ជាតិ
សង្គមជាតិ
ផ្ទៃបឹងតាមោកជាង១០ហិកតាទៀត ត្រូវកាត់ឲ្យឯកជន
26, Oct 2020 , 6:00 pm        
រូបភាព
ទិដ្ឋភាពបឹងតាមោក ស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (រូបពីទំព័រហ្វេសប៊ុក សេង សុភក្រ្ត Seng Sopheak)
ទិដ្ឋភាពបឹងតាមោក ស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (រូបពីទំព័រហ្វេសប៊ុក សេង សុភក្រ្ត Seng Sopheak)
មានអនុក្រឹត្យមួយទៀត ដែលប្រមុខរដ្ឋាភិបាល បានចេញតាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ស្តីពីការកាត់ផ្ទៃបឹងតាមោក។ យោងតាមអនុក្រឹត្យនោះ រដ្ឋាភិបាល បានធ្វើប្រទានកម្មផ្ទៃបឹងតាមោកជាង១០ហិកតា ជូនទៅអ្នកស្រី ជា សុផាម៉ាដែន ធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។



អ្នកស្រី ជា សុផាម៉ាដែន ជាម្ចាស់ក្រុមហ៊ុន THE PARK DEVELOPMENT CO., LTD. ដែលស្ថិតក្នុងសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកស្រី ជា សុផាម៉ាដែន ដែលមានងារជាជំទាវ ធ្លាប់ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរយសជាតូបការ។

រដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងតាមោកជាង១០ហិកតានោះ ពីសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាមុន ហើយបន្ទាប់មកទើបប្រគល់ជូនទៅឲ្យអ្នកស្រី ជា សុផាម៉ាដែន។ នេះបើផ្អែកលើអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល។

តាមច្បាប់ រដ្ឋាភិបាល មិនអាចយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ លក់ដូរឬប្រគល់ទៅឲ្យបុគ្គលណាឡើយ។ តែចំពោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ គឺអាចជាកម្មវត្ថុ នៃការលក់-ដូរ ការបែងចែក ឬ ការផ្ទេរសិទ្ធិ តាមការកំណត់ក្នុងច្បាប់។ ដូច្នេះ ដើម្បីអាចយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ប្រគល់ទៅឲ្យស្ថាប័នឬបុគ្គលណាមួយ រដ្ឋាភិបាល ត្រូវធ្វើអនុប្រយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាមុនសិន។

មកដល់ពេលនេះ សារព័ត៌មានថ្មីៗ បានឃើញអនុក្រឹត្យនិងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន៧លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅស្ថាប័នរដ្ឋនិងវិស័យឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់ទាំង៧លើកនោះ មានទំហំសរុបជាង៤៨៦ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍឬការសាងសង់សំណង់ណាមួយ លើផ្ទៃបឹងតាមោក មិនទាន់លេចជារូបរាងនៅឡើយទេ។ 

លើកទី១ នៅថ្ងៃទី២ ខែសីហា ២០១៨ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា សម្រាប់បង្កើតផ្សារផ្គត់ផ្គង់បន្លែ និងធ្វើជាកន្លែងចតរថយន្ត។

លើកទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាល ផ្តល់ផ្ទៃបឹងតាមោក៧៥ហិកតា ឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានជាតិសាធារណៈ និង៨ហិកតា ឲ្យទៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាងសង់អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានានៃនាយកដ្ឋាននេះ។

លើកទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០ហិកតា ឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។

លើកទី៤ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង១០ហិកតា ឲ្យអ្នកស្រី ជា សុផាម៉ាដែន។ (សារព័ត៌មានថ្មីៗ ទើបនឹងបានឃើញអនុក្រឹត្យ និងទើបនឹងផ្សាយ)។

លើកទី៥ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៣០០ហិកតា ឲ្យក្រសួងការពារជាតិ ដើម្បីចាត់ចែង រៀបចំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់។

លើកទី៦ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង៣៨ហិកតា  ឲ្យក្រសួង-ស្ថាប័ន៤ សម្រាប់សាងសង់ទីស្នាក់ការថ្មី និងវិស័យឯកជន១ សម្រាប់កាន់កាប់ជាកម្មសិទ្ធិ។ ក្នុងចំណោម៣៨ហិកតានោះ ជាង៨ហិកតា (៨០,២៣៦ម៉ែត្រការ៉េ) កាត់ឲ្យលោក សេង វុទ្ធី ធ្វើជាកម្មសិទ្ធិ  (ផ្នែកឯកជន) ហើយ១៥ហិកតា ផ្តល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្តីការថ្មីនៃក្រសួងនេះ។

ចំណែក ១៥ហិកតាទៀត ប្រគល់ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្រាប់សង់ទីស្នាក់ការថ្មីនៃស្ថាប័នទាំង៣នេះ។ ប៉ុន្តែ រដ្ឋាភិបាល មិនបានបញ្ជាក់លម្អិតឡើយថា ស្ថាប័ននីមួយៗ ទទួលបានទំហំផ្ទៃបឹងប៉ុន្មាន ក្នុងចំណោមផ្ទៃបឹងទាំង១៥ហិកតានោះ។

លើកទី៧ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក៨ហិកតា ឲ្យទៅក្រសួងយុត្តិធម៌។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់ផ្ទៃបឹងតាមោកឬបឹងកប់ស្រូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្នែកតាមអនុក្រឹត្យ បឹងតាមោក ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា៕

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com