៃជាមួយ Gaethje។ រឿងនេះ ខ្ញុំបាននិយាយជាមួយម្តាយខ្ញុំ៣ថ្ងៃ។ នេះជាការអត្ថាធិប្បាយរបស់ Khabib ទាំងក្តុកក្តួល នៅលើសង្វៀន។
រូបគេបន្ថែមទាំងទឹកភ្នែកទៀតថា៖ «ម្តាយខ្ញុំ មិនចង់ឲ្យខ្ញុំឡើងវ៉ៃដោយគ្មានឪពុកខ្ញុំនោះទេ ប៉ុន្តែខ្ញុំបានសន្យាជាមួយគាត់ថានេះជាការប្រកួតចុងក្រោយ ហើយអ្វីដែលខ្ញុំនិយាយគឺត្រូវធ្វើឲ្យបាន។ នេះជាការបង្ហាញខ្លួនចុងក្រោយរបស់ខ្ញុំនៅទីនេះ ដោយគ្មានឪពុកខ្ញុំ»។
ស្របពេលការប្រកាសចូលនិវត្តន៍នេះ Khabib បានស្នើ UFC ឲ្យដាក់រូបគេជាអ្នកប្រយុទ្ធ MMAលំដាប់លេខ១លើលោក ដោយអះអាងថាខ្លួនសមនឹងទទួលបានការតែងតាំងនេះ។
ដោយឡែក Conor McGregor ដែលជាគូសត្រូវស៊ីសាច់ហុតឈាមនឹង Khabib ក៏បានបង្ហាញការសោកស្តាយផងដែរជុំវិញការប្រកាសនេះ។ កំពូលកីឡាករ MMA សញ្ជាតិអៀរឡង់ បានសរសេរលើបណ្តាញសង្គម twitte របស់ខ្លួនថា៖ «អ្នកបានបង្ហាញខ្លួនយ៉ាងអស្ចារ្យ Khabib។ ខ្ញុំសូមគោរព និងចូលរួមរំលែកទុក្ខចំពោះមរណៈភាពឪពុកអ្នក។ សូមជូនពរអ្នក និងក្រុមគ្រួសារ ពីខ្ញុំ McGregors»៕
Tag:
Khabib Nurmagomedov
UFC
MMA
© រក្សាសិទ្ធិដោយ thmeythmey.com