ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ពលរដ្ឋ៣នាក់ ដែលទៅតវ៉ានៅមុខស្ថាតទូតចិន ក្នុងទិវារម្លឹកខួប២៣តុលា ត្រូវជាប់ឃុំ
26, Oct 2020 , 6:30 pm        
រូបភាព
ក្រុមអ្នកទាមទារត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣តុលា ២០២០ នៅមុខស្ថានទូតចិន។ (រូបពីទំព័រហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព)
ក្រុមអ្នកទាមទារត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣តុលា ២០២០ នៅមុខស្ថានទូតចិន។ (រូបពីទំព័រហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព)
ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ បង្គាប់ឲ្យយកអ្នកតវ៉ា៣នាក់ ដែលទៅប្រមូលផ្តុំជាមួយអ្នកផ្សេងទៀត នៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅឃុំនៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន កាលពីព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ពួកគេ ត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។



លោក សំ សុគង់ ជាមេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២៦ ខែតុលានេះថា ការចោទប្រកាន់អ្នកទាំង៣ គឺមិនត្រឹមត្រូវទៅតាមបទល្មើសឡើយ។ លោក បកស្រាយថា កូនក្តីរបស់ទាំង៣របស់លោក គ្រាន់តែប្រើសិទ្ធិរបស់ពួកគេ ក្នុងការប្រមូលផ្តុំនិងការបញ្ចេញមតិ ដែលមានចែងនិងធានាក្នុងរដ្ឋធម្មនុញ្ញ។

លោកមេធាវី មានប្រសាសន៍ថា៖«ប្រហែលនៅសប្តាហ៍ក្រោយ ខ្ញុំ នឹងដាក់សំណើទៅចៅក្រមស៊ើសួរ សុំឲ្យដោះលែងពួកគាត់ នៅក្រៅឃុំជាបណ្តោះអាសន្ន។ ព្រមឬមិនព្រមយ៉ាងណា គឺអាស្រ័យលើចៅក្រមស៊ើបសួរ»។

អ្នកទាំង៣នាក់នោះ គឺ អ្នកស្រី លឹម សាន អាយុ៥៧ឆ្នាំ អ្នកស្រី យ៉យ ស្រីមុំ អាយុ៥២ឆ្នាំ និង លោក តុន និមល អាយុ៤០ឆ្នាំ។

លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ចាត់ទុក ការចោទប្រកាន់និងសម្រេចឃុំខ្លួនអ្នកតវ៉ាទាំង៣នាក់ ថាជាការរំលោភសិទ្ធិពលរដ្ឋ។ លោក យល់ឃើញថា ក្រុមអ្នកតវ៉ាទាំងនោះ គ្រាន់តែប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយមិនបានប្រព្រឹត្តខុសច្បាប់ឡើយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីសង្គមស៊ីវិលរូបនេះ ថ្លែងថា៖«ក្នុងនាមជាអង្គការផ្នែកសិទ្ធិមនុស្ស ខ្ញុំយល់ថា វា ជាការរំលោភបំពាន់សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការប្រមូលផ្ដុំ ការជួបជុំ។ ទោះបីមិនបានជូនដំណឹង (ពីការជួបជុំ) ក៏វាមិនបានបង្កភាពវឹកវរដល់សង្គមឬជាបទល្មើសនោះដែរ។ ករណីនេះ គឺមិនទាន់មានកើតជាបទល្មើសណាមួយនោះទេ»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា អាជ្ញាធរ មានមូលដ្ឋានច្បាស់លាស់ ក្នុងការឃាត់ខ្លួននិងការចោទប្រកាន់។ លោក អធិប្បាយជាមួយសារព័ត៌មានថ្មីៗថា៖«ជាទម្លាប់របស់ពួកគាត់ [ជាសង្គមស៊ីវិល]។ ឲ្យតែមានការចោទប្រកាន់ ពួកគាត់ តែងចោទថា ជាការរំលោភសិទ្ធិ តែពួកគាត់ អត់មើលពីអង្គហេតុទេ»។

បើមានភស្តុតាងឬមូលដ្ឋាន ដែលបង្ហាញថា ពួកគេ មិនបានប្រព្រឹត្ត សង្គមស៊ីវិល អាចឡើងទៅតតាំងនិងការពារពួកគេ នៅតុលាការ។ នេះជាមតិយោបល់របស់លោក ជិន ម៉ាលីន  ជូនទៅសង្គមស៊ីវិល។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ចំពោះសកម្មភាពឬការប្រមូលផ្តុំណា ដែលមានអង្គការចាត់តាំងច្បាស់លាស់ ដើម្បីបង្កភាពវឹកវរដល់សង្គម គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិឡើយ។

លោក អំ សំអាត សង្កេតឃើញថា មិនមែនមានតែអ្នកទាំង៣ខាងលើនោះទេ កន្លងមក មានក្រុមអ្នកប្រមូលផ្ដុំនិងអ្នកតវ៉ាផ្សេងទៀត ត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក លើកឡើងថា អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដែលធ្វើការផ្នែកសិទ្ធមនុស្ស បានសម្ដែងការព្រួយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់នេះ។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ១០០នាក់ បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតចិន ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន ចូលរួមគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១។ ការទាមទាររបស់ពួកគេ គឺចំថ្ងៃរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពេលនោះ អ្នកទាំង៣ខាងលើ ក៏ត្រូវចាប់ខ្លួន។

ពួកគេ មិនត្រឹមតែទៅទាមទារនៅមុខស្ថានទូតចិនទេ តែក៏បានយកញត្តិទៅដាក់នៅស្ថានទូតអាមេរិកនិងស្ថានទូតបារាំងដែរ ដើម្បីជំរុញឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះពួកគេ យល់ថា រដ្ឋាភិបាលកម្ពុជា បានដើរឆ្ងាយចេញពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។

ចិន អាមេរិក និង បារាំង សុទ្ធតែជាប្រទេសហត្ថលេខី ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅមានប្រទេស១៥ទៀត ដែលជាហត្ថលេខីដែរ គឺ អូស្ត្រាលី ព្រុយណេ កាណាដា ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ សហភាពសូវៀត អង់គ្លេស វៀតណាម និង យូហ្គោស្លាវី៕

អត្ថបទទាក់ទង

Tag:
 សកម្មជន
  ជាប់ឃុំ
  ២៣តុលា
© រក្សាសិទ្ធិដោយ thmeythmey.com