ជាតិ
សង្គមជាតិ
ទ័ព​មួក​ខៀវ​កម្ពុជា​៧៣​នាក់ ត្រូវ​បញ្ជូនទៅ​ស៊ូដង់​ខាងត្បូង ខណៈ​៧៣​នាក់ ត្រូវ​មកវិញ​
27, Oct 2020 , 8:29 pm        
រូបភាព
ទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិសុខនៅស៊ូដង់ខាងត្បូង នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
ទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិសុខនៅស៊ូដង់ខាងត្បូង នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
​​ទ័ព​មួក​ខៀវ​កម្ពុជា​៧៣​នាក់ (​ស្ត្រី​២៨​នាក់​) បាន​ចាក​ចេញពី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ដើម្បី​បំពេញបេសកកម្ម​រក្សា​សន្តិសុខ​នៅ​ប្រទេសមួយ​នេះ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ ទន្ទឹមនេះ ទ័ព​មួក​ខៀវ​កម្ពុជា​៧៣​នាក់ ដែល​ដល់ពេល​បញ្ចប់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង ត្រូវ​វិល​មក​កម្ពុជា​វិញ ដែល​ហៅថា​ជាការ​ប្តូរ​វេន​គ្នា​។


​អ្នកស្រី កុសល ម៉ា​លីន​ដា អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទ័ព​មួក​ខៀវ​កម្ពុជា​ទាំង​៧៣​នាក់ ដែល​បញ្ចប់​បេស​សកម្ម​នៅ​ស៊ូដង់​ខាងត្បូង ត្រូវ​មកដល់​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា​នេះ​។ អ្នកស្រី បន្តថា ពេលមកដល់​កម្ពុជា ក្រុមគ្រូពេទ្យ នឹង​យក​សំណាក​របស់​ពួកគេ ទៅពិនិត្យ​រក​មេរោគ​កូ​វីដ​-១៩ ហើយ​ពួកគេ នឹងត្រូវ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ 
 
​អ្នកស្រី បន្ថែមថា ចំពោះ​កងទ័ព​មួក​ខៀវ​កម្ពុជា​៧៣​នាក់ ដែល​ប្តូរ​វេន​ទៅ​បំពេញបេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង សុទ្ធតែ​ត្រូវបាន​ធ្វើតេស្ត ហើយ​លទ្ធផល គឺ​ពួកគេ មិនមាន​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ ជាមួយគ្នានេះ អ្នកស្រី អះអាងថា មួក​ខៀវ​កម្ពុជា​មួយចំនួន ដែល​ឆ្លង​កូ​វីដ​-១៩​កន្លងមក បានជា​សះស្បើយ​អស់ហើយ​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​ចូលរួម​ជូន​ដំណើរ​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង​៧៣​នាក់ ដែល​ទៅ​បំពេញបេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​។ គេហទំព័រ​ក្រសួង​ព័ត៌មាន ផ្សាយ​ថា ក្នុងឱកាស​នៃ​ការជូន​ដំណើរ​នោះ លោក សែម សុវណ្ណនី បាន​ក្រើនរម្លឹក​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​ចេញទៅ​បំពេញបេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង និង​ទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ផ្សេងទៀត ឲ្យ​ថែ​ទាំង​សុខភាព ហើយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល តាម​ការណែនាំ​របស់​ម​ន្ត្រី​អង្គការសហប្រជាជាតិ តាម​ការណែនាំ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តាម​ការណែនាំ​របស់​ក្រសួងការពារជាតិ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​
 
​កន្លងមក កងទ័ព​មួក​ខៀវ​កម្ពុជា​១១​នាក់ នៅ​ប្រទេស​ម៉ាលី បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ក្នុងចំណោម​១១​នាក់​នោះ មាន​១០​នាក់ បានជា​សះស្បើយ​វិញ តែ​ជា​អកុសល មាន​ម្នាក់ គឺ​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី វ័យ​៦៣​ឆ្នាំ បានទទួល​មរណភាព កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២០​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ  អ្នកនាំពាក្យ​ក្រសួងការពារជាតិ បង្ហាញ​តួលេខ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២០ ថា កងកម្លាំង​មួក​ខៀវ​កម្ពុជា មាន​៥​កង ហើយ​មាន​ចំនួន​សរុប​៧៨៧​នាក់ (​នារី​៧៦​នាក់​) ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិសុខ នៅ​ប្រទេស​ទាំង​៥ គឺ លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង អាហ្វ្រិក​កណ្តាល​៕  

Tag:
 ​ទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com