អន្តរជាតិ
នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ស្នើ Facebook ឲ្យ​បិទ​ការផ្សាយ​មាតិកា​ដែល​នាំ​ឲ្យ​ស្អប់​សាសនា​ឥស្លាម​
27, Oct 2020 , 7:29 pm        
រូបភាព
លោកImran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ រូបភាព៖ AFP
លោកImran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ រូបភាព៖ AFP
ដោយ:
​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន នៅ​ថ្ងៃទី​២៥ តុលា​បាន​ផ្ញើលិខិត​ទៅ​លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook  ដើម្បី​ស្នើ​ឲ្យ​បណ្តាញ​សង្គម​មួយ​នេះ​ហាម​ការផ្សព្វផ្សាយ​មាតិកា​នៅលើ​បណ្តាញ​របស់ខ្លួន​ដែលមាន​លក្ខណៈ​ស្អប់ខ្ពើម និង​ប្រកាន់ពូជសាសន៍​ទៅលើ​អ្នក​កាន់សាសនា​ឥស្លាម​។

 
​ក្នុង​លិខិត​របស់​នាយករដ្ឋមន្ត្រី Imran Khan ផ្ញើ​ទៅ​លោក Mark Zuckerberg លើកឡើងថា ការកើនឡើង​ការ​ស្អប់ និង​ប្រកាន់ពូជសាសន៍​ទៅលើ​អ្នក​កាន់សាសនា​ឥស្លាម បណ្តាល​ឲ្យ​មានគំនិត​ជ្រុលនិយម និង​អំពើហិង្សា​នៅ​ជុំវិញ​ពិភពលោក​។ លោក​ថា គំនិត​ស្អប់​អ្នក​កាន់សាសនា​ឥស្លាម ត្រូវបាន​ចែករំលែក​តាមរយៈ​បណ្តាញ​សង្គម ជាពិសេស​តាមរយៈ Facebook ។​
 
«​ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​ហាម​ការផ្សព្វផ្សាយ​មាតិកា​ដែល​ស្អប់​សាសនិក និង​សាសនា​ឥស្លាម​លើ Facebook ដូច​ទៅនឹង​អ្វីដែល​អ្នកធ្វើ​ទៅលើ​ការផ្សព្វផ្សាយ​ជុំវិញ​អំពើ​ប្រល័យពូជសាសន៍​ជនជាតិ​ជ្វី​ហ្វ​នៅ​អឺរ៉ុប​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Imran Khan ក្នុង​លិខិត​ខាងលើ​។ 
 
Facebook បាន​អះអាង​កាលពី​ខែ​មុន​ថា នឹងធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​របស់ខ្លួន ដោយ​ហាម​ការផ្សាយ​មាតិការ​ទាំងឡាយណា​ដែល​មិន​ទទួលស្គាល់​ការ​ប្រល័យពូជសាសន៍​ជនជាតិ​ជ្វី​ហ្វ ៦​លាន​នាក់​ក្នុង​សង្គ្រាមលោកលើកទី​២​។​
 
​លោក Khan អះអាងថា ការបន្ត​ឲ្យ​ផ្សព្វផ្សាយ​មាតិកា​ទាំងនោះ បង្ហាញ​ពី​ការប្រកាន់​ពូជសាសន៍ និង​លម្អៀង និង​នាំ​ឲ្យ​មានគំនិត​ជ្រុលនិយម​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters​។ នាយករដ្ឋមន្ត្រី​ប្រទេស​កាន់សាសនា​ឥស្លាម​ធំ​មួយ​រូបនេះ ក៏បាន​សំដៅ​ដល់​ការ​ស្អប់​សាសនា​មួយ​នេះ​ទៅនឹង​ស្ថានការណ៍​នៅ​បារាំង ដែល​ឥស្លាម​ត្រូវបាន​ភ្ជាប់​នឹង​ភេរវ​និយម​។ លោក​និយាយថា ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង វាយប្រហារ​សាសនា​ឥស្លាម ព្រោះ​លោក ម៉ា​ក្រុង បាន​លើកទឹកចិត្ត​ឲ្យ​គេ​បង្ហាញ​រូបគំនូរ​ត្លុក​ដែលមាន​លក្ខណៈ​ចំអក​ឲ្យ​ព្យា​ការី មហា​ម៉ា​ដ​។​
 
​ការលើកឡើង​ជុំវិញ​ការ​ស្អប់​លើ​សាសនិក និង​សាសនា​ឥស្លាម​នេះ​កើតឡើង ក្រោយពេល​ប្រធានាធិបតី​បារាំង​ចូលរួម​ពី​ធី​បញ្ចុះសព​របស់​គ្រូ​ប្រវត្តិវិទ្យា​មួយរូប ដែល​ត្រូវបាន​ជន​ជ្រុលនិយម​ម្នាក់​កាត់​ក្បាល ជាការ​សងសឹក​ចំពោះ​ការប្រើប្រាស់​រូប​ត្លុក​ព្យា​ការី មហា​ម៉ា​ដ ក្នុង​មេរៀន​ស្តីពី​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​។​
 
​ប្រធានាធិបតី​បារាំង អះអាងថា លោក​មិន​ហាម​ការផ្សព្វផ្សាយ​រូប​ត្លុក​ដែលមាន​លក្ខណៈ​ប្រមាថ​ព្យា​ការី​សាសនា​ឡើយ ដោយ​លោក​លើក​ហេតុផល​ថា វា​ត្រូវបាន​ការពារ​ដោយ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ លើសពីនោះ លោក ម៉ា​ក្រុង ក៏​លើកឡើង​ផងដែរ​ថា ឥស្លាម គឺជា​សាសនា​ដែល​កំពុងមាន​វិបត្តិ​៕
 
 

Tag:
 ប៉ា​គី​ស្ថាន​
  ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com