កីឡាជាតិ
ជាតិ
ខេមបូឌានលីគឆ្នាំ២០២០៖ បឹងកេតជើងឯក ព្រះខ័នរាជស្វាយរៀងលេខ២ និងភ្នំពេញក្រោនលេខ៣
27, Oct 2020 , 9:25 am        
រូបភាព
ពីឆ្វេងទៅស្តាំ លោក រិទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង នាពិធីប្រគល់រង្វាន់​កាលពីល្ងាច​ថ្ងៃទី​២៦​ខែតុលា។ រូបថត CNCC
ពីឆ្វេងទៅស្តាំ លោក រិទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោន លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត និងលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង នាពិធីប្រគល់រង្វាន់​កាលពីល្ងាច​ថ្ងៃទី​២៦​ខែតុលា។ រូបថត CNCC
ដោយ: ថ្មីៗ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានរៀបចំកម្មវិធីប្រគល់ពាន និងបំពាក់មេដាយដល់ក្រុមជើងឯកមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ និងរង្វាន់ផ្សេងៗ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក សៅ សុខា ប្រធាន FFC។



បឹងកេត ក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូលលើកទី៤ ក្រោយតាមស្មើភ្នំពេញក្រោន ១-១ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៥ ខែតុលា ខណៈព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះណាហ្គាវើលដ៍ ៤-0 ទទួលបានលេខ២។ ក្រុមទាំងពីរ មាន៤១ពិន្ទុស្មើគ្នា ប៉ុន្តែបឹងកេត មានប្រៀបលើរូបមន្ត Head-to-Head ក្នុងលទ្ធផល ៤-២ កាលពីជើងទីមួយ។

សម្រាប់រដូវកាលនេះ ការប្រកួតជើងទីពីរ មិនបានតម្រូវឲ្យមានការប៉ះគ្នាគ្រប់ការប្រកួតរវាងក្រុមទាំង១៣នោះឡើយ។ ដោយសារតែវិបត្តិកូវីដ-១៩ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា (CNCC) សម្រេចបែងចែកការប្រកួតជាពីរក្រុម តាមរយៈការចាប់ឆ្នោតឲ្យ៦ក្រុមដែលមានពិន្ទុខ្ពស់ជាងគេកាលពីជើងទីមួយប៉ះគ្នាដណ្តើមជើងឯក ហើយ៧ក្រុមផ្សេងទៀត ត្រូវតទល់គ្នាដើម្បីគេចផុតពីតំបន់កាត់ចោល។



បឹងកេតដែលជាម្ចាស់ជើងឯក ទទួលបានកៅអីនៅវគ្គជម្រុះតាមពូលក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២១។ ក្រុមដែលនៅលេខរៀងបន្តបន្ទាប់មាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ វិសាខា និងណាហ្គាវើលដ៍។

អង្គរថាយហ្គឺរ នៅចំណាត់ថ្នាក់លើគេក្នុងចំណោមក្រុមទាំង៧ខាងក្រោម ដោយនាំមុន គិរីវង់សុខសែនជ័យ នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត សលទីឡូអង្គរ និងអគ្គិសនីកម្ពុជា ខណៈយុវជនបាទី ត្រូវបានកាត់ចេញ។

-ជើងឯក៖ បឹងកេត រង្វាន់១៥០លានរៀល
-ជើងឯករង៖ ព្រះខ័នរាជស្វាយរៀង រង្វាន់៦០រៀល
-លេខបី៖ ភ្នំពេញក្រោន រង្វាន់៥០លានរៀល
-លេខបួន៖ កងយោធពលខេមរភូមិន្ទ រង្វាន់៤០លានរៀល

-ក្រុមលេងដោយយុត្តិធម៌ (Fair-play)៖ យុវជនបាទី រង្វាន់៨លានរៀល
-អាជ្ញាកណ្តាលល្អ៤រូប៖ រង្វាន់៨លានរៀល
-អ្នកចាំទីល្អ៖ ហ៊ុល គឹមហ៊ុយ (បឹងកេត) ៣លានរៀល
-គ្រូបង្វឹកល្អ៖ លោក គឹម ភក្តី (បឹងកេត) ៣លានរៀល
-អ្នកទាត់បញ្ជូលទីច្រើនជាងគេ (១៦គ្រាប់) ឬស្បែកជើងមាស៖ Jean Marie Privat Befolo MBarga (ព្រះខ័នរាជស្វាយរៀង) ៣លានរៀល
-កីឡាករល្អជាងគេ៖ ម៉ាត់ នូរុណ (បឹងកេត) ៣លានរៀល៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com