កីឡាអន្តរជាតិ
អន្តរជាតិ
Son ជា Top Scorer ឯ Kane ឈរកំពូលតារាងអ្នក Assist ច្រើន ក្រោយជួយ Spurs ឈ្នះ Burnley
× Son Heung-min និង Harry Kane នៅតែបន្តសហការគ្នាល្អឥតខ្ចោះ ក្នុងការរកគ្រាប់បាល់ឲ្យ Tottenham Hotspur យកឈ្នះ Burnley ១-០ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២៦ ខែតុលា។ Kane ជាអ្នកបញ្ជូនឲ្យ Son ដើម្បីសម្រេចទីគ្រាប់បាល់ជ័យជម្នះនេះ ខណៈខ្សែប្រយុទ្ធកូរ៉េខាងត្បូងឡើងទៅឈរកំពូលតារាងក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះ។
មិនត្រឹមតែបញ្ជូនបាល់ឲ្យដៃគូ ស៊ុតបញ្ចូលទីដើម្បីជួយក្រុមលោក Jose Mourinho ទទួលបាន៣ពិន្ទុបន្ថែមនោះទេ Kane ក៏បានកើនចំនួន assist ដល់ទៅ៨ដងលើសគេរដូវកាលនេះផងដែរ ក្នុងការបង្ហាញខ្លួនប្រកួត៦លើកចុងក្រោយនៃលីគកំពូលអង់គ្លេស។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះ ក៏រកគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លួនឯងចំនួន៥គ្រាប់ផងដែរ។
Son ខ្សែប្រយុទ្ធកូរ៉េខាងត្បូង វ័យ២៨ឆ្នាំ តាមរយៈការបញ្ជូនរបស់ Kane បានកើនគ្រាប់ស៊ុតដល់៨គ្រាប់ហើយ និងឡើងទៅឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាង (Top Scorers) បណ្តោះអាសន្ន ដោយនាំមុន Dominic Calvert-Lewin ខ្សែប្រយុទ្ធ Everton ដែលរកបាន៧គ្រាប់។ Patrick Bamford (Leeds United), Jamie Vardy (Leicester City) និង Mohamed Salah (Liverpool) រកបាន៦គ្រាប់ដូចគ្នា។
នេះ ក៏ជាលើកទី២៩ផងដែរដែល Kane និង Son រួមបញ្ចូលគ្នាដើម្បីរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមមាន់ខ្នាយមាសក្នុងក្របខណ្ឌ Premier League។
ជ័យជម្នះ ១-០ លើកក្រុម Burnley បាននាំ Spurs ទទួលបាន១១ពិន្ទុ ពីការប្រកួត៦លើក ឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយតាមពីក្រោយក្រុមកំពូលតារាង Everton ចំនួន២ពិន្ទុ៕
Tag:
Son Heung-min
Harry Kane
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com